ចាប់ផ្តើម​យកលុយ នៅ​ផ្លូវ​វេ​ង​ស្រេង នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង នា​ព្រឹក​ថ្ងៃទី​១​ធ្នូ​នេះ​

ភ្នំពេញ: នៅ​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម យកលុយ​ពី​ឡាន ដែល​ឆ្លងកាត់ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នា​ថ្ងៃទី​១ ខែធ្នូ​នេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​យ៉ាងខ្លាំង​។ ការកកស្ទះ​ខ្លាំង​នោះ គឺ​នៅ​ចំណុច​បញ្ជរ​បង់ប្រាក់ នៅ​ជិត​កែង​ច្រមុះជ្រូក​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ​។​

​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​ក្រុមហ៊ុន​ឯកជន យកលុយ​ពី​ឡាន​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​។ ឡាន​គ្រួសារ​តូចៗ ត្រូវ​បង់ ១០០០ រៀល​។ ឡាន​ប្រភេទ ១២ កៅអី ដល់ ២៤ កៅអី បង់ ២០០០ រៀល ឡាន​ប្រភេទ ២៥ កៅអី​ឡើងទៅ ត្រូវ​ង់​លុយ ៤០០០ រៀល រីឯ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ចា់បពី ២,៥ តោន​ឡើងទៅ បង់លុយ ៨០០០ រៀល និង​រថយន្ត​សណ្តោង បង់លុយ ១​ម៉ឺន​រៀល​។​

​ការបង់ថ្លៃ​ផ្លូវ​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​ខាងលើនេះ គឺ​គិតពី​ឆ្នាំ​ទី​១ ដល់​ឆ្នាំ​ទី​៩​។ ចំណែក​ចាប់ពី​ឆ្នាំ​១០ ដល់​ឆ្នាំ​ទី​៣០ គឺ​ត្រូវ​តម្លើង ៥០០ រៀល ទៅ ២០០០ រៀល លើ​ថ្លៃ​ប្រភេទ​ឡាន​ខាងលើ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា សាលា​រាជធានី​ភ្នំពេញ បាន​ចុះកិច្ចសន្យា​សម្បទាន​ថ្មី​ជាមួយនឹង​ក្រុមហ៊ុន ភ្នំពេញ ថូ​ល​វេ ដើម្បី​សាងសង់​ពង្រីក​ផ្ឡុ​វ​វេ​ង​ស្រេង ចាប់ពី​សួន​ចោមចៅ ដល់​ច្រមុះជ្រូក​ស្ទឹង​មាន​ច័យ ដោយ​ធ្វើការ​ពង្រីក​ទំហំ​ទទឹង ១០ ម៉ែ​ទ្រ ទៅ ២៥ ម៉ែត្រ ប្រវែង ៦៥០០ ម៉ែត្រ ដោយ​ចាក់​បេតុង កម្រាស់ ២០ សង់ទីម៉ែត្រ​។ ក្នុងនោះ ក៏មាន​ការរៀបចំ​ចិញ្ចើមផ្លូវ សួន​កណ្តាល ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ដាក់​ស្លាក​សញ្ញា​ចរាចរ គំនូសចរាចរ ភ្លើង​សញ្ញា​ចរាចរ និង​ដាក់លូ​ទំហំ ១,៥ ម៉ែត្រ ដោយ​ត្រូវ​ចំណាយ​ទុនវិនិយោគ ចំនួន ១០.៥៧៦.០០០ ដុល្លារ​អាមេរិក​។​

​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា "​ដោយ​ក្រុមហ៊ុន បាន​ចំណាយ​ទុនវិនិយោគ​ថ្មី ដូច​បាន​ជម្រាបជូន​ខាងលើ សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន យក​តម្លៃ​សេវា​ថ្មី លើ​យានយន្ត ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​វិនិយោគ​នេះ តាម​តារាង​តម្លៃ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ តទៅ​"​។​

​សូម​រម្លឹកថា កាលពី​នៅ​ក្រុមហ៊ុន​ចាស់ ដែល​វិនិយោគ​លើផ្លូវ​វេ​ង​ស្រេង គឺ​ឡាន​គ្រួសារ គឺ​មិន​តម្រូវ​ឲ្យ​បង់លុយ​ទេ​។ ការយក​លុយ​ពី​ឡាន​ឆ្លងកាត់​ផ្លូវ​វេ​ង​ស្រេង​នោះ គឺ​ចាប់ពី​ឡាន ១២ កៅអី​ឡើងទៅ​៕​

ចាប់ផ្តើម​យកលុយ នៅ​ផ្លូវ​វេ​ង​ស្រេង នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង នា​ព្រឹក​ថ្ងៃទី​១​ធ្នូ​នេះ​
កកស្ទះផ្លូវវេងស្រេង ចំណុចបញ្ជរបង់ប្រាក់ ជិតកែងច្រមុះជ្រូក ស្ទឹងមានជ័យ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥