ទូត​អាមេរិក​មិន​សប្បាយ​ចិត្ត​ពី​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​នៅ​​ប្រទេស​ថៃ​

ទូត​អាមេរិក​មិន​សប្បាយ​ចិត្ត​ពី​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​នៅ​​ប្រទេស​ថៃ​

រូបភាពឯកសារ៖ អ្នកគាំ​ទ្រនិស្សិត​ជាប់ឃុំ ១៤​នាក់​តវ៉ានៅ​ខាងក្រៅ​តុលាការយោធា​ក្នុងទី​ក្រុង​បាងកក​ ប្រទេស​ថៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ថៃ​ថ្លែង​ថា​ ប្រទេស​ថៃ​ជួប​នឹង​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​ក្លា​ ក្នុង​ការ​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ពេល​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៧។ បាងកក—

ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេសថៃ​ថ្លែង​ថា​ ប្រទេស​ថៃ​ជួប​នឹង​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​ក្លា​ ក្នុង​ការ​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ពេល​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៧។​ ការ​ព្រួយ​បារម្ភ​ចម្បង​នោះ​គឺ​ការ​ប្រើ​ប្រាស់​ច្បាប់​ដោយ​រដ្ឋាភិបាល​យោធា​ដែល​គាប​សង្កត់​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ។​ ​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ទី​ ២៥​ ខែ​វិច្ឆិកា​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោកGlyn Davies​ បាន​និយាយ​ថា​ ខណៈ​ដែល​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ថៃ​និង​សហរដ្ឋ​អាមេរិក​នៅ​មាន​សភាព​រឹង​មាំ​ ប៉ុន្តែ​ការ​ដាក់​កំហិត​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ប្រើប្រាស់​តុលាការ​យោធា​ក្នុង​រឿង​ក្តី​ជន​ស៊ីវិល​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ការ​ពិភាក្សា​ពី​បញ្ហា​នានា​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ។

«ពួក​យើង​អំពាវនាវ​ថា​ មិន​ត្រូវ​កាត់​ទោស​ជន​ស៊ីវិល​នៅ​ក្នុង​តុលាការ​យោធា​នោះ​ទេ។​ ពួកយើង​គិត​ថា​ វា​មាន​សារៈ​សំខាន់​ដែល​ពួក​យើង​ត្រូវ​ជឿជាក់​ទៅ​លើ​នីតិរដ្ឋ។​ ពួក​យើង​ជឿ​ជាក់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ពួក​យើង​ជឿជាក់​ទៅ​លើ​សិទ្ធិ​មនុស្ស​ក្នុង​ការ​ការពារ​នៅ​ចំពោះ​មុខ​តុលាការ​ ហើយ​ពួក​យើង​បាន​ឃើញ​ការ​លំបាក​ ពួក​យើង​ឃើញ​ពី​បញ្ហា​ពិត​ប្រាកដ​ដែល​ជន​ស៊ីវិល​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​យោធា​នោះ»។​

តាំង​ពី​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា​មក​ រដ្ឋាភិបាល​យោធា​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់​ធ្នាប់​បាន​ដាក់​កំហិត​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​ និង​ពិនិត្យ​យ៉ាង​ដិតដល់​ទៅ​លើ​ការ​ប្រជុំ​និង​សិក្ខាសាលា​នានា។​

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថៃ​ស្តី​ពី​ច្បាប់​សិទ្ធិ​មនុស្ស​ ក្រុម​យោធា​បាន​កោះហៅ​ និង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​ ៨០០​ នាក់​រួម​ទាំង​ក្រុម​បញ្ញវ័ន្ត​៦០នាក់​ និង​អ្នក​កាសែត​ផង​ដែរ។​
មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ឃាត់​ខ្លួន​ដើម្បី​សាកសួរ​និងឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អប់រំ​កែប្រែ​ដែល​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ មុន​នឹង​ពួក​គេ​ត្រូវ​បាន​ដោះ​លែង។​ អ្នក​រិះគន់​ខ្លះ​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស។​

លោក​ Davies បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចាប់​ដាក់​គុក​រយៈពេល​យូរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ទៅ​លើ​បុគ្គល​ណា​ម្នាក់​ពី​បទ​បំពាន​ច្បាប់ប្រមាថ​ព្រះមហាក្សត្រ​ឬ​ Les Majeste Law ​ដែល​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ណា​ដែល​រិះគន់​គ្រួសារ​រាជវង្ស​ថៃ។​

«ក្នុងរយៈ​ពេល​ ៧​ខែ​ចុង​ក្រោយ​នេះ​ ពួក​យើង​ឃើញ​ពី​ កម្រិត​នៃ​បទ​បរិហាកេរ្តិ៍​ប្រឆាំង​នឹង​អ្នក​កាសែត​និង​អ្នក​ដទៃ​ទៀត​ ក៏​ដូច​ជា​ការ​ឃុំ​ខ្លួន​ដោយ​ពុំ​មាន​ការ​ចោទ​ប្រកាន់​ ទៅ​លើ​បុគ្គល​ណា​ដែល​គ្រាន់​តែ​បញ្ចេញ​មតិ​ ឬ​រាយការណ៍ព័ត៌មាន​ណា​មួយ​ដែល​អាជ្ញា​ធរ​គិត​ថា​ជា​ព័ត៌មាន​រសើប​នោះ‍»។

លោក​ Davies ដែល​ជា​អ្នក​ការទូត​ជើង​ចាស់​មួយ​រូប​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ទទួល​យក​ដំណើរការ​មួយ​ដែល​មាន​ការ​ចូលរួម​ដោយ​គ្រប់​ភាគី​ តាម​រយៈ​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​អំពី​អនាគត​នយោបាយ​ប្រទេស​ ដើម្បី​ធានា​នូវ​ស្ថិរភាព​យូរ​អង្វែង។​

គណៈកម្មាធិការ​ធ្វើ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ថៃ​ កំពុង​សរសេរ​សេចក្តី​ព្រាង​ទី២​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​យោធា​នា​ពេល​បច្ចុប្បន្ន។​ សេចក្តី​ព្រាង​នៃ​ធម្មនុញ្ញ​ដំបូង​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ​ដោយ​ក្រុម​ប្រឹក្សាជាតិ​កំណែ​ទម្រង់​ដែល​ក្រុម​យោធា​បាន​តែងតាំង។​
គណៈកម្មាធិការ​សេចក្តី​ព្រាង​ថ្មី​ឥឡូវ​នេះ​ មាន​ពេល​ ៦ខែ​ដើម្បី​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​ មុន​ពេល​មាន​ការ​ធ្វើ​ប្រជាមតិ​និង​ការ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ ២០១៧៕​

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា​