ផ្លូវ​ដាច់​នៅលើ​ខ្នង​ទំនប់​បារាំង​សង្កាត់​ផ្សា​ឆ្នាំង​ត្រូវបាន​សម្រួល​ជួសជុល​

​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ លោក លឹម វីរៈ អគ្គនាយករង​កិច្ចការ​បច្ចេកទេស នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ជួសជុល​ទំនប់​បារាំង ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​រង​ការខូចខាត​ដោយ​ទឹក​ហូរ​ច្រោះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​។​នៅក្នុង​ពេលនោះ​ក៏មាន​ការចូលរួម ពី​លោក ហៀ​ង ម៉េង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម លោក សូ ផល្លី លោក សុខ តារា ប្រធានការិយាល័យ​វិស្វក​កម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ផងដែរ​។​

លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ នៅ​ទ្វារ​ទំនប់ទឹក ផ្នែក​ខាងកើត​ត្រូវ​ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ​អស់​ប្រវែង​ប្រមាណ ១៥​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មន្ទីរ​ធន​ធន​ទឹក​ខេត្ត​បាន​ដឹក​ដី​ច្រក​ក្នុងកា​រ៉ុង​យកទៅ​ទប់ទឹក​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​ការពារ​កុំ​អោ​យានរ​ការហូរ​ច្រោះ​ដាច់​ផ្លូវ​បន្ថែមទៀត ។

​ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក ក្រោម បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធាន​ទឹកបាន ចាត់តាំង អោយ​លោក​លឹម វីរៈ អគ្គនាយករង​កិច្ចការ​បច្ចេកទេស ក៏បាន​ចុះមក​ត្រួត ពិនិត្យ ដោយផ្ទាល់ និង​អោយ​ធ្វើការ​ជូ​ស​ជុល​ជាបន្ទាន់ ដោយ​ទប់​ការហូរ​ទឹក​ច្រោះ​ដាច់​ផ្លូវ នៅ​ទំនប់​លើ​នេះ ដើម្បីអោយ​ជួសជុល​ផ្លូវ​នៅលើ​ទំនប់​នេះ​ដែល​ប្រជាពលរដ្ឋ​បានធ្វើ ដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ​ធ្វើកា​ដំណើរ​បាន​ស្រួល​ឡើងវិញ​។​

លោក សូ ផល្លី ជា​ប្រធានការិយាល័យ​វិស្វកម្ម នៅក្នុង​ក្រុមការងារ​ក្រសួង ធនធាន​ទឹកបាន​អះអាងថា​៖ ចាប់ពី​រសៀល​ថ្ងៃនេះ​ទៅ ក្រុមការងារ​នឹងធ្វើ​ការដឹក​ដី គ្រួស​ក្រហម​ចាក់​បំពេញ​កន្លែង​ដែល​ទឹក​ហូរ​ច្រោះ​ដាច់​គឺត្រូវធ្វើ​ការជួសជុល​ជាបន្ទាន់ ហើយ​នៅ​ថ្ងៃស្អែក ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នឹង​អាច​រួចរាល់​ហើយ ដើម្បី​សម្រួល ចរាចរណ៍​ជូន​ប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង​ធ្វើដំណើរ​បាន​ស្រួលបួល ឡើងវិញ​តាមផ្លូវ​លើ​ទំនប់​បារាំង​នេះ ៕ រិ​ទ្ធិ ជ័យ

KA-01-12-2015-01 KA-01-12-2015-02 KA-01-12-2015-03 KA-01-12-2015-04 KA-01-12-2015-05 . ​ ​