មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​ពាក់ព័ន្ធ​ច្បាប់​ហរិ​ញ្ញ​វត្ថុ​មាន​វិជ្ជមាន​និង​អវិជ្ជមាន

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​ពាក់ព័ន្ធ​ច្បាប់​ហរិ​ញ្ញ​វត្ថុ​មាន​វិជ្ជមាន​និង​អវិជ្ជមាន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សមាជិក​សមាជិកា​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប បាន​លើកដៃ​អនុម័ត​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦​រួច​ហើយ​យ៉ាងណា​ក្តី​ក៏​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ច្បាប់​នេះ​មាន​លក្ខណៈ​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ ។

អ្នកនាំពាក្យ​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យ៉ែ​ម បុញ្ញឫទ្ធិ បាន​លើក​ឡើង​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ មាន​លក្ខណៈ​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ មានការ​កើនឡើង​ទាំង​ចំណូល មានការ​កើនឡើង​ទាំង​ចំណាយ និង​ការ​ខ្ចី​ឥណទាន​បរទេស​ចំនួន​៧00​លាន SDR (​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​លើក​ឡើ​ថា ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ចំណូល​មានការ​កើនឡើង​ខ្លះ ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ពេញលេញ​ត្រឹមត្រូវ​ទេ ។ ភាព​ជា​វិជ្ជមាន​ក្នុង​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ ជា​ពិសេស​មានការ​ដំឡើង​កញ្ចប់​ថវិកាជាតិ​លើ​វិស័យ​អប់រំ​។ ត្រូវ​ខិតខំ​បង្កើន​ចំណូល កាត់​បន្ថយ​ចំណាយ​មិន​ចាំបាច់ ដោយ​រៀបចំ​ធ្វើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ពិតប្រាកដ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ ថ្លែង​ថា ការ​យកចិត្តទុកដាក់​លើ​គុណភាព​គ្រូបង្រៀន ដោយ​មានការ​ដំឡើង​ប្រាក់ខែ មាន​គម្រោង​បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និង​ពង្រឹង​គរុកោសល្យ​គ្រូបង្រៀន​បន្ថែម ហើយ​បន្ថែម​អធិការកិច្ច​ទាំង​អធិការកិច្ច​ខាងក្នុង និង​អធិការកិច្ច​ខាងក្រៅ ទាំងនេះ​តម្រូវ​ឲ្យ​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​កំណែទម្រង់ ។ ឈរ​លើ​មូលដ្ឋាន​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានគុណ​ភាព​ពិតប្រាកដ​តាម​រយៈ​វិស័យ​អប់រំ ជា​ឧបករណ៍​ដ៏​សំខាន់​បំផុត​សម្រាប់​អនាគត​យុវជន និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

ក្នុង​សេចក្តីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ កម្ពុជា​គ្រោង​ចំណាយ​ថវិកា​សរុប​ក្នុង​រង្វង់​ទឹកប្រាក់​១៧.៤៦២.៤៧៧​លាន​រៀល (​ប្រហែល​៤.៣៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ចំនួន​នេះ​មាន​កំណើន​១៦,១​ភាគរយ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ស្មើនឹង​២១,៣១​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ។

ថវិកា​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ មាន​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ​កំណត់​ចំណាយ​ចរន្ត​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ចំនួន​១១.១៥៦.៩៨៩​លាន​រៀល គឺ​មាន​កំណើន​២០,៣​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​១៣,៦២​ភាគរយ​នៃ ផ​.​ស​.​ស ដែល​ក្នុង​នោះ​រួម​មាន ៖

-​ចំណាយ​លើ​បន្ទុក​បុគ្គលិក រួម​មាន​បៀវត្សរ៍​មូលដ្ឋាន ប្រាក់​បំណាច់​មុខងារ ប្រាក់​ឧបត្ថម្ភ​និវត្តជន លាភការ និង​រង្វាន់​ផ្សេង​ៗ សម្រាប់​បុគ្គលិក​ក្រប​ខណ្ឌ​អចិន្ត្រៃយ៍ មន្ត្រី​ជាប់កិច្ចសន្យា ត្រូវ​បាន​គ្រោង​ចំនួន​៥.៦៣៦.៣៣៩​លាន​រៀល មាន​សមាមាត្រ​៥០,៥២​ភាគរយ​នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ គឺ​មាន​កំណើន​២៣,៤​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ក្នុង​នោះ​បាន​គ្រោង​ដំឡើង បៀវត្ស​មូលដ្ឋាន​ក្នុង​អត្រា​១២​ភាគរយ អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៦ ។

ដោយឡែក សម្រាប់​ចំណាយ​ក្រៅ​បន្ទុក​បុគ្គលិក ត្រូវ​បាន​គ្រោង​ចំនួន ៥.៥២០.៦៥០​លាន​រៀល មាន​សមាមាត្រ ៤៩,៤៨​ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ គឺ​មាន​កំណើន ១៧,២​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​៦,៧៤ ភាគរយ​នៃ ផ​.​ស​.​ស ។

ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ត្រូវ​បាន​វិភា​ជន៍​តាម​វិស័យ ដោយ​ផ្អែក​លើ​តម្រូវការ និង​អាទិភាព​ចាំបាច់​ដូច​ជា ៖
-​វិស័យ​រដ្ឋបាល​ទូទៅ ត្រូវ​បាន​គ្រោង​ចំនួន​១.៥៩៧.១៨០​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​១៤,៣២​ភាគរយ​នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ មាន​កំណើន​២១,០​ភាគរយ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​១,៩៥​ភាគរយ​នៃ ផ​.​ស​.​ស ។ ក្នុង​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​គ្រោង​ចំនួន​១១៤.៨៣៩​លាន​រៀល រដ្ឋសភា​ត្រូវ​បាន​គ្រោង​ចំនួន​១៤០.៦២០​លាន​រៀល ក្រសួង​មុខងារសាធារណៈ​គ្រោង​ចំនួន​៣៨.៣៦៤​លាន​រៀល ។

-​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​បាន​គ្រោង​ចំណាយ​ចំនួន​២.៧៧២.៨៥៧​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​២៤,៨៥​ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ មាន​កំណើន​១៩,៧​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​៣,៣៨​ភាគរយ​នៃ​ផ​.​ស​.​ស ។ ក្នុង​នោះ ក្រសួងការពារជាតិ ត្រូវ​បាន​គ្រោង​ចំនួន ១.៥៥១.២០៧​លាន​រៀល ក្រសួងមហាផ្ទៃ ត្រូវ​បាន​គ្រោង​ចំនួន ១.១២៧.៤១១​លាន​រៀល ។

-​វិស័យ​សង្គមកិច្ច ត្រូវ​បាន​គ្រោង​ចំនួន​៤.២៩១.៤៤១​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​៣៨,៥​ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​មាន​កំណើន​១៩,៧​ភាគរយ ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥​។ ក្នុង​នោះ ក្រសួង​អប់រំ​ត្រូវ​បាន​គ្រោង​ចំនួន ២.០២៩.៨៩៧​លាន​រៀល ក្រសួង​ការងារ​ត្រូវ​បាន​គ្រោង​ចំនួន ១៧១.៣០០​លាន​រៀល ក្រសួងសុខាភិបាល ត្រូវ​បាន​គ្រោង​ចំនួន​១.១១០.៧៩១​លាន​រៀល ។

-​វិស័យសេដ្ឋកិច្ច ត្រូវ​បាន​គ្រោង​ចំនួន ១.១៤៥.៥៥៧​លាន​រៀល មាន​សមាមាត្រ​ស្មើនឹង​១០,៣៥​ភាគរយ នៃ​ចំណាយ​ចរន្ត​ថវិកាជាតិ មាន​កំណើន​១៦,១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥​។ ក្នុង​នោះ ក្រសួងកសិកម្ម ត្រូវ​បាន​គ្រោង​ចំនួន ១៨៨.០២៥​លាន​រៀល ក្រសួង​ធនធានទឹក​ត្រូវ​បាន​គ្រោង​ចំនួន ៩៣.៤១៧​លាន​រៀល ក្រសួង​សាធារណការ ត្រូវ​បាន​គ្រោង​ចំនួន ៣៦៦.២៨០​លាន​រៀល ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូវ​បាន​គ្រោង​ចំនួន​១៤៦.១២៥​លាន​រៀល ។

ជាមួយ​គ្នា​នេះ សម្រាប់​ឆ្នាំ​២០១៦ ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​រង្វង់​៧,០​ភាគរយ ដែល​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​)

តាម​ថ្លៃ​បច្ចុប្បន្ន​មាន​ចំនួន ៨១.៩៣៤ប៊ី​លាន​រៀល គឹ​ប្រមាណ​ជា​២០.២៣១​លាន​ដុល្លារ ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់​ៗ​រំពឹង​ថា នឹង​ទទួល​បាន ១.៣២៥​ដុល្លារ ៕