ឥណ្ឌូណេស៊ី ប្រកាស មូលហេតុធ្លាក់ របស់យន្តហោះ AirAsia

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃអង្គារ ទី៣០ ខែធ្នូ នេះថា មូលហេតុនៃការធ្លាក់ របស់យន្តហោះក្រុមហ៊ុន AirAsia កាលពីខែធ្នូឆ្នាំ ២០១៤ កន្លងទៅនេះ គឺដោយសារតែកត្តាមនុស្ស និង គ្រឿងម៉ាស៊ីនយន្តហោះ ផ្ទាល់តែម្តង។ នេះបើតាមសម្តីរបស់មន្ត្រីស៊ើបអង្កេតម្នាក់ គឺលោក ណឺកាយ៉ូ យូតូម៉ូ ដែលស៊ិនហួ បានដកស្រង់។

សម្រាប់បញ្ហាដែលលើកឡើងនោះ បានសេចក្តីថា គ្រឿងម៉ាស៊ីន បានជួបបញ្ហាពេលកំពុងហោះហើរ ហើយបន្ទាប់មកអ្នកបញ្ជាលើយន្តហោះ មិនអាចដោះស្រាយឲ្យបានទាន់ពេលវេលា ទើបយន្តហោះ នោះធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រតែម្តង។ ផ្នែកស៊ើបអង្កេត បានស្នើឲ្យក្រុមហ៊ុន AirAsia និង ក្រុមហ៊ុន ដឹកជញ្ជូនផ្លូវអាកាសផ្សេងទៀត របស់ឥណ្ឌូណេស៊ី ធ្វើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព យន្តហោះ ប្រភេទ Airbus របស់ពួកគេទាំងអស់ឡើងវិញ។

គួរបញ្ជាក់ថា យន្តហោះ AirAsia ជើងហោះហើរ QZ8501បានធ្លាក់កាលពីខែធ្នូ ឆ្នាំ ២០១៤ ពេល កំពុងធ្វើដំណើរពីឥណ្ឌូណេស៊ី ទៅសិង្ហបុរី ដោយបានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ១៦២នាក់បាត់បង់ជីវិត បន្ទាប់ពីហោះហើរបានរយៈពេល ៤០នាទី៕

ឥណ្ឌូណេស៊ី ប្រកាស មូលហេតុធ្លាក់ របស់យន្តហោះ AirAsia