សង្គម​ស៊ីវិល៖ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពី​ក្រោយ​នៃ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​ថា ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កោះកុង គឺ​កង​កម្លាំង​ប្រដាប់​អាវុធ ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ជម្លោះ និង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា បញ្ហា​នៅ​ត្រង់​ថា ភាព​យឺតយ៉ាវ​នេះ​ព្រោះ​តែ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ហៅ​កាត់​ថា យូ.ឌី.ជី (UDG) និង​ក្រសួង​បរិស្ថាន មិន​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដូច​សេចក្ដី​ប្រកាស​តាម​បទ​បញ្ជា​០១ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «»។

បន្ថែម​ពី​នេះ​ទៀត ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​គម្រោង​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​រក​ឃើញ​ថា កង​កម្លាំង​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ជួល ជាពិសេស​ក្រុមហ៊ុន​ចិន ដែល​ដាក់​វិនិយោគទុន​នៅ​កម្ពុជា គឺ​ផ្ដល់​កម្រៃ​ពលកម្ម​ក្នុង​មួយ​ខែៗ​ចន្លោះ​តម្លៃ​ចាប់​ពី ៣០០​ដុល្លារ​ទៅ ៥០០​ដុល្លារ​អាមេរិក។

របាយការណ៍​ដែល​ដាក់​ចំណង​ជើង "ការ​មិន​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស" ឲ្យ​ដឹង​ថា កម្លាំង​យោធា​បាន​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ ដោយ​មិន​ទាន់​គិត​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​តំបន់​ដែល​ទទួល​លាភសក្ការៈ ហើយ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​នៅ​ឡើយ​ផង។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣០ វិច្ឆិកា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ធ្នូ ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន ៣១៨​គ្រួសារ​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ស្ថិត​ក្នុង​ខេត្ត​កោះកុង បាន​ក្លាយ​ជា​អ្នក​ដែល​ពុំ​មាន​ផ្ទះ​សម្បែង បាត់​បង់​ដីធ្លី និង​រឹត​តែ​បញ្ហា​ទៀត​នោះ គឺ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មាន​ផែនការ​បណ្ដេញ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ពី​មាត់​សមុទ្រ​ទៅ​កំពូល​ភ្នំ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប មិន​អើពើ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាម​រូបមន្ត​ស្បែក​ខ្លា ដូច​ការ​ប្រកាស​របស់ លោក ហ៊ុន សែន នោះ ដោយសារ​ក្រុមហ៊ុន​ចិន នេះ មាន​ខ្នង​បង្អែក​ដ៏​រឹងមាំ គឺ​កម្លាំង​យោធា​នៅ​ពី​ក្រោយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ក្រសួង​បរិស្ថាន ឬ​ក្រសួង​កសិកម្ម មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទេ នៅ​ថ្ងៃ​ទី​១ ធ្នូ ដោយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​តៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។