លោក កឹម សុខា នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ទី​២​ធ្នូ

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​មក​ប្រទេស​កម្ពុជា វិញ នៅ​យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ បន្ទាប់​ពី​លោក​ទៅ​ជួប​ពិភាក្សា​ជាមួយ លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មក។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា នៅ​ពេល លោក កឹម សុខា អញ្ជើញ​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ជជែក​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ លោក សម រង្ស៊ី ក្នុង​គោល​បំណង​រក​យុទ្ធសាស្ត្រ​នយោបាយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​ល្អ និង​ការ​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក យឹម សុវណ្ណ លើក​ឡើង​ថា ការ​វិល​ត្រឡប់​របស់ លោក កឹម សុខា ដើម្បី​មក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល លោក សម រង្ស៊ី មិន​ទាន់​អាច​វិល​ចូល​ស្រុក​វិញ​ដោយ​គ្មាន​ទោស​នោះ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​រៀបចំ​ឲ្យ​មាន​សកម្មជន ឬ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ទទួល លោក កឹម សុខា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ​ទេ៖ «គាត់ (លោក កឹម សុខា) ចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​ថ្ងៃ​ពីរ​ហើយ ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ក្នុង​គោលបំណង​គិតគូរ​គ្នា​រក​យុទ្ធសាស្ត្រ​ដើរ​ទៅ​មុខ»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល ឲ្យ​ដឹង​ថា នៅ​ពេល លោក កឹម សុខា ត្រឡប់​មក​វិញ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ស្មារតី​ជួប​ចរចា​ជាមួយ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​គណបក្ស​កាន់​អំណាច​ឆ្លើយ​តប​ថា មិន​ទាន់​មាន​ពេល​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្តី។

លោក កឹម សុខា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ស្ងាត់ៗ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បន្ទាប់​ពី​លោក​ទើប​វិល​ចូល​ស្រុក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ជាមួយ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​ដែល​រង​របួស ដោយ​ការ​ប្រើ​អំពើ​ហិង្សា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។