Q&A: ត្រូវ​ដោះស្រាយ​យ៉ាងណា បើ​ស្វាមី​មាន​អាកប្បកិរិយា​មិនល្អ​ចំពោះ​ប្អូនស្រី​នាង​ខ្ញុំ ?

Sanofi

​សំណួរ ៖ នាង​ខ្ញុំ​អាយុ ២៥ ឆ្នាំ ស្វាមី​អាយុ ២៧ ឆ្នាំ ។ យើង​បាន​រៀបការ​អស់​រយៈពេល ៨ ឆ្នាំ​មកហើយ ដោយបាន​កូនស្រី​ម្នាក់​អាយុ ៣ ឆ្នាំ ។ ទាំង​ខ្ញុំ និង ស្វាមី ដោយ​ឃើញថា​ជួប​ការលំបាក​ក្នុងការ​បំពេញការងារ ព្រោះថា​ម្នាក់ៗ​សុទ្ធតែ មានការ​ងារ​រៀងៗ​ខ្លួន ហេតុនេះ​បាន​ស្រុះស្រួល​មូលមតិ​គ្នា​ថា​យកឈ្នួល​ដែលជា​សាច់ញាតិ​ប្អូន ស្រី​ជីទួតមួយ​របស់ខ្ញុំ អាយុ ១៧ ឆ្នាំ​ម្នាក់​មក​នៅ​ជាមួយ​គ្រាន់​ជួយ​មើល​ផ្ទះសម្បែង និង មើល​កូនតូច​របស់​នាង​ខ្ញុំ ។

ទោះបីយ៉ាងណា​ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា ស្វាមី​មានគំនិត​អាក្រក់​ដល់​ថ្នាក់​នេះឡើយ គឺ​រៀង​រាល់ពេល​ប្អូនស្រី​ជីទួតមួយ​ងូតទឹក គាត់​តែង លួច​មើល ។ មាន​ពេល​មួយ​ខ្ញុំ​ទាន់​ក៏​ស្តីឱ្យ​យ៉ាងខ្លាំង ហើយ​គាត់​សន្យាថា​លែង​ហ៊ាន​ទៀតហើយ ។ នៅពេល​ក្រោយៗ​ខ្ញុំ​ចេះតែ​លួច​តាមដាន​មើល ប៉ុន្តែ គាត់​មិន​ចោល​គំនិត​កំហូច​នេះឡើយ​គឺ​នៅតែ​លួច​មើល​បន្តទៀត ។ ពេលនេះ​អ្វីដែល​ធ្ងន់ គឺ​គាត់​ថែមទាំង​តាម​សម្លឹង​ដើមទ្រូង​ប្អូនជីទួតមួយ​ញឹកញាប់​ថែមទៀត ។ នាង​ខ្ញុំ​ព្រួយបារម្ភ​ពី​រឿងនេះ​ណាស់ តើ​ត្រូវធ្វើ​បែបណា ព្រោះ​ថាបើ​គាត់​ប្រព្រឹត្ត​អ្វី​មិនល្អ ពិតជា​កើតរឿង​ធំ​ពុំខាន ។ តើ​ឱ្យ​នាង​ខ្ញុំ​ដោះស្រាយ​ដូចម្តេច ?

​ចម្លើយ ៖ វា​ពិតជា​រឿង​មិនល្អ​សោះឡើយ បើកាលណា​មាន​ស្វាមី​បែប​មនុស្ស​មិនដឹង​ពី​សេចក្តី ថ្លៃថ្នូរ និង មិនដឹង​ទោសទណ្ឌ​ពី​ច្បាប់សង្គម​បែបនេះ ។ ចំពោះ​ស្វាមី​របស់​អ្នក​គប្បី​ប្រយ័ត្នប្រយែង ព្រោះ​គេ​ហ៊ាន​ធ្វើបែបនេះ​ពិតជា​មនុស្ស​មិនអាច​ទុក ចិត្តបាន​សោះឡើយ ។ អ្នក​ត្រូវ​ដឹងថា បុរស​ដែល​ហ៊ាន​ប្រព្រឹត្ត​បែបនេះ​គេ​ពិតជា​បុរស​មាន​កាមតណ្ហា​ក្រាស់ និង មិន​ខ្លាច​ប្រព្រឹត្ត​អំពើ​អសីលធម៌ ឬ ខ្លាច​ច្បាប់​ដាក់ទោស​ទណ្ឌ​នោះទេ ។

ព្រោះតែ​ហេតុនេះ អ្នក​គប្បី​និយាយ​ជាមួយ​ស្វាមី​ឱ្យបាន​ច្បាស់លាស់ ជាពិសេស​អ្នក​ត្រូវ​ពន្យល់​ក៏ដូចជា​ព្រមាន​ឱ្យបាន​ខ្លាំង បើ​ពុំ​នោះគេ​អាច​ប្រព្រឹត្ត​អំពើ​ធ្ងន់​ជាង​នេះ​ដែលនាំឱ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​ដល់​ជាប់គុក​ជាប់ច្រវាក់​ពុំខាន ។ អ្នក​ត្រូវ​ពន្យល់​ប្រាប់​អ្វី​ពី​សីលធម៌​សង្គម និង ច្បាប់​ដាក់ទោស​ដោយ​សំដៅ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ។ ក្រៅពីនេះ​អ្នក​មិន​គប្បី​បណ្តោយ​ឱ្យគេ​នៅតែ​ពីរ​នាក់​ជាមួយ​ប្អូនស្រី​ជីទួតមួយ​ឡើយ ។​

អ្នក​បានដឹង​ពី​ចរិត​ស្វាមី​ហើយ ហេតុនេះ​ប្រការ​ល្អ​បំផុត​ត្រូវ​រក​វិធី​ឱ្យ​ប្អូនស្រី​ជីទួតមួយ​ចាក ចេញពីផ្ទះ​របស់​អ្នកជា​ការប្រសើរ​បំផុត ។ វិធី​នេះ​ទោះជា​អាក្រក់​មើល​បន្តិច ប៉ុន្តែ​វា​គ្រាន់បើ​ជាង អង្គុយ​រង់ចាំ​មើល​បទ​ល្មើស​កើតឡើង​ដែរ ។ អ្នក​ត្រូវ​រក​វិធី​ដោះស្រាយ​បន្ទាន់ បើ​ពុំនោះ​អ្នកនឹង​ត្រូវ​ជួប​រឿងរ៉ាវ​អាក្រក់​នៅ​ថ្ងៃ​ខាងមុខ​ពុំខាន ៕

Related