សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ឃាតក​សម្លាប់​សមាជិក​គ្រួសារ​៤​នាក់​នៅ​កំពង់ចាម

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​នៅ​ខេត្ត​កំពង់ចាម នៅ​តែ​បង្ហាញ​ក្តី​បារម្ភ ខណៈ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​បច្ចុប្បន្ន បាន​រីក​រាលដាល​ទៅ​ជា​អំពើ​ឃាតកម្ម​ដែល​មាន​លក្ខណៈ​សាហាវ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់ពី​មាន​ករណី​អំពើ​ហិង្សា​នៅ​ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ខែត្រ​កំពង់ចាម កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា រហូត​ឈាន​ទៅ​សម្លាប់​សមាជិក​គ្រួសារ​អស់​ចំនួន ៤​នាក់ និង​របួសធ្ងន់​ម្នាក់។

សមត្ថកិច្ច​ស្រុក​ចម្ការលើ ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តាម​ស្វែងរក​ជនល្មើស​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ក្រោយ​ពេល​ជន​ដៃ​ដល់​រូប​នោះ​សម្លាប់​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​រួច​ហើយ​ក៏​រត់​គេច​ខ្លួន​បាត់។

ករណី​ឃាតកម្ម​នេះ កើត​ឡើង​នៅ​ភូមិ​ពែងមាសជើង ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ដែល​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ខណៈ​ជនល្មើស​ស្រវឹង ហើយ​ឈាន​ទៅ​កាប់​ប្រពន្ធ កូន​ពីរ​នាក់ ព្រម​ទាំង​ម្ដាយ​ក្មេក​បណ្ដាល​ឱ្យ​ស្លាប់ និង​ឪពុកក្មេក​ម្នាក់​ទៀត​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ។

អធិការ​នគរបាល​ស្រុក​ចម្ការលើ លោក អ៊ិត ដារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា សមត្ថកិច្ច​កំពុង​ចាត់ចែង​កម្លាំង​កសាង​សំណុំរឿង ព្រមទាំង​តាម​ស្វែង​រក​ជន​ដៃដល់​ដែល​បាន​រត់គេច​កាល​ពី​យប់​កើត​ហេតុ។ លោក​បន្ត​ថា ករណី​នេះ​ជា​អំពើ​ហិង្សា ហើយ​រហូត​ឈាន​ទៅ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​ឈ្មោះ អេង ធី ភេទ​ប្រុស បាន​សម្លាប់​ប្រពន្ធ​កូន​ខ្លួន​ឯង ម្ដាយ​ក្មេក ឪពុកក្មេក រង​របួស​ធ្ងន់៖ «ករណី​ហ្នឹង​បើ​យើង​ពិនិត្យ​ទៅ បើ​មិន​មាន​របួស​មាន​អី គឺ​ករណី​ហិង្សា​នៅ​ក្នុង​គ្រួសារ​ទេ ប៉ុន្តែ​ដល់​ស្លាប់​អ៊ីចឹង គឺ​ជា​ករណី​ឃាតកម្ម ហើយ​គិត​ទុក​ជា​មុន​ទៀត»

ជនរងគ្រោះ​ដែល​ស្លាប់ រួម​មាន​អ្នកស្រី ចន្ទី ធានី ជា​ប្រពន្ធ​របស់​ជន​ដៃដល់ កុមារី ស៊ុយ ស៊ាងហ៊ី និង កុមារា ស៊ុយ ស៊ីហា ជា​កូន​ជន​ដៃដល់ អ្នកស្រី ម៉ៅ យាង ត្រូវ​ជា​ម្ដាយក្មេក។ ចំណែក​អ្នក​រង​របួស​ធ្ងន់ គឺ​លោក សា្វយ សាខន ត្រូវ​ជា​ឪពុកក្មេក​ជនល្មើស ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ពឺ មក​ពី​គណបក្ស សម រង្ស៊ី ផង។

ស្វាយ សាខន ៦២០
ជនរងគ្រោះ លោក ស្វាយ សាខន ដែល​ត្រូវ​កូនប្រសា​កាប់​ឲ្យ​របួស​ធ្ងន់ សម្រាក​ព្យាបាល​នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phan Yasy

សមាជិក​គ្រួសារ​ជនរងគ្រោះ​ម្នាក់ លោក ចន្ទី វាសនា ត្រូវ​ជា​កូនប្រុស​លោក ស្វាយ សាខន ឱ្យ​ដឹង​ថា បងថ្លៃ​របស់​ខ្លួន គឺ​តែង​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​រាល់​ពេល​ផឹក​ស្រា តាំង​ពី​បងស្រី​របស់​ខ្លួន​ទើប​តែ​បាន​កូន​មួយ​មក​ម្ល៉េះ។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​កើត​ហេតុ បងស្រី​របស់​លោក​បាន​ព្យាយាម​ទៅផ្ទះ​ឪពុក​ម្ដាយ​បង្កើត ពីព្រោះ​ដឹង​ថា ពេល​ប្ដី​មក​ពី​ផឹក​វិញ​នឹង​ប្រើប្រាស់​អំពើ​ហិង្សា​មិន​ខាន។

ប្រភព​ដដែល​យល់​ថា ប្រហែល​បង​ថ្លៃ​នោះ​មាន​កំហឹង​ជាមួយ​ក្រុម​គ្រួសារ​ខ្លួន​ផង ពីព្រោះ​កន្លង​មក ឪពុក​របស់​លោក​ធ្លាប់​ហៅ​សមត្ថកិច្ច​ទៅ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កន្លង​មក៖ «ខ្ញុំ​មាន​សំណូមពរ​តែមួយ​គឺ​ចាប់​ឃាតក​ឱ្យ​បាន ចាប់​ញាត់​គុក​ឱ្យ​បាន»

​ទាក់ទង​អំពើ​ឃាតកម្ម​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មើល​ឃើញ​ថា ដោយសារ​តែ​ឥទ្ធិពល​ស្រា​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់​បាត់បង់​ការ​ទទួល​ខុស​ត្រូវ​រហូត​ឈាន​ទៅ​សម្លាប់​សមាជិក​គ្រួសារ​របស់​ខ្លួន​យ៉ាង​ច្រើន​បែប​នេះ។ លោក​បារម្ភ​ថា អំពើ​ឃាតកម្ម​ធ្ងន់ធ្ងរ​បែប​នេះ ងាយ​កើត​ឡើង​ម្ដង​ទៀត ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត ហើយ​ប្រសិនបើ​សមត្ថកិច្ច​មិន​អាច​ចាប់​ខ្លួន​ជនល្មើស​បាន​ទេ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​បារម្ភ​ខ្លាច​តែ​ឃាតកម្ម​មួយ​ដែល​សាហាវ​អ៊ីចឹង​ទៅ ក្រោយ​មក​ទៀត​កើត​ឡើង​ទៀត»

​បន្ថែម​ពី​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ជា​រឿង​មួយ​គួរ​ឱ្យ​បារម្ភ ខណៈ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កាន់តែ​មាន​ភាព​សាហាវ។ លោក​បន្ត​ថា មាន​កត្តា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង ដូចជា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ថ្នាំ​ញៀន កត្តា​ក្រីក្រ គ្មាន​ចំណេះដឹង ការ​មិន​ព្រម​ចូល​រួម​ទប់ស្កាត់​ទាំង​អស់​គ្នា​ដោយ​គិត​ថា មិន​មែន​ជា​រឿង​គ្រួសារ​របស់​ខ្លួន រួម​នឹង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅ​ខ្វះ​ចន្លោះ​ផង៖ «ច្បាប់​វា​នៅ​លើ​ក្រដាស​ទេ ហើយ​អ្វី​ដែល​មាន​ប្រសិទ្ធភាព​គឺ​ការ​អនុវត្ត»

របាយការណ៍​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០១៥ បង្ហាញ​ថា ករណី​ហិង្សា​នៅ​ក្នុង​គ្រួសារ ហើយ​ឈាន​ទៅ​ជា​អំពើ​ឃាតកម្ម គឺ​មាន ៤​ករណី​ធំៗ រួម​ទាំង​ករណី​នៅ​ស្រុក​ចម្ការលើ ផង ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ១១​នាក់​ស្លាប់ ក្នុង​នោះ​ជនរងគ្រោះ​ភាគ​ច្រើន​ជា​កូន ប្រពន្ធ និង​ម្ដាយ។

ជុំវិញ​ករណី​ឃាតកម្ម​នៅ​ស្រុក​ចម្ការលើ ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​ភ្លាមៗ ដោយ​សម្ដែង​ក្ដី​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​លោក ស្វាយ សាខន ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ពឺ គណបក្ស សម រង្ស៊ី។ ក្នុង​លិខិត​ក៏​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​គ្រប់​ជាន់​ថ្នាក់ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី​ធ្វើ​បុណ្យ​សព និង​សម្រាប់​ព្យាបាល​អ្នក​រង​របួស​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន។

សមាជិក​ក្រុម​គ្រួសារ​អ្នក​ស្លាប់​បញ្ជាក់​ថា សព​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ព្រមទាំង​ត្រូវ​យក​ទៅ​បញ្ចុះ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ធ្នូ ពីព្រោះ​តែ​មិន​អាច​រក្សាទុក​នៅ​ផ្ទះ​បាន​យូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។