សង្គម​ស៊ីវិល​ឆ្ងល់​ករណី​លោក ហុង សុខហួរ​ ចេះតែ​ទៅមុខ តែ​ករណី​វាយ​តំណាងរាស្ត្រ​នៅ​ទ្រឹង​

​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូដូចជា​រាល់​លើក​ផងដែរ ក្រុម​សង្គម​ស៊ីវិល យល់ថា ប្រព័ន្ធតុលាការ​កម្ពុជា កំពុង​អនុវត្ត​ស្តង់ដា​ពីរ​ផ្សេងគ្នា​។ ការលើកឡើង​បែបនេះ ដោយសារតែ​សង្គម​ស៊ីវិល​ទាំងនោះ​មើលឃើញថា ករណី វាយដំ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប ហាក់ដូចជា​នៅ​ទ្រឹង ប៉ុន្តែ​ករណី​លោក ហុង សុខ​ហួរ ពីបទ​ក្លែងបន្លំ​ឯកសារ​ផែនទី​ព្រំដែន ហាក់ដូចជា​បោះជំហាន​ទៅមុខ ហើយ​ឈានទៅដល់​ការ​តាម​ចាប់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​។ ទោះ​តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥ​សាន្ត បាន​បដិសេធ​ការអះអាង​របស់​សង្គម​ស៊ីវិល​ទាំងនោះ ថា​មិនមែនជា​ការពិត​នោះឡើយ​។​

​សំណុំរឿង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី ដាក់ពន្ធនាគារ ពីបទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម និង​ការកាត់ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ជាដើម​នោះ​កំពុងតែ​បោះជំហាន​ទៅមុខ​។

​ចុងក្រោយ​នេះ តុលាការ​ថែមទាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ជំនួយការ​របស់លោក​សម រង្ស៊ី ឈ្មោះ សត្យា ស​ម្ប​តិ្ត និង​ជំនួយការ​របស់លោក ហុង សុខ​ហួរ ឈ្មោះ អ៊ឹង ជុង​លាង ជា​បន្តបន្ទាប់ ជុំវិញ​ការ​ក្លែង​ឯកសារ​នៃ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៧៩ រវាង​កម្ពុជា​-​វៀតណាម និង​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក សម រង្ស៊ី​។​

​សង្គម​ស៊ីវិល ទទួលស្គាល់ថា តុលាការ​បាន​ចាត់វិធានការ និង​នីតិវិធី​ដ៏​មាន​ប្រសិទ្ធិភាព​លើ​ករណី​លោក ហុង សុខ​ហួរ ប៉ុន្តែ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ហាក់ដូចជា​អសកម្ម​និង​ព្រងើយកន្តើយ​ចំពោះ​ការ​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បាន​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅក្បែរ​វិមាន​រដ្ឋសភា កន្លងទៅ ដោយ​បច្ចុប្បន្ន​មានតែ​ជនល្មើស​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​សារភាព ប៉ុន្តែ​មិនទាន់មាន​ចំណាត់ការ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​នោះឡើយ​។​

​លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ បាន​អះអាងថា តុលាការ​កម្ពុជា​អនុវត្ត​ដីកា​របស់ខ្លួន ដោយមាន​ស្តង់​ពីរ​ផ្សេងគ្នា​។ លោក​បន្ថែមថា​៖ « អំពើ​អយុត្តិធម៌​ដែល​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​ជនរងគ្រោះ​ណា​ជា​អ្នកគាំទ្រ​បក្សប្រឆាំង នោះ​តុលាការ ហាក់ដូចជា​មិនសូវ​ចាត់​វិធា​ការ និង​នីតិវិធី​តឹងរ៉ឹង​ក្នុង​ការចាប់​ជនល្មើស​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ជនរងគ្រោះ​ជា​អ្នកមានអំណាច មាន​លុយ ឬ​ជា​អ្នកគាំទ្រ​បក្ស​កាន់អំណាច តុលាការ​តែងតែ​អនុវត្ត​អំណាច​របស់ខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការចាប់​ជនល្មើស​មក​ផ្តន្ទាទោស​»​។

​លោក​បាន​លើកយក​ករណី​អំពើហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ មក​បកស្រាយ​ថា ជនល្មើស​ដែល​វាយ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប មិនទាន់​ត្រូវបាន​ចាប់ខ្លួន​ទេ ក្រៅ​តែ​ជនល្មើស​បីនាក់​ចូលមក​សារភាព​ដោយ​ខ្លួនឯង​។ តែ​ចំពោះ​បក្សប្រឆាំង​វិញ ត្រូវបាន​គេ​មើលឃើញថា តុលា​ការចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់ រហូត​ឥឡូវ​ចេញ​ដីកាចាប់ខ្លួន​ជំនួយការ​លោក សម រង្ស៊ី និង​លោក ហុង សុខ​ហួរ ថែមទៀត​។

​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ការអនុវត្ត​នីតិវិធី​បែបនេះហើយ ដែល​ត្រូវ​តុលាការ​ត្រូវបាន​ជាតិ​និង​អន្តជាតិ ចាត់ទុកថា​មិន​ឯករាជ្យ ស្ថិតនៅក្រោម​អ្នកមានអំណាច និង​ជា​ឧបករណ៍​របស់​អ្នកនយោបាយ​»​។

​ដូចគ្នា​ផងដែរ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​លើកឡើងថា ប្រព័ន្ធតុលាការ​មិនមាន​ឯករាជ្យ​ក្នុងការ​អនុវត្ត​អំណាច​របស់ខ្លួន ព្រោះ​រូបលោក​មើលឃើញ​ចំណាត់ការ​របស់​តុលាការ​ចំពោះ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ឬ​អ្នកមាន និង​អ្នកក្រ មាន​លក្ខណៈ​ខុសគ្នា​។

​លោក​បានចាត់ទុក ការអនុវត្ត​ស្តង់ដា​ពីរ​ផ្សេងគ្នា​នេះ ថា ជាកា​រំលោភសិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដោយ​លោក​អះអាងថា​ប្រជាពលរដ្ឋ​គ្រប់​មាន​ភាព​ស្មើរ​គ្នា​ចំពោះ​ច្បាប់ និង​សិទ្ធិ​ដូចគ្នា​ក្នុង​ទទួលបាន​យុត្តិធម៌ តែ​បែរ​តុលាការ​អនុវត្ត​ទោស​ផ្សេងគ្នា​ទៅវិញ​។

​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​រូបនេះ​បន្ថែម​ដូច្នេះ​ថា​៖«​ភាពមិន​ឯករាជ្យ​របស់​តុលាការ គឺ​បង្ហាញថា​ប្រទេស​កម្ពុជា​គ្មា​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​»​។

​ទោះបីជា​យ៉ាងណាក៏ដោយ រាល់​ការលើកឡើង​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំងពីរ​រូប​នេះ ត្រូវបាន​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ច្រានចោល​។ លោក​បាន​បញ្ជាក់ថា ការលើកឡើង​របស់​ស​ង្គ​ម​ស៊ីវិល គឺ​គ្រាន់តែ​ជា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត មិន​ដូច​អ្វីដែល​ពួកគេ​អះអាង​នោះទេ​។

​អ្នកនាំពាក្យ​រូបនេះ បានការ​ពារ​បក្ស​កាន់អំណាច​ថា បក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​មិនដែល​លូកដៃ​ចូលក្នុង​រឿង​តុលាការ​នោះទេ ហើយ​តុលាការ​ក៏​មិន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​បុគ្គល​ណា​ដែរ​។ លោក​បន្ថែមទៀតថា បទល្មើស​ទាំងអស់​មាន​អង្គហេតុ និង​អង្គសេចក្តី​ផ្សេងៗ​គ្នា ដូច្នេះ​មិនគួរ​យកមក​ប្រៀបធៀប​គ្នា ដោយ​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​នោះទេ​។​

​លោក សុខ ឥ​សាន្ត​បញ្ជាក់​បែបនេះ​ថា​៖ «​តុលាការ​ធ្វើ​អ្វីៗ​ទៅតាម​ឆន្ទានុសិទ្ធិ​របស់​តុលាការ គ្មាន​បុគ្គល​ណា​អាច​ទៅ​បង្គាប់បញ្ជា​បានទេ​។ ម្យ៉ាងទៀត តុលាការ​អនុវត្ត​អំណាច​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ និង​នីតិវិធី​ត្រឹមត្រូវ​»៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​