បារាំង និងប៊ែលហ្ស៊ិក ជម្រុញការ ស៊ើបអង្កេតរួមគ្នា បន្ទាប់ពីការ វាយប្រហារ នៅប៉ារីស

ប៉ារីស៖ ប្រទេស បារាំង និងប៊ែលហ្ស៊ិក មានបំណង ចង់បង្កើនការស៊ើបអង្កេត រួមគ្នារវាងបណ្តា ប្រទេសទាំងប្រាំបួន នៅអឺរ៉ុប ដែលកំពុងមាន ក្តីបារម្ភខ្ពស់ ចំពោះការគំរាមកំហែង ពីសំណាក់ពួកឧទ្ទាម បន្ទាប់ពីហេតុការណ៍ វាយប្រហារនៅទីក្រុង ប៉ារីស កាលពីខែវិច្ឆិកាកន្លងទៅនេះ នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាល បារាំង ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls និងសមភាគីប៊ែលហ៊្សិក លោក Charles Michel បានព្រមព្រៀងគ្នាការផ្តួចផ្តើម គំនិតទៅលើវិធានការណ៍ថ្មីនេះ ខណៈដែលថ្នាក់ដឹកនាំទាំងពីររូប ចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហា បម្រែបម្រួល អាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង ប៉ារីសកាលពីថ្ងៃចន្ទកន្លងទៅនេះ ។

ប្រទេស បារាំង និងប៊ែលហ្ស៊ិក មានបំណងចង់បន្ត និងពង្រីកនូវការចែករំលែក ព័ត៌មានរវាងគ្នា ទៅវិញទៅមករវាង បណ្តាប្រទេសពាក់ព័ន្ធទាំងអស់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគីដែលជាអ្នកផ្តួចផ្តើមគំនិតទាំងពីរ អាចនឹងរៀបចំ កិច្ចប្រជុំនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ តែមិនទាន់មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់ពី កាលបរិច្ឆេទពិតប្រាកដនៅឡើយទេ។

សូមជម្រាបថា បច្ចុប្បន្នបណ្តាប្រទេសនៅអឺរ៉ុប កំពុងមានក្តីបារម្ភជាខ្លាំងពីបញ្ហាសន្តិសុខសុវត្ថិភាព បន្ទាប់ពីមនុស្ស១៣០នាក់ ត្រូវបានសម្លាប់ក្នុងទីក្រុង ប៉ារីសកាលពីខែវិច្ឆិកាកន្លងទៅនេះ ពីសំណាក់ពួកឧទ្ទាមដែលភាគច្រើនមានប្រភពមកពីប្រទេស ប៊ែលហ្ស៊ិកតែម្តង៕

បារាំង និងប៊ែលហ្ស៊ិក ជម្រុញការ ស៊ើបអង្កេតរួមគ្នា បន្ទាប់ពីការ វាយប្រហារ នៅប៉ារីស