សង្គម​ស៊ីវិល​ថ្កោលទោស​ពលរដ្ឋ​វៀតណាម​ប្រើ​ហិង្សា​វាយ​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​ស្វាយរៀង

អង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ពលរដ្ឋ​វៀតណាម ដែល​ប្រើ​ហិង្សា​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង នៅ​ខេត្ត​ស្វាយរៀង ម្នាក់​ឲ្យ​រង​របួស​ក្បាល​ជា​ទម្ងន់ ថា​ជា​ការ​មាក់ងាយ​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា។ ការ​ថ្កោលទោស​នេះ នៅ​បន្ទាប់​ពី​ឃើញ​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ជនជាតិ​វៀតណាម ចូល​មក​វាយ​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​ក្នុង​ក្រុង​បាវិត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​ប្រចាំ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា មិន​គួរ​ដោះស្រាយ​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះ​ទេ ជុំវិញ​ករណី​ពលរដ្ឋ​វៀតណាម ម្នាក់ ស្ទុះ​ចូល​មក​វាយ​តប់​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ដោយ​មិន​អនុវត្ត​តាម​ច្បាប់​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ដទៃ មើលងាយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ច្បាប់​របស់​កម្ពុជា ត​ទៅ​ទៀត៖ «»។

កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ជនជាតិ​វៀតណាម ម្នាក់​ដែល​ស្រវឹង​ស្រា បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​វាយ​លោក​អនុសេនីយ៍ឯក ម៉ុំ ដារា នាយ​ប៉ុស្តិ៍​ច្រក​របៀង​២០១ បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ បន្ទាប់​ពី​លោក​ឃាត់​ដើម្បី​សួរ​នាំ និង​ពិនិត្យ​បែបបទ​រដ្ឋបាល​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ថា ជន​ដៃ​ដល់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ភាគី​ខាង​វៀតណាម សុំ​ចរចា​ដើម្បី​សម្រុះសម្រួល​បញ្ចប់​រឿង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​ប្រើ​ហិង្សា​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​សម្រប​សម្រួល​បាន​ឡើយ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ខ្មែរ​អាច​សម្រុះសម្រួល​គ្នា​វិញ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​មិត្តភាព ឬ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ៖ «»។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ រូប​នេះ សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ហាក់​ដូចជា​ពុំ​សូវ​គោរព​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា នោះ​ទេ គឺ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី មាន​ទាំង​ម៉ូតូ​ស្លាក​លេខ​វៀតណាម និង​លក់​សន្លឹក​ឆ្នោត​បែប​អនាធិបតេយ្យ​ទៀត​ផង។ ទង្វើ​ជនជាតិ​វៀតណាម នេះ គឺ​ខុស​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព និង​ខ្លាច​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។