ប៉ារីស​៖​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​យល់ថា កិច្ចព្រមព្រៀង​អាកាសធាតុ​ជា​រឿង​អយុត្តិធម៌​

​បណ្តា​ប្រមុខរដ្ឋ​មកពី​ប្រទេស​មហាអំណាច ដល់​ប្រទេស​ក្រីក្រ និង​កោះ​តូច ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋធានី​ប៉ារីស​ដើម្បី​ជជែក​គ្នា​ស្វែងរក​យន្តការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​សកល​និង​សង្គ្រោះ​ពិភពលោក​ពី​គ្រោះមហន្តរាយ​នេះ​។ ប៉ុន្តែ​ការឈាន​ទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​ដែលមាន​អនុភាព​គតិយុត្ត​មួយ​វា​ជា​រឿង​លំបាក​បំផុត ព្រោះ​ប្រទេស​ទាំងអស់នេះ​ត្រូវ​លះបង់​ប្រយោជន៍​ខ្លួន​ដើម្បី​ប្រយោជន៍​រួម​ជាពិសេស​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​កម្រិត​ស្មើគ្នា​។

​ការប្រែប្រួល​អាកាសធាតុ​ក្លាយជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​ប្រជាជាតិ​នានា​លើ​លោក​។ ប្រទេស​ទាំងអស់​មិន​ថា ប្រទេស​មាន ឬ​ក្រ សុទ្ធតែ​រង​ផលប៉ះពាល់​បណ្តា​មកពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។ បើ​គ្មាន​ដំណោះស្រាយ​នៅពេលនេះ អនាគត​មនុស្សជាតិ និង​ផែនដី​ទាំងមូល​អាច​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ មិនអាច​សង្គ្រោះបាន​។ កាលណា កម្តៅ​ផែនដី​កើនឡើង គ្រោះរាំងស្ងួត​កើតឡើង តំបន់​វា​ខ្សាច់​ចាប់ផ្តើម​រីក​ធំ ហើយ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ក៏​មិនកើត​, កម្រិត​ទឹកសមុទ្រ​កើនឡើង​ខ្ពស់​បណ្តាល​ឲ្យ​ប្រទេស​កោះ​លិច​បាត់​ក្រោម​ទឹក​, ហើយ​គ្រោះមហន្តរាយធម្មជាតិ​នានា​បន្ត​កើតឡើង​ឥត​ឈប់​ផង​។​

​ដោយសារតែ​បញ្ហា​ទាំងអស់នេះ មេដឹកនាំ​ពិ​ភ​លោក​មកពី​ប្រទេស​១៥០ និង​មាន​ប្រតិភូ​ប្រទេស​១៩៥​ផង​នោះបាន​ប្រមូលផ្តុំ​គ្នា​នៅ​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ចូលរួម​ក្នុង​វេទិកា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២១ ។  គោលដៅ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែលមាន​អនុភាព​គតិយុត្តិ និង​មាន​លក្ខណៈ​ជា​សកល​សម្រាប់​សមាជិក​ទាំងអស់​លើ​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​សកល​នេះ​។ មេដឹកនាំ​ទាំងអស់​ចំណាយពេល​ជាង​២០​ឆ្នាំ ដើម្បី​ចរចា​គ្នា​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​នេះ ប៉ុន្តែ​លទ្ធភាព​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ​នៅ​ស្រពិចស្រពិល​នៅឡើយ​។​

-​ដល់ពេល​ពិភពលោក​រួមដៃគ្នា ទប់ស្កាត់​គ្រោះមហន្តរាយ​មនុស្សជាតិ​?
​ចំណុច​ស្នូល​នៃ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នេះ គឺ សម្រេច​ឲ្យ​បាន​ផែនការ​វែងឆ្ងាយ​មួយ​ដោយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ធ្វើយ៉ាងណា​កម្រិត​ការកើនឡើង​កម្តៅ​ឲ្យ​ទាប​ជាង​២​អង្សា​ប្រៀបធៀប​និង​កម្រិត​មុន​សម័យ​ឧស្សាហកម្ម ព្រោះ​បើក​ម្តៅ​កើនឡើង​ខ្លាំង​ជាង​នេះ​ពិភពលោក​នឹង​ប្រឈម​ផលវិបាក​ខ្លាំង​។​លើសពីនេះ​វា​ក៏​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​ដែល​អាច​កើតឡើង​វិញ ជំនួស​ឲ្យ​ការប្រើប្រាស់ ភូ​ស៊ី​ល​ឥន្ធនៈ​ដូចជា​ប្រេង និង​ឧស្ម័ន​ជាដើម​។ គេ​សង្កេត​មេដឹកនាំ​លោកខាងលិច​ត្រូវរ៉ូវ​គ្នា​ជុំវិញ​ការបង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ក្រើនរំលឹក​ដល់​បណ្តា​មេដឹកនាំ​ពិភពលោក​ឯទៀត​ផង​ថា ៖« យើង​ជិត​អស់​ពេល​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះហើយ​»​។ លោក​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ​ទាំងអស់​ជួយ​បណ្តា​ប្រទេស​តូចៗ​ជាពិសេស​ប្រទេស​កោះ​និង​ប្រទេស​ឯទៀត​ដែល​រួមចំណែក​តិចតួច​បំផុត​ក្នុងការ​បង្កបញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ 
សហរដ្ឋអាមេរិក​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ច្រើន​លេខ​ពីរ​បន្ទាប់ពី​ប្រទេស​ចិន ប៉ុន្តែ​ប្រទេស​មហាអំណាច​នេះ​បានរួម​ចំណែក​ច្រើន​ដែរ​ក្នុងការ​ស្វែងរក​វិធានការ​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​។​

​ចំណែក​អង់គ្លេស និង​អាឡឺម៉ង់ បាន​ដ​ង្ហើ​យ​ឲ្យ​មេដឹកនាំ​ប្រទេស​ឯទៀត​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​សកម្មភាព​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ​។ លោក ដេវីដ ខេ​មឺ​រ៉ួ​ន បញ្ជាក់​ក្នុង​សុន្ទរកថា​ម្សិលមិញ​ថា វា​រឿង​ចាំបាច់​ដែល​កិច្ចព្រមព្រៀង​នេះ​មាន​យន្តការ​នានា​ដែលមាន​អនុភាព​គតិយុត្ត ហើយ​ស្របពេល​ជាមួយគ្នា​នោះ​វា​ចាំបាច់​ត្រូវមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​ងាយ​រងគ្រោះ​ឯទៀត​ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​អនុវត្ត​វិធានការ​និង​យន្តការ​នេះ​ជោគជ័យ​។​

​រីឯ​រុស្ស៊ី​ដែលជា​មហាអំណាច​មួយ​ដែរនោះ​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​។ ប្រធានាធិបតី​រុស្ស៊ី​ដែល​បាន​ចូលក្នុង​វេទិកា​នេះដែរ​នោះបាន​លើកឡើងថា រុស្ស៊ី​មិន​ត្រឹមតែ​ទប់ស្កាត់​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប៉ុណ្ណោះ​ទេ តែ​រុស្ស៊ី​បាន​សន្យាថា​នឹង​កាត់បន្ថយ​ឧស្ម័ន​នេះ​ឲ្យ​បាន​៧០​ភាគរយ​នៃ​កម្រិត​ដែលមាន​ឆ្នាំ​១៩៩០ នៅត្រឹម​ឆ្នាំ ២០៣០​ផង​។ 

-​កិច្ចព្រមព្រៀង​អាកាសធាតុ​អយុត្តិធម៌​សម្រាប់​ប្រទេស​ឧស្សាហកម្ម​ថ្មី​និង​ប្រទេស​តូចៗ​?
​ដោយសារ​កិច្ចព្រមព្រៀង​ជា​លិខិតបទដ្ឋាន​ដែលមាន​អនុភាព​គតិយុត្តិ ដូច្នេះហើយ​វា​ពិបាក​បំផុត​សម្រាប់​ប្រទេស​ទាំង​ទ​នេះ​ជាពិសេស​ប្រទេស​ឧ​ស្សហកម្ម​ថ្មី​ទទួលយក​។ ប្រទេស​ទាំង​អស់ទាំង​អ្នកមាន​និង អ្នកក្រ​នៅ​បន្ត​ខ្វែងគំនិត​គ្នា​នៅឡើយ​ជុំវិញ​វិធាន​ការដែល​ត្រូវអនុម័ត ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍ​មើលឃើញថា​វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ​។

​ប្រទេស​អភិវឌ្ឍ​ចង់បាន​យន្ត​ការរួម​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ ប៉ុន្តែ​ប្រទេស​កំពុង​អភិវឌ្ឍ​យល់ថា រឿងនេះ​ត្រូវ​បែងចែក​កាតព្វកិច្ច​និង​ទំនួល​ខុស​ត្រួវ​ផ្សេងគ្នា អាស្រ័យ​លើ​សកម្មភាព​និង​ទំហំ​សេដ្ឋកិច្ច​។ ប្រទេស​កំពុង​អភិវឌ្ឍ​បញ្ចេញ​ឧស្ម័ន​ពុល​តិច ហើយ​សេដ្ឋកិច្ច​ក៏​ខ្សោយ ហេតុអ្វី​ចាំបាច់​ត្រូវ​ទទួលយក​វិធានការ​និង​ទំនួល​ខុសត្រូវ​តែមួយ​ដូច​ប្រទេស​អ្នកមាន​?  គេ​ច្រណែន ព្រោះ​ប្រទេស​លោកខាងលិច​ភាគច្រើន​ជា​ប្រ​ទស​អភិវឌ្ឍ​នោះ បាន​ទាញយក​ប្រយោជន៍​ច្រើន​ពី​ផែនដី​រហូត​ក្លាយជា​អ្នកមាន​ទៅហើយ ហើយ​បណ្តា​ប្រទេស​ទាំងនោះ​ក៍បាន​បំពុល​បរិ​យា​កាល​ផែនដី​ខ្លាំង​ជាង​ប្រទេស​ឯទៀត​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានលើកឡើង​ពី​ជំហរ​ឥណ្ឌា​ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទើប​ត្រដែត​ឡើង ក្នុង​សុន្ទរកថា​នៅ​ទីក្រុង​ប៉ារីស​ម្សិលមិញ​ថា ប្រទេស​អ្នកមាន​ត្រូវ​កាត់បន្ថយ​ឧស្ម័ន​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​។ ហើយ ប្រទេស​អ្នកមាន​ក៏​ត្រូវមាន​កាតព្វកិច្ច​ច្រើន​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​នានា និង​ហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​ក្រីក្រ​ដើម្បី​ពួកគេ​មានលទ្ធភាព​សម្រប​ខ្លួន​បាន​ក្នុង​បរិបទ​នៃ​ការ​កើន​កម្តៅ​ផែនដី និង​អាច​ឈានទៅ​មានលទ្ធភាព​រក្សាបាន​ប​រិ​ស្ថាន​។ 

​ចំណែក ចិន​ដែលជា​ប្រទេស​ដែល​បំពុល​ពិភពលោក​ខ្លាំងជាងគេ​នោះ នៅតែ​ការពារ​ជំហរ​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​ឧស្សាហកម្ម​ថ្មី​។ មុន​ចាក​ចេញពី​បារាំង​ទៅ​អាហ្វ្រិក លោក ស៊ី ជិន​ពីង បានផ្តល់​សុន្ទរកថា​ក្នុង​សន្និសីទ​នេះ​ថា ចិន​នៅតែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​បរិស្ថាន ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​ណាក៏ដោយ​អាច​សម្រេច​ចេញ​រូបរាង​ដោយ​ការទទួលយក​នូវ​ភាពខុសគ្នា​រវាង​បណ្តា​ប្រទេស​ទាំងអស់​។​ប្រមុខរដ្ឋ​ចិន​ចង់​បញ្ជាក់ថា ដំណោះស្រាយ​ណាក៏ដោយ ត្រូវតែ​ស្រប​និង​គោរព​តាម​ផលប្រយោជន៍​ប្រជាជាតិ​នីមួយៗ​។  វា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​ឬ​អយុត្តិធម៌ សម្រាប់​ចិន ដែល​ទើប​ផ្លាស់ប្តូរ​ខ្លួនឯង​ជា​ប្រទេស​ឧស្សា​កម្ម​និង​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​នោះ បែរជា​ត្រូវ​កម្រិត​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ស្មើនឹង​ប្រទេស​លោកខាងលិច ដែល​ទាញយក​ប្រយោជន៍​ពី​បរិស្ថាន​និង​បំពុលបរិស្ថាន​យូរ​មកហើយ​នោះ​៕
 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​