ជប៉ុន នឹងប្រគល់ គម្រោង កែលម្អគ្រឿងបរិក្ខារ សម្រាប់ស្តារ ឡើងវិញ នូវច្រកដើរប៉ែក ខាងលិច នៃប្រាសាទ អង្គរវត្ត តម្លៃ៩៤លានយ៉េន

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់នូវគ្រឿងបរិក្ខារ សម្រាប់ស្តារឡើងវិញ នូវច្រកដើរប៉ែកខាងលិច នៃប្រាសាទអង្គរវត្ត ជូនដល់អាជ្ញាធរអប្សារ ដែលត្រូវធ្វើឡើង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១ ខែធ្នូឆ្នាំ ២០១៥ ឲ្យដឹងថា ការប្រគល់នេះ ក្រោមខណ្ឌហិរញ្ញប្បទានឥតសំណងសម្រាប់ផ្នែកវប្បធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ៩៤លានយ៉េន។

ប្រភពដដែល ឲ្យដឹងថា ពិធីប្រគល់នោះ នឹងត្រូវធ្វើឡើងនៅសាលប្រជុំរបស់អាជ្ញាធរអប្សរា ខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក គូម៉ាម៉ារ៉ូ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក អាដាជី អ៊ីតស៊ុ ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជាផងដែរ៕