ពលរដ្ឋ​ឃុំ​ខ្វាវ​ខេត្ត​សៀមរាប​ត្អូញត្អែរ​រឿង​ដី​ហុយ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ចិន​បើកបរ​ឡាន​ធំៗ

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រួស​ក្រហម​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង កំពុង​ទទួល​រង​ការ​ប៉ះពាល់​សុខភាព ព្រម​ទាំង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​ផង ដោយសារ​តែ​ជា​រៀង​រាល់​ថ្ងៃ ធូលី​ដី​ដែល​ក្រាល​លើ​ផ្លូវ​មាន​សភាព​ហុយ​ខ្លាំង។

វិបត្តិ​នេះ បាន​កើត​មាន​ឡើង​តាំង​តែ​ពី​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​មាន​ក្រុមហ៊ុន​ចិន ប្រើ​រថយន្ត​ធំៗ​បើកបរ​ចូល​ទៅ​ដឹក​ជញ្ជូន​ថ្ម​ភ្នំ​ចេញ​ពី​ក្បែរ​តំបន់​ដែល​ពួក​គេ​រស់នៅ។

ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​ឃុំ​ខ្វាវ ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​ក្រុមហ៊ុន​ចិន ដែល​កំពុង​ប្រើ​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង បើកបរ​ដឹក​ថ្ម​ជា​រៀង​រាល់​ថ្ងៃ ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ដី​ហុយ​ខ្លាំង​ត​ទៅ​ទៀត។ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​នេះ​នៅ​ពេល​ណា​មួយ។

ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ ក្រុមហ៊ុន​ចិន ដែល​គេ​មិន​ស្គាល់​ឈ្មោះ កំពុង​ប្រើ​រថយន្ត​ធំ​ដឹក​ជញ្ជូន​ថ្ម​ចេញ​ពី​តំបន់​ពួក​គេ​រស់នៅ ទៅ​កាន់​តំបន់​ផ្សេង​ទៀត ធ្វើ​ឲ្យ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ហុយ​ដី​ខ្លាំង។

បុរស​អ្នក​ភូមិ​ខ្វាវ ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ជាច្រើន​ទៀត​នៃ​ឃុំ​ខ្វាវ គឺ​លោក ឡុង យាន។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ថា ក្រុមហ៊ុន​ចិន ដែល​ប្រើ​រថយន្ត​ធំៗ​ដឹក​ថ្ម បាន​ធ្វើ​ឲ្យ​ដី​ហុយ រំខាន​ដល់​ការ​រស់នៅ​របស់​លោក និង​អ្នក​ភូមិ​ជា​ថ្មី​ទៀត។ បុរស​ដដែល​ឲ្យ​ដឹង​ថា រូប​លោក និង​ប្រជាពលរដ្ឋ កំពុង​ទទួល​រង​ការ​ប៉ះពាល់​ការ​រស់នៅ និង​សុខភាព​យ៉ាង​ខ្លាំង​ពី​ដី​ហុយ​នេះ៖ «អូ! លោក​ច្រើន​ណាស់​ឡាន ៧-៨ ទៅ ១០​គ្រឿង រត់​វាស់ៗ​ល្ងាច​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច។ រំខាន​ណាស់​តាំង​ពី​ការ​ដក​ដង្ហើម ការ​ហូប​ចុក តាំង​ពី​ការ​ធ្វើ​ដំណើរ​ទៅ​មក»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ដែល​រស់នៅ​តាម​ភូមិ​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​នេះ ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ គឺ​សុទ្ធ​តែ​បាន​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ដី​ហុយ​ជា​រៀង​រាល់​ថ្ងៃ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​នោះ ធ្លាប់​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ សៀងហៃ អាច​បើក​រថយន្ត​ធំៗ​ឆ្លង​កាត់​ម្ដង​មក​ហើយ ដោយសារ​តែ​ធ្វើ​ឲ្យ​ដី​ហុយ​ខ្លាំង​នេះ ក៏ប៉ុន្តែ​បញ្ហា​បាន​ដោះស្រាយ​ទៅ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ចិន ឈ្មោះ សៀងហៃ យក​ទឹក​ទៅ​ស្រោច​ផ្លូវ​ក្នុង​មួយ​ថ្ងៃ ៣​ដង កុំ​ឲ្យ​ដី​ហុយ។ លុះ​ក្រុមហ៊ុន​ចិន សៀងហៃ បាន​ចេញ​ទៅ ហើយ​ប្ដូរ​ក្រុមហ៊ុន​ចិន​ផ្សេង​មក​ធ្វើ​ការ​នៅ​កន្លែង​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដី​ហុយ​ជា​ថ្មី​ទៀត។

ជំទប់​ទី​២ ឃុំ​ខ្វាវ លោក វ៉ាត ណន ទទួល​ស្គាល់​ថា រយៈពេល ៤-៥​ថ្ងៃ​មក​នេះ ឡាន​របស់​ក្រុមហ៊ុន​ចិន​ធំៗ បាន​បើក​ដឹក​ថ្ម​ធ្វើ​ឲ្យ​ដី​ហុយ​ខ្លាំង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​មិន​ទៅ​សាលា​រៀន​ទៀត​ផង។ ទោះ​យ៉ាង​ណា ជំទប់​ទី​២ ឃុំ​ខ្វាវ បញ្ជាក់​ថា លោក​មិន​មាន​សមត្ថភាព​ដើម្បី​បញ្ឈប់​បញ្ហា​ធ្វើ​ឲ្យ​ដី​ហុយ​នេះ​បាន​ទេ។

គ្រូពេទ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក ញាណ សារិន សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​ប្រជាពលរដ្ឋ ដែល​កំពុង​ប៉ះពាល់​ដោយសារ​ដី​ហុយ​នេះ។ លោក ញាណ សារិន ពន្យល់​ថា ឥទ្ធិពល​នៃ​ដី​ហុយ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជាច្រើន​ផ្នែក ដូចជា រលាក​បំពង់​ក ច្រមុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ព្រម​ទាំង​ភ្នែក​ផង៖ «ឲ្យ​តែ​ប្រព័ន្ធ​ដក​ដង្ហើម​ប៉ះពាល់​ទាំងអស់ ធ្វើ​ឲ្យ​កើត​ហឺត ជំងឺ​សួត។ ទី​៣ ខូច​ក្រពះ និង​ចុង​ក្រោយ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​មហា​រីក​ក៏​មាន»

ក្រៅ​ពី​ដី​ហុយ​ខ្លាំង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​ផ្នែក​នេះ អ្នក​ភូមិ​ក៏​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ទៅ​លើ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​ដែរ។ អ្នក​ភូមិ​អះអាង​ថា កាល​ពី​ខែ​មុន អ្នក​ភូមិ​ម្នាក់​ត្រូវ​ឡាន​កិន​ស្លាប់ នៅ​ពេល​កំពុង​បើក​ម៉ូតូ​លើ​ដង​ផ្លូវ ហើយ​ដី​ហុយ​ខ្លាំង​មើល​គ្នា​មិន​ឃើញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។