ពលរដ្ឋ​ចោទ​ចៅ​សង្កាត់​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ប្លង់​ដី

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ចៅ​សង្កាត់​ប៉ោយប៉ែត ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​ធ្វើ​លិខិត​បញ្ជាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ច្រើន​ខុស​ពី​ច្បាប់​កំណត់ និង​ពុំ​មាន​វិក្កយបត្រ​នោះ​ទេ។ ចៅ​សង្កាត់​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​រឿង​មិន​ពិត​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​ចៅ​សង្កាត់​ប៉ោយប៉ែត ថា​ជា​សកម្មភាព​មួយ​បំពេញ​ការងារ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ។

ពលរដ្ឋ​នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ គឺ​លោកស្រី មឿន គន្ធា ថ្លែង​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ លោកស្រី​ធ្វើ​លិខិត​បញ្ជាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ៣​ច្បាប់ ហើយ​ត្រូវ​បាន​ចៅ​សង្កាត់​ប៉ោយប៉ែត តម្រូវ​ឲ្យ​លោកស្រី​បង់​ប្រាក់​ចំនួន ១៥​ម៉ឺន​រៀល ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ​ឲ្យ​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា លោក អាំង គីហេង ចៅ​សង្កាត់​ទើប​ឡើង​កាន់​តំណែង​ថ្មី​ប្រមាណ​ពីរ​ខែ​រូប​នេះ តែង​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​លិខិត​បញ្ជាក់​ប្លង់​ដី​ក្នុង​មួយ​ ច្បាប់ ៥​ម៉ឺន​រៀល ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​បង់​ប្រាក់​មិន​គ្រប់​ចំនួន​ទេ គឺ​ចៅ​សង្កាត់​មិន​ធ្វើ​លិខិត​ឲ្យ​នោះ​ឡើយ៖ «ខ្ញុំ​មាន​លុយ​បន្តិចបន្តួច​ដើម្បី​ទៅ​ធ្វើ​លិខិត​បញ្ជាក់​កាន់​កាប់​ដី ដោយ​គិត​ថា ចៅ​សង្កាត់​យក​ប្រាក់​តែ ២​ម៉ឺន​ទេ ប៉ុន្តែ​ជាក់ស្ដែង បែរ​ជា​ចៅ​សង្កាត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​លើស​ពី​ច្បាប់​កំណត់ ​ទៅ​វិញ»

ការ​កំណត់​យក​តម្លៃ​ច្រើន​នេះ គឺ​ខុស​ពី​ការ​កំណត់​ក្នុង​ច្បាប់។ តារាង​កំណត់​តម្លៃ​ធ្វើ​លិខិត​បញ្ជាក់​ដីធ្លី​នៅ​តាម​ឃុំ-សង្កាត់ កំណត់​តែ​ចំនួន ២​ម៉ឺន​រៀល​ទេ​ក្នុង​មួយ​ច្បាប់។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ចៅ​សង្កាត់​ប៉ោយប៉ែត លោក អាំង គីហេង មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​ធ្វើ​លិខិត​បញ្ជាក់​ប័ណ្ណ​ កម្មសិទ្ធិ​ដីធ្លី​លើស​ពី​ច្បាប់​កំណត់ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​លោក​តែង​បំពេញ​ការងារ​ដើម្បី​បម្រើ​សេចក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ឡើយ៖ «ខ្ញុំ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ឲ្យ​គេ​រត់​ការ​ធ្វើ​លិខិត​បញ្ជាក់​កម្មសិទ្ធិ ​ដីធ្លី​ឲ្យ​គាត់​ទេ។ ចំពោះ​ខ្ញុំ លុយ​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ខ្ញុំ​មិន​ប៉ះពាល់​ឡើយ គឺ​ខ្ញុំ​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​សង្កាត់​ប៉ោយប៉ែត ទាំងអស់»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា កន្លង​ទៅ ចៅ​សង្កាត់​ប៉ោយប៉ែត តម្រូវ​ឲ្យ​រូប​គាត់​បង់​ប្រាក់​ចំនួន ៥​ម៉ឺន​រៀល ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ប្លង់​ដី​មួយ​ច្បាប់ ដោយ​ពុំ​មាន​វិក្កយបត្រ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​ចៅ​សង្កាត់​ថ្មី​នេះ​ទេ ពីព្រោះ​គាត់​ធ្វើ​ការងារ​តឹងរ៉ឹង​ហួស​ហេតុ​ពេក»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត ចេញ​វិក្កយបត្រ​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក៏ដោយ ក៏​ចៅ​សង្កាត់​មិន​ត្រូវ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខុស​ពី​ច្បាប់​កំណត់​នោះ ​ទេ។ លោក​បញ្ជាក់​ថា ចៅ​សង្កាត់​យក​ប្រាក់​ពី​អ្នក​ភូមិ​ខុស​ពី​ច្បាប់​កំណត់ គឺ​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​ចាត់​វិធានការ​លើ​បញ្ហា​នេះ៖ «កន្លង​មក យើង​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​អំពី​ការ​យក​លុយ​យក​កាក់​ពី​សំណាក់​លោក​ចៅ​ សង្កាត់​នេះ​ជា​បន្តបន្ទាប់។ ខ្ញុំ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​មើល​ការ​អនុវត្ត​តួនាទី​របស់​ចៅ​សង្កាត់​ទូទាំង​ប្រទេស ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត»

លោក អាំង គីហេង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើង​កាន់​តំណែង​ចៅ​សង្កាត់​ប៉ោយប៉ែត ជំនួស លោក នុត លី ដែល​លាលែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។ យ៉ាង​ណា ការ​ឡើង​កាន់​តំណែង​ចៅ​សង្កាត់​ថ្មី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត រិះគន់​យ៉ាង​ចាស់​ដៃ​ថា ជា​ការ​ឡើង​កាន់​តំណែង​បែប​បក្ខពួក​និយម​តាម​រយៈ លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត បច្ចុប្បន្ន។

របាយការណ៍​សង្កាត់​ប៉ោយប៉ែត បង្ហាញ​ថា នៅ​ក្នុង​សង្កាត់​នេះ​មាន​ភូមិ​ចំនួន​១៣ ហើយ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​គ្រួសារ​រស់នៅ​ប្រមាណ ៤​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។