តើគួរធ្វើយ៉ាងណា បើបងថ្លៃចង់យកកូនស្រីខ្ញុំធ្វើជាកូនរបស់គាត់ ?

Sanofi

រៀ​បការ​បាន​ដប់ឆ្នាំ​ហើយ បងថ្លៃ​ស្រី​របស់នាងខ្ញុំ​នៅ​មិនទាន់មាន​បុត្រ​មួយគ្រាប់​នឹងគេសម្រាប់​ស្នង​ត្រកូល​ និង ស្នងរបរជាអ្នកជំនួញ​​ដ៏​ធំ​មួយ​នៅឡើយ​ ។ ថ្វី​ដ្បិត​ថា​ការ​គ្មាន​បុត្រ​នេះ​ពុំមាន​ផលប៉ះពាល់​អ្វី​ដល់​ទំនាក់ទំនង​រវាង​បងថ្លៃ​នាង​ខ្ញុំ និង ​ស្វាមី​របស់គាត់​​ក៏ដោយ ​ក៏​សញ្ញា​នៃ​ភាព​រីករាយ​នៅតែ​ពុំទាន់​អាច​រក្សា​បាននៅលើ​ទឹកមុខ​របស់គាត់​នៅឡើយ ពោលគឺ​ជីវិត​របស់គាត់​ហាក់ដូច​​ជា​កំពុង​រស់នៅ​ទាំង​គ្មាន​ទម្ងន់​ផ្លូវ​ចិ​ត្ដ​ ព្រោះ​គាត់​មិនបាន​ដឹង​ឱ្យ​ប្រាកដថា​ តើ​ថ្ងៃនេះ​ ស្អែក ឬក៏​ថ្ងៃ​ខាងមុខចំណងអាពាហ៍ពិពាហ៍​របស់គាត់​អាច​នៅ​គង់វង្ស ​ឬ​ យ៉ាងណា​នោះទេ បើ​ឪពុកម្ដាយ​ក្មេក​របស់គាត់​ទ​ទូច​ទាមទារចង់បាន​​ចៅ​យ៉ាង​អន្ទះសា​ដូច្នេះ​ ? ។

នាង​ខ្ញុំ​ទទួលស្គាល់ថា​ បញ្ហា​របស់​បងថ្លៃ​នាង​ខ្ញុំគឺ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ តែ​ពេលនេះ​អ្នកដែល​ត្រូវ​ទទួលរង​នូវ​​ផលវិបាក​ពី​បញ្ហា​របស់គាត់​​ គឺជា​រូបខ្ញុំផ្ទាល់​តែម្ដង​ ដោយមិនដឹងថា​ តើ​ខ្ញុំ​ត្រូវ​សម្រេច​បែបណា​ឡើយ ? គឺ​ពិតជា​​ពិបាក​ខ្លាំងណាស់ ព្រោះរស់ក្នុង​ភាពជា​ម្ដាយ​មួយរូប​ តើ​មាន​ម្ដាយ​ឯណា​សុខ​ចិ​ត្ដ​លះបង់​កូន​ខ្លួនឯង​ឱ្យទៅ​អ្នកផ្សេង​យក​ធ្វើ​​ជា​កូន ហើយ​ខ្លួនឯង​ត្រូវ​រស់នៅក្នុងភាព​ខ្លោចផ្សា​ចិ​ត្ដ​រហូតដល់​ថ្ងៃ​ចែកស្ថាន​ទៅវិញ​ ? នាង​ខ្ញុំ​បាន​សម្រាល​កូនស្រី​ភ្លោះ​ពីរ​ដោយមាន​មុខមាត់​ដូចគ្នាបេះបិទ ដែលជា​ចំណងដៃ​នៃ​អា​ពា​​ហ៍រ​វាង​ខ្ញុំ​ និង ​ស្វាមី​ដែល​បាន​រៀបការ​កាលពីពីរ​ឆ្នាំមុន ​។

នាង​ខ្ញុំ​ និង ​ស្វាមី​ស្រឡាញ់​កូនស្រី​ទាំងពីរ​នេះ​ជាទីបំផុត​ ហើយ​មិនដែល​គិត​សោះ​ថា​កូន​ណា​ម្នាក់​នឹងត្រូវ​បែក​ចេញពី​ពួក​ខ្ញុំ​ឡើយ​ តែ​ពេលនេះ​ជួបហើយ​ ដោយសារតែ​បងថ្លៃ​របស់ខ្ញុំ​បាន​​ទទូច​អង្វរ​សុំ​កូនស្រី​ម្នាក់​យក​ធ្វើជា​កូនរបស់គាត់ ដោយមាន​ការគាំទ្រ​ពី​ចាស់ទុំ​ផង​ ព្រោះ​ពួកគាត់​ដឹងថា​បងថ្លៃ​ខ្ញុំ​មួយជីវិតនេះ​ពុំ​អាច​មានកូន​បានឡើយ​ ។​ ​លក្ខខណ្ឌ​ល្អជា​ច្រើន​ដែលជា​ថ្នូរ​ដូរដោះ​នឹងកូនស្រី​ម្នាក់​របស់​នាង​ខ្ញុំ​ ​មានដូចជា​ ការ ទទួល​ចំណែក​កេរ​មរតក​ពី​​គាត់ ការស្រឡាញ់​ថ្នាក់ថ្នម ផ្ដល់​ការសិក្សា​នៅ​សាលាល្អៗ ​ក្នុងស្រុកការបន្ដ​ការសិក្សា​នៅបរទេស​ជាដើម​ ។

ដើម្បី​ជា​ទម្ងន់​​ផ្លូវ​ចិ​ត្ដ​ក្នុង​ភាពជា​ម្ដាយ​ដែល​នឹងត្រូវ​លះបង់​កូនទៅឱ្យ​គាត់​នោះ​ គាត់​សន្យាថា​នឹង​ទិញ​ផ្ទះ​ឱ្យ​ម្ដាយ​ខ្ញុំ​មួយ​ល្វែង ​​ព្រោះ​ម្ដាយ​ខ្ញុំ​ជា​ស្រីមេ​ម៉ា​យ ​មាន​ជីវភាព​ក្រីក្រ តែ​ខ្ញុំ​មានភ័ព្វ​វាសនា បាន​ជួបនឹង​ស្វាមី​រួមទាំងក្រុមគ្រួសារ​របស់គាត់ដែល​សុទ្ធតែជា​មនុស្ស​ល្អ មិន​ប្រកាន់វណ្ណៈ​គួរឱ្យ​គោរព ​និង ​ឱ្យ​តម្លៃ​ ។​ ​នាង​ខ្ញុំ​ទទួលស្គាល់ថា ​អ្វីដែល​បងថ្លៃ​សន្យា​នោះ ​គឺ​មុខជា​នឹង​គោរព​តាម ហើយ​អនាគត​ដ៏​ត្រចះត្រចង់ក៏​កំពុងតែ​​រង់ចាំ​កូនស្រី​របស់ខ្ញុំ​ដែរ​ប្រសិនបើ​នាង​ខ្ញុំយល់ព្រម​ប្រគល់​កូន​ទៅឱ្យ​គាត់ ហើយ​ខ្ញុំ​ត្រូវ​ហៅ​កូនស្រី​ខ្លួនឯង​ថា​ក្មួយ​ជំនួស​ពា​​ក្យ​ថា​កូន​នោះ ប៉ុន្ដែ​ពេលនេះ​ដំណើររឿង​មិនទាន់​ដើរ​ទៅមុខ​នៅឡើយ​ដោយសារតែភាពស្ទាក់ស្ទើរ​របស់​នាង​ខ្ញុំ​នៅ​ចំ​​ពោះ​មុខការ​ទន្ទឹង​រង់ចាំ​ចម្លើយពី​សំណាក់​ក្រុមគ្រួសារ​ ជាពិសេស​បងថ្លៃ​ខ្ញុំ​ ។ ​

បញ្ហា​ពេលនេះ​សម្រាប់​នាង​ខ្ញុំ គឺ​សំណួរដែលសួរថា​ តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​បើ​មិនមែនជា​សំណើ​របស់​បងថ្លៃ​ខ្ញុំ​ទេ​ ​ខ្ញុំប្រាកដជា​បដិសេធ ទោះបីជា​ថ្នូរ​ដូរ​នឹង​ពេជ្រ​ប៉ុន​ដូងទុំ​ក៏ដោយ​ តែ​ខ្ញុំ​ហាមាត់​បដិសេធ​មិនបាន​ទាល់តែសោះ ក៏​ព្រោះតែ​​អំពើ​ល្អ​របស់​ម្ដាយ​ឪពុកក្មេក​ខ្ញុំ​ គឺមាន​ទំហំ​ធំ​ណាស់ ពួកគាត់​ស្រឡាញ់​ខ្ញុំ និង ​រាប់អាន​ក្រុមគ្រួសារ​ខ្ញុំ​ដោយស្មោះ​អស់ពី​ចិ​ត្ដ​ ជា​​ពិសេស​បងថ្លៃ​ខ្ញុំ​ជា​ស្តី្រ​ម្នាក់​ដែលមាន​ចិ​ត្ដ​ទូលាយចូល​ចិ​ត្ដ​ធ្វើបុណ្យ​ដាក់​ទាន ​និង ​ចេះ​ជួយយកអាសា​អ្នកដទៃ​ដោយ​​ពុំ​គិតពី​ផល​តបស្នង ​ដែល​គុណធម៌​ទាំងនេះ​ធ្វើឱ្យ​នាង​ខ្ញុំត្រូវ​គាំង​សម្ដី​រក​ស្ដី​បដិសេធ​មិនបាន​ ។​ ​នាង​ខ្ញុំ​មិន​ចង់​បាត់បង់​​មនោសញ្ចេតនា​រវាងបងថ្លៃ​ និង ​ប្អូនថ្លៃ​ទេ ​តែ​ការ បាត់បង់​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ចំពោះ​​កូន​ក្នុងនាម​ជា​ម្ដាយ​ ក៏​រឹតតែ​មិន​ចង់ឱ្យ​បាត់បង់​ ណាស់​ទៅទៀត ​តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ចំពោះ​បញ្ហា​នេះ ?

​ជូន​ចំពោះ​ស្តី្រមាន​វិបត្ដិ​

«​ប្រជាប្រិយ​»មើលឃើញថា​ បញ្ហា​របស់​នា​ង​ គឺ​ពិតជា​ធ្ងន់ធ្ងរ​មែនហើយ​ជម្រើស​របស់​នាង​ក្នុង​បញ្ហា​នេះ​គឺមាន​តែ​​មួយ ​បើ​នាង​ជ្រើស​រើសយក​មួយ​ត្រូវបាត់បង់​មួយ ​តែ​អ្វីដែល​នាង​មិនអាច​បាត់បង់​បាន​នោះ​គឺ​កូនស្រី​របស់​នាង​ តែបញ្ហា​​នៅត្រង់ថា​ ពេលនេះ​នាងពុំទាន់​មាន​សេចក្ដីក្លាហាន​គ្រប់គ្រាន់ដើម្បី​បដិសេធ​សំណើ​របស់​បងថ្លៃ​របស់​នាងនៅឡើយ ​​ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​នាង​ត្រូវ​រស់នៅក្នុង​ភាព​វិលវល់​ មិនទាន់​ជ្រះស្រឡះ​ចំពោះ​បញ្ហា​នេះ​ ។ ច្រកចេញ​មួយ​ដែល«​ប្រជាប្រិយ​»សម្លឹង​ឃើញថា​អាចធ្វើឱ្យ​នាង​ទទួល​​ផល​ល្អ​ទាំងសងខាង​នោះ​ គឺ​ដំបូងនាង​ត្រូវ​ស្ទាបស្ទង់​ចិ​ត្ដរបស់ស្វាមី​នាង​ជាមុនសិន ​ថា​តើ​គាត់មាន​ទំនោរ​ទៅរក​ការលះបង់​កូនស្រី​​របស់ខ្លួនឱ្យទៅ​បងស្រី​របស់គាត់​ដែរ​ទេ ? ​។

បើ​ពុំមាន​ទេ ​នេះ​គឺជា​ឱកាសល្អ​មួយ​ដែលនាង​ត្រូវឱ្យ​ស្វាមី​ចេញមុខ​ បដិ​​សេធ​ល្អ​ជាង​ការដែល​នាង​បដិសេធ​ខ្លួន​ឯង ​ព្រោះអាច​នាំឱ្យមាន​ផល​មិន​ល្អ​ចំពោះ​នាង ​ទោះជា​គ្រួសារ​ខាង​ស្វាមី​​ជាម​នុស្ស​ល្អយ៉ាងណា ក៏​គង់នឹងមាន ​ការ​អាក់​អន់ចិត្ដ​ខ្លះ​ចំពោះ​រូបនាង​ជាមិនខាន តែ​បើជា​ស្វាមីនាង​វិញ យ៉ាងណា​ក៏​ត្រូវជា​សាច់ឈាម​ពួកគាត់​បង្កើត​ដែរ ខឹង​យ៉ាងណាក៏មិនអាច​កាត់សាច់ ឈាម​ខ្លួនឯង​ចោល​ដែរ​ ។​ ផ្ទុយទៅវិញ​​បញ្ហា​ដដែលនេះបើស្វាមី​របស់នាង​ មាន​ទំនោរ​ចង់​លះបង់​កូនស្រី​ឱ្យទៅ​បងស្រី​របស់គាត់នោះ នាង​មុខជា​ពិ​​បាកហើយ​ ព្រោះបើ​នាង​បដិសេធ​នាង​នឹង​ប្រឈមមុខជាមួយ​ការខកបំណង​របស់​ស្វាមី​នាង​ផង​ និង ​ក្រុមគ្រួសារ​​របស់គាត់​ផង ​។

ដល់ពេលនោះនាង​នឹងត្រូវ​រស់ នៅ​ដោយ​ទទួលរង​សម្ពាធ​ផ្លូវ​ចិ​ត្ដ​មួយ​ដែល​ពិបាក​នឹង​ងើបមុខសម្លឹងមើល​​សមាជិកគ្រួសារ​ទាំងមូល ហើយ​ភាពស្និទ្ធស្នាល​អាច​នឹងកាត់បន្ថយ​បន្ដិច​ម្ដងៗ​ លទ្ធផល​ទៅ​ថ្ងៃ​អនាគត​យ៉ាងណា​នោះ​ គឺជា​រឿង​ដែល​មើល​មិនដឹង ។​ ប្រសិនបើ​នាង​ដាច់​ចិ​ត្ដ​លះបង់​កូនស្រី​ទៅឱ្យ​បងថ្លៃ​ ​គឺមាន​ផល​ល្អច្រើនយ៉ាងសម្រាប់​កូនស្រី​របស់​នាង​ ទាំងបច្ចុប្បន្ន​ និង ​ទៅ​អនាគត ។ ​ម្យ៉ាងទៀតពួកគាត់​សុទ្ធតែជា​មនុស្ស​ល្អ ពុំមាន​អ្វីដែល​នាំឱ្យ​នាង​បារម្ភ​ចំពោះកូនស្រីរបស់​នាងឡើយ ​ហើយ​អ្វីដែល​ពិសេស​នោះគឺ​បងថ្លៃ​របស់នាងត្រូវជា​ម្តាយធំបង្កើត​របស់​កូនស្រី​នាង​​ ​​ទោះជា​ឱ្យកូន​នាង​ហៅគាត់​ថា​ម៉ាក់​ៗក៏​មិនជាទាស់ខុស​អី​ដែរ ។

លើសពីនេះ​ទៀត​​ នាង​ក៏​អាច​មានឱកាស​ស្និទ្ធស្នាល​ជាមួយ​កូន​ធម្មតា ពោល​គឺជា​ក្រុមគ្រួសារ​តែមួយ​ ទោះ​អ្នកណា​ជា​ម្ដាយ​ពិត​ ឬ​ ជា​ម្ដាយ​​ចិញ្ចឹម​នោះក៏​មិនជា​បញ្ហាចោទ​ដែរ សំខាន់​គឺ​ឃើញ​កូនស្រី​របស់ខ្លួនរស់នៅ​មានក្ដី​សុខ​​ទើប​ជា​ក្ដី​ប៉ងប្រាថ្នា​របស់​មាតា​​គ្រប់រូប​ក្នុង​លោក​នេះ​ ។​ «ប្រជាប្រិយ»ក៏​មិនអាច​កំណត់ឱ្យ​នាង​ជ្រើស​យក​មួយណា​ដែរ​ គ្រាន់តែ​បង្ហាញផ្លូវ​ដល់​នាង​ រីឯ​ការ​​សម្រេច​ចិ​ត្ដ​ជ្រើសរើស​ផ្លូវ​ដើរ​នោះ ​គឺជា​ការយល់ឃើញ​របស់​នាង​ផ្ទាល់ តែ​ទោះជា​យ៉ាងណា​ «ប្រជាប្រិយ»​សូម​ជូនពរ​ឱ្យនាង​​រកបាន​​ដំណោះស្រាយ​មួយ​ដ៏​គាប់ប្រសើរ​​ ៕


Related