ប៉ូលិសអន្តោប្រវេសន៍​៖ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ប៉ូលិស ឃាត់ខ្លួន និង​បណ្តេញចេញ​ជនបរទេស ជាង ៥.០០០ នាក់ ចេញពី​កម្ពុជា​

ភ្នំពេញ: ​របាយការណ៍​របស់​ប៉ូលិសអន្តោប្រវេសន៍ បានបង្ហាញ​ពី​ស្ថិតិ​ជនបរទេស​សរុប ដែល​ប៉ូលិសអន្តោប្រវេសន៍ បាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ចំនួន ៥.៦១៩ នាក់​។ ក្នុងនោះ មាន​ស្ត្រី ៨៣០ នាក់ និង​មាន ៤៨ សញ្ជាតិ និង​មាន​ជនជាតិ​វៀតណាម ច្រើនជាងគេ រហូតដល់​ចំនួន ៤.៩៣៩ នាក់ ដោយមាន​ស្ត្រី ៧៦០ នាក់​។​

​របាយការណ៍ ចុះ​ថ្ងៃទី​១​ធ្នូ របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បាន​បង្ហាញ​ស្ថិតិ​ជនបរទេស ដែល​បាន​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ គឺមាន​ចំនួន​សរុប ៤.៣១២ នាក់​។ ក្នុងនោះ មាន​ស្ត្រី ៥៥៣ នាក់ និង​មាន​ចំនួន ៤៨ សញ្ជាតិ ហើយ​ជនជាតិ​វៀតណាម មាន​ច្រើនជាងគេ រហូតដល់​ចំនួន ៣.៨៨០ នាក់ និង​មាន​ស្ត្រី ៥១៥ នាក់​។​

​របាយការណ៍ ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បាន​បង្ហាញ​ពី​ស្ថិតិ​ជនបរទេស ដែល​បាន​បណ្តេញចេញ​ប្រចាំឆ្នាំ​២០១៤ គឺមាន​ចំនួន ១.៣០៧ នាក់ ក្នុងនោះ មាន​ស្ត្រី ២៧៧ នាក់ មាន​ចំនួន ២៤ សញ្ជាតិ​។ ក្នុង​ចំនួន​នោះ គឺមាន​ជនជាតិ​វៀតណាម ១.០៥៩ នាក់ ដោយមាន​ស្ត្រី ២៤៥ នាក់​៕​