សន្និសីទ​អាកាសធាតុ៖ ​បន្ទាប់ពី​ពាក្យសម្តី​ពិរោះៗ ​ដល់ពេល​ត្រូវ​ចរចាគ្នា​លើ​ចំណុច​​ចម្រូងចម្រាស

បន្ទាប់​ពី​សុន្ទរកថា​មេដឹកនាំ​ក្នុង​ពីធីបើក កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស បាន​ចាប់ផ្តើម​ដំណាក់កាល​ថ្មី និង​ស្មុគស្មាញ នៅថ្ងៃ​អង្គារ​នេះ គឺ​ការ​ចរចា​ទៅលើ​កិច្ចព្រមព្រៀង ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី កើនឡើង​លើសពី ២អង្សា និង​​ស្វែងរក​កញ្ចប់​ថវិកា​ពី​សំណាក់​ប្រទេស​អភិវឌ្ឍ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ។ នៅ​ក្នុង​ពិធី​បើក កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ គេ​សង្កេតឃើញ​ថា ប្រមុខដឹកនាំ​ប្រទេស​ទាំង ១៥០ សុទ្ធតែ​បាន​បង្ហាញ​នូវ​សុឆន្ទៈ និង​ការសន្យា​ល្អៗ ក៏ប៉ុន្តែ ពាក្យសម្តីពិរោះៗ​នៅ​ក្នុង​សុន្ទរកថាថា​បើក​កម្មវិធី គឺ​ជារឿងមួយ ឯ​ការចរចា​​លើ​សំណុំរឿង​ជាក់ស្តែង ជាពិសេស លើ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ដែល​ត្រូវ​អនុវត្ត​ជាក់ស្តែង វា​គឺ​ជា​រឿង​មួយទៀត។