ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ចោរឆក់​ទូរស័ព្ទដៃ​ម្នាក់​ក្នុងចំណោម​បក្សពួក ៥ នាក់​

Sanofi

នាពេល​បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​តែង​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ និង អំពើចោរកម្ម​ផ្សេង ៗ​ជាច្រើន​ទៀត ដែល​កំពុងតែ​មានការ​កើនឡើង​ទាំង​ថ្ងៃ ទាំងយប់ ដោយសារ​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជា​ក្រុមៗ​តែម្តង​តែងតែ​ដើរ​ធ្វើ​សកម្មភាព​ទាំងនោះ ។ ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​មាន​គ្នា​រហូតដល់​ទៅ ៥ នាក់ និង ជិះ​ម៉ូតូ​ចំនួន ៣ គ្រឿង បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក I phone 6 មួយគ្រឿង​ពី​ស្ត្រី​ម្នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ធ្វើការ​ឃាត់ខ្លួន​បាន​ផងដែរ កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង ១១ និង ៤៥ នាទី​ថ្ងៃត្រង់ នៅខាងមុខ​វត្ត​កៅ​ដាយ ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។

​​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជនសង្ស័យ​មានឈ្មោះ ស្រ៊ុន ពិសី អាយុ ២២​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ពេលដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក I phone 6 ពី​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ជិះ​ម៉ូតូ​និយាយ តាមផ្លូវ​នោះ ។ មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក មួយគ្រឿង​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែងកើតហេតុ ក៏មាន​ក្រុមយុវជន​ស្ទាវ​មួយក្រុម​មាន​គ្នា​ចំនួន ៥ នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ម៉ាក​ហុងដា សេ​១២៥ ចំនួន ៣ គ្រឿង ឡោមព័ទ្ធ​ជុំវិញ ។

តាម​ប្រភព​ដដែល​ក៏បាន​បន្តទៀតថា ពេលនោះ​ក៏មាន​ជនសង្ស័យ​ចំនួន ២ នាក់​ជិះ​ម៉ូតូ​ធុន សេ ១២៥ ព៌​ណ​ខ្មៅ មួយគ្រឿង​មក​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក I phone 6 ពណ៌​មាស ពី​ដៃ​នារី​រងគ្រោះ បាន​ហើយ​បម្រុង​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន ក៏ត្រូវ​នាង​ស្រែកថា «​ចោរៗ​»​ឡើង និង ជិះ​ម៉ូតូ​ដេញតាម ។ នារី​រងគ្រោះ​ធ្វើការ​ដេញតាម​ក្រុម​ជនសង្ស័យ​នោះ​មិនបាន​ប៉ុន្មាន​ពី​កន្លែងកើតហេតុ នាង​ក៏បាន​ជិះ​ម៉ូតូ​តាម​ទាន់ និង បុក​បណ្តាលឱ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​តែម្នាក់ឯង​ដួល ស្របពេលនោះ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ទំនប់ទឹក​ក៏បាន​មកដល់ និង ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​តែម្តង ចំណែកឯ​បក្សពួក​រប​ស់​គេ ២ ម៉ូតូ​ទៀត ដែលមាន​គ្នា ៤ នាក់​នោះ បាន​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​គេចខ្លួន​បាត់អស់ ។​

​ក្រោយពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​រូបនោះ រួមទាំង​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព​ទៅធ្វើ​ការសាកសួរ និង បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្ត ទៀត ៕ ភ្នាក់ងារ​នៅ​ភ្នំពេញ (​ប្រភពពី TV5)

Related