អ្នក​ភ្នំពេញ​ប្រាប់​ថា​ ជិះ​ទៅ​ធ្វើ​ការ​ម៉ោង​ ៦ ព្រឹក​ជា​​វិធី​ប្រសើរ​បំផុត?

អ្នក​ភ្នំពេញ​ប្រាប់​ថា​ ជិះ​ទៅ​ធ្វើ​ការ​ម៉ោង​ ៦ ព្រឹក​ជា​​វិធី​ប្រសើរ​បំផុត?

​មាន​អ្នក​រស់​នៅ​ភ្នំពេញ​មួយ​ចំនួន​បាន ប្រាប់​ថា​ការ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​​នៅ​ម៉ោង ៦ ព្រឹក​ជា​​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​គេច​ពី​ការ​ជាប់​ខ្លួន​ក្នុង​កំណក​ស្ទះ​ចរាចរណ៍។

 

​លោក ទ្រី បាង​ ជា​មេការ​សំណង់​នៅ​ការដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ Sabay ថា​លោក​តែង​តែ​ចេញ​ដំណើរ​ពី​ផ្ទះ​នៅ​ចោម​ចៅ​ មុន​ម៉ោង​៦​ព្រឹក​ទៅ​ទៀត​ ព្រោះ​លោក​អះអាង​ថា​ម៉ោង​ថ្មើរ​នេះ គ្រប់​ផ្លូវ​មិន​ស្ងាត់​ពេក​ មិន​ចង្អៀត​ពេក​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។ «ជិះ​ថ្មើរ​ហ្នឹង​ស្រួល​ហ្មង! តែ​ម្ភៃ​នាទី​ទេ​ដល់​កន្លែង​ធ្វើ​ការ​ហើយ បើ​ចេញ​ម៉ោង​ប្រាំពីរ ប្រាំ​បី​អី​វិញ​ ដឹង​តែ​​មួយ​ម៉ោង​ជាង​បាន​ដល់​កន្លែង​ធ្វើ​ការ!»។ លោក​បាង​បាន​បន្ថែម។

 

 

អ្នក​ភ្នំពេញ​ប្រាប់​ថា​ ជិះ​ទៅ​ធ្វើ​ការ​ម៉ោង​ ៦ ព្រឹក​ជា​​វិធី​ប្រសើរ​បំផុត?

(ស្ថានភាពចរាចរណ៍ មហាវិថីព្រះមុនីវង្ស ម៉ោង ៦ ព្រឹកនេះ)

 

 

ចំណែក​កញ្ញា​ ស៊ឹម សុទីណា​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​បាន​ឱ្យ​ដឹង​ដែរ​ថា​ កញ្ញា​​ត្រូវ​ចេញ​ពី​ផ្ទះ​នៅ​ច្បារ​អំពៅ​ម៉ោង​៦​ព្រឹក​។ ទីណា​ថ្លែង​ថា« បើ​ខ្ញុំ​ជិះ​លេង​ៗ​ ប្រហែល​ម្ភៃ​នាទី​​អី​ ដល់​សាលា​ហើយ​សល់​ពេល​មើល​មេរៀន​ទៀត! បើ​ជិះ​រៀង​លឿន ដប់​ប្រាំ​នាទី​អី​ដល់​ហើយ​!»។ ការ​ចេញ​ដំណើរ​នៅ​ម៉ោង​ ៦ ព្រឹក​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ទីណា​គេច​ផុត​ពី​​ការ​កក​ស្ទះ​ចរាចរណ៍​នោះ​ទេ តែ​ក៏​បាន​ជួយ​សន្សំ​សំចៃ​ ពេល​វេលា​ និង​ ថ្លៃ​សាំង​ម៉ូតូ​របស់​នាង​​ផង​ដែរ។

 

 

ស្រដៀង​គ្នា​នេះ​ដែរ​ លោក ហេង ឡុង ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ បាន​ប្រាប់​​ដែរ​ថា​ ​ការ​ចេញ​ដំណើរ​ពី​ផ្ទះ​នៅ​ម៉ោង​ ៦ ព្រឹក​ជា​ពេល​វេលា​ដ៏​ល្អ​ សម្រាប់​អ្នក​មិន​ចង់​ធ្វើ​ដំណើរ​ក្នុង​កំណក​ស្ទះ​ចរាចរណ៍។
លោក​ឡុង​លើក​ឡើង​ថា​ «ព្រោះ​អី​ម៉ោង​ថ្មើរ​ហ្នឹង​បើ​និយាយ​ពី​អាកាសធាតុ​វិញ​ មិន​ទាន់​ក្ដៅ​ទេ​ និយាយ​ទៅ​វា​អំណោយ​ផល​ តែ​អត់​និយាយ​ពី​ខែ​ភ្លៀង​ទេ​ណា​! ហើយ​មួយ​ទៀត​ ម៉ោង​ប្រាំ​មួយ​ក៏​សុវត្ថិភាព​​ដែរ​មនុស្ស​មិន​តិច​មិន​ច្រើន ព្រោះ​អ្នក​ខ្លះ​បើ​ធ្វើ​ដំណើរ​​ម៉ោង​ប្រាំ​​អី​ផ្ទះ​គាត់​ស្ងាត់​​ តែ​បើ​ម៉ោង​ប្រាំ​មួយ​ហើយ​មនុស្ស​ម្នា​ចេញ​ដើរ​ហាត់​ប្រាណ​បណ្ដើរ​ៗ​ហើយ​ អញ្ចឹង​ខ្ញុំ​គិត​ថា​វា​ល្អ!»៕

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​ដូច​ពួក​គាត់​អត់?

 

 

អត្ថបទ៖ ណេង​ ណេង​​​