បក្សប្រឆាំង​ផ្តើម​លើកឡើង​ពី​បញ្ហា​វៀតណាម​មិនទាន់​លុប​ស្រះ​ជាថ្មី​

​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ចុះទៅពិនិត្យ​ទិដ្ឋភាព ស្រះ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ជីក​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​។ មកទល់ពេលនេះ លោក សុន ឆ័យ ពិនិត្យឃើញថា រដ្ឋាភិបាល​វៀតណាម មិនទាន់​លុប​ស្រះ​ទាំងនោះ​នោះឡើយ បើទោះបី​វៀតណាម​ធ្លាប់បាន​សន្យាថា នឹង​លុប​ស្រះ​នោះ​ក្តី​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ ស្វែងរក​ដំណោះស្រាយ​តាម​អង្គការ​អន្តរជាតិ ។​

​ស្រះ​ទឹក​ដែល​វៀតណាម​ជីក​នៅ​ខេត្តរតនៈគិរី​នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​នៃ​ការតាមដាន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​តាមរយៈ​វីដេអូ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទៅ​មើល​ស្រះ​ទឹក​នោះ​ដល់​កន្លែង បាន​និយាយថា​៖«​មកទល់ពេលនេះ ដើម្បី​បញ្ជាក់​ពី​ភាពជាក់ស្តែង គឺ​អត់​បាន​លុប​ទេ ព្រោះ​ឯកឧត្តម ហោ ហាំ​ហុង ធ្វើលិខិត​ការទូត​ទៅសុំ​ឲ្យ​ភាគី​វៀតណាម​លុប​វិញ ស្រះ​ដែល​ជីក​លើ​ទឹកដី​កម្ពុជា​។ គេ​អត់​លុប​។ យើង​មើល​ឲ្យ​ឃើញ​កុំ​ឲ្យ​ថា យើង​ចេះតែ​ថា​»​។​

​ជាមួយគ្នា​ដែរ លោក សុន ឆ័យ នឹង​បន្ត​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ស្វែងរក​ដំណោះស្រាយ​តាម​យន្តការ​អន្តរជាតិ​ទៀតផង​។ លោក អះអាង​ដូច្នេះ​ថា​៖«​យើង​នឹង​បន្ត​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យឡើងវិញ ក្នុងករណី​ដែល​ភាគី​វៀតណាម មិន​គោរព​ទៅលើ​គោលការណ៍​អធិបតេយ្យភាព​របស់​ទឹកដី​កម្ពុជា​។ ហើយ​ដែល​យើង​បានធ្វើ​ការងារ​តាមផ្លូវ​ទូត ក៏​គេ​នៅតែ​មិន​ធ្វើតាម តើ​អ្នក​ដល់​ពេលដែល​យើង​ធ្វើតាម​ការងារ​តាមរយៈ​អង្គការ​អន្តរជាតិ​ឬទេ​»?

​គួររម្លឹកថា ក្រសួងការបរទេស​ក​ម្ពុ​ជា​បានធ្វើ​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​ស្ថានទូត​វៀតណាម​បន្តបន្ទាប់ ដើម្បី​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​លុប​ស្រះ​ដែល​ខ្លួន​ជីក​ក្នុង​ទឹកដី​កម្ពុជា​។ ភ្លាមៗ​ក្រោយពី​ជំនួប​រវាង​មន្ត្រី​ព្រំដែន​កម្ពុជា និង​វៀតណាម កាលពី​ថ្ងៃទី ១០ ខែកក្កដា កន្លងទៅ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការសន្យា​របស់​វៀតណាម​ថា វៀតណាម នឹង​លុប​ស្រះ​នៅ​ខេត្ត​រនៈ​គិរី​ចំនួន ៣ ស្ថិតនៅ ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង ៤​។ ហើយ​វៀតណាម​ក៏​សន្យា​ផ្អាក​សាងសង់​ប៉ុស្តិ៍ នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​ពួន ស្រុក​កោះធំ​ខេត្តកណ្តាល និង​ផ្អាក​សាងសង់​ផ្លូវ​ស្ថិតនៅ​បង្គោល​ព្រំដែន​លេខ ១៩៤-២០៣ លេខ ២១១-២១៣ និង​លេខ ២១៣ -២១៧ ក្នុងស្រុក​ចន្ទ្រា​និង​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​