​មជ្ឈមណ្ឌល​ហែល​ទឹក​ខ្នាត​អន្តរជាតិ​នៅ​កំពង់ចាម​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃស្អែក​

​មជ្ឈមណ្ឌល​កីឡាហែលទឹក​ខ្នាត​អន្តរជាតិ​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ចាម នឹង​ដំណើរ​ចាប់ពី​ថ្ងៃទី​២ ខែធ្នូ បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល​ជិត​៣​ឆ្នាំ​។ ពិធី​សម្ពោធ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

«​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន​» កើតចេញពី​ការផ្តួចផ្តើម​គំនិត​រប​ស់លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម រួមទាំង​លោក ហែម ថុ​ន អតីត​អគ្គលេខាធិការ​សហព័ន្ធ ដែល​ទើប​ទទួលមរណភាព​។​

​នា​ពិធី​សម្ពោធ «​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន​» ដែលមាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក នៅ​រសៀល​ម៉ោង​៣ ថ្ងៃទី​២ ខែធ្នូ ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏​រៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​ជើងឯក «​តេ​ជោ​សែន​» ប្រចាំឆ្នាំ​២០១៥ ផងដែរ​។​

​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី បានបញ្ជាក់​ឲ្យ​ដឹងថា «​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​តេ​ជោ​សែន​»  មាន អាង​ហែល​ទឹក​ដ៏​ធំ​សម្រាប់​ការប្រកួត អាង​លោតទឹក និង​អាង​សម្រាប់​កំដៅ​សាច់ដុំ រួមទាំង​បន្ទប់​រដ្ឋបាល កៅអីអង្គុយ​ទស្សនា សម្រាប់​ភ្ញៀវ និង​ប្រតិភូ​ទៀតផង​។

​លោក​បាន​អះអាងថា​៖ «​មជ្ឈមណ្ឌល​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ​នេះ សាងសង់ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជា​កន្លែង​ហ្វឹកហាត់​ហែល​ទឹក​តាម​ស្តង់ដារ​ដល់​យុវជន​ក្នុង​ខេត្តកំពង់ចាម ជាពិសេស​សម្រាប់​ការប្រកួត​ជើងឯក​នានា​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។ មជ្ឈមណ្ឌល​នេះ​សាងសង់​អស់​រយៈពេល​ជិត​៣​ឆ្នាំ ក្នុងតម្លៃ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ​លើស​គម្រោង​ជិត​១​លាន​ដុល្លារ ដោយសារ​មាន​ឧបសគ្គ​នៃ​ការសាងសង់ ព្រោះ​តំបន់​នោះ​សំបូរ​ថ្ម​ច្រើនពេក​»​។

​អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមទៀតថា​កីឡាករ​កីឡា​ការ​នី​មកពី​គ្រប់ទិសទី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​ខេត្តកំពង់ចាម​នឹងធ្វើ​ការប្រកួត​ដណ្តើមពាន​រង្វាន់​តេ​ជោ​សែន​ប្រចាំឆ្នាំ​២០១៥​ទៀតផង ហើយ​ការរៀបចំ​ប្រកួត​នៅ​ទីនោះ​នឹងធ្វើ​ឡើង​រៀងរាល់ឆ្នាំ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​នេះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​