អង់គ្លេស៖ ការទម្លាក់ គ្រាប់បែក នៅស៊ីរី អាចចំណាយ អស់ថវិកា រាប់រយលានផោន

ទីក្រុង ឡុងន៍៖ លោក George Osborne អធិការបតី របស់ចក្រភពអង់គ្លេស បានថ្លែងនៅថ្ងៃអង្គារនេះថា ការពង្រីកការ វាយប្រហារ តាមផ្លូវអាកាសដើម្បីប្រឆាំង នឹងពួកឧទ្ទាមរដ្ឋឥស្លាម ISIS ក្នុងប្រទេស ស៊ីរី អាចចំណាយជាថវិកា រាប់រយលានផោន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ។

តាមការសន្និដ្ឋានបានបង្ហាញថា ការពង្រីកសកម្មភាពវាយប្រហារ តាមផ្លូវអាកាសក្នុងប្រទេស ស៊ីរី អាចចំណាយ អស់ប្រាក់ក្បែរ រយលានផោន ដែលប្រាក់ទាំងនេះ ចក្រភពអង់គ្លេសនឹង បម្រុងទុកជាពិសេសដាច់ដោយឡែក សម្រាប់គោលដៅវាយប្រហារទៅលើពួកភេវរករ។ នេះជាការលើកឡើងរបស់លោក Osborne ទៅកាន់គណកម្មាធិការ សភាអង់គ្លេស។

សូមជម្រាបថា ការវាយប្រហារប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ក្នុងប្រទេស អ៊ីរ៉ាក់ រួមទាំង ការចំណាយទៅលើការ គាំទ្រចំពោះក្រុមប្រឆាំងនៅក្នុងប្រទេស ស៊ីរី នាពេលបច្ចុប្បន្ន ត្រូវចំណាយអស់ថវិកាប្រមាណ២០០លានផោនក្នុងមួយឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានបញ្ជាក់ថា សភាអង់គ្លេសនឹងធ្វើការបោះឆ្នោតសម្រេច ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកក្នុងប្រទេស ស៊ីរីនៅថ្ងៃពុធនេះ ហើយលោកមានជំនឿថា សភានឹងសម្រេចយល់ព្រមទៅលើបញ្ហានេះជាក់ជាមិនខាន៕

អង់គ្លេស៖ ការទម្លាក់ គ្រាប់បែក នៅស៊ីរី អាចចំណាយ អស់ថវិកា រាប់រយលានផោន