ជីវិត​ជា​ទាសករ​លើ​ទូក​នេសាទ​ថៃ​

Sanofi

​រំឭក​ពី​ព្យុះ​បោកបក់​ក្នុង​ជីវិត​ដែល​មិនអាច​បំភ្លេចបាន នៅពេល​ធ្វើ ជា​ទាសករ​លើ​ទូក​នេសាទ​ថៃ​នោះ លោក សយ រឹម អាយុ ៤២ ឆ្នាំ បាន​រៀបរាប់​ប្រាប់​ទស្សនា​វ​ដ្តី «​ប្រជាប្រិយ​» ទាំង​អារម្មណ៍​ក្ដុកក្តួល​ថា លោក​មានស្រុក កំណើត​នៅ​ភូមិ​ឃ្លៃ ឃុំ​ជម្ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្តកំពត មានមុខរ​បរជាកសិក​រ ដែលមាន​ប្រពន្ធ​ឈ្មោះ មិន លន ជា​កសិករ​ដូចគ្នា មានកូន​ចំនួន ២ នាក់ នៅក្នុង​បន្ទុក ។ មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​លោក​ត្រូវ​ធ្លាក់ខ្លួន​ទៅធ្វើ​ទាសករ​លើ​ទូក​នេសាទ​ថៃ​នោះ គឺ​ដោយសារតែ​ទំនេរ​ពីរ​បរស្រែ​ចម្ការ​លោក​ក៏​ចង់បាន​ប្រាក់ចំណូល​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

គាប់​ជួន​ពេលនោះ​មាន​មេខ្យល់​ម្នាក់​ឈ្មោះ អ៊ឹម ប្រុស ដែលជា​អ្នក​ស្គាល់គ្នា​នៅក្នុង​ស្រុកភូមិ​ក្បែរ​គ្នា​នេះដែរ បានមក​អូសទាញ​លោក និង អ្នកភូមិ ១៣ នាក់ ផ្សេងទៀត​ឱ្យទៅ​ធ្វើការ​ជា​កម្មករ​ខ្ចប់​ផ្សិត ដក​ផ្សិត នៅ​ប្រទេស​ថៃ ដោយ​សន្យាថា​នឹង​បានទទួល​ប្រាក់ខែ​ក្នុង​មួយខែ ៩ ០០០ បាទ ។ ដោយ​ការជឿទុកចិត្ត​ពី​មេខ្យល់​ដែលជា​អ្នក​ស្គាល់គ្នា និង ដោយមាន​អ្នកភូមិផង​របង​ជាមួយ​រួម​ដំណើរ​ទៅជា​មួយ​ជាង ១០ នាក់​ផង​នោះ លោក​ក៏​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ពលករ​ដក​ផ្សិត​នៅ​ប្រទេស​ថៃ​តាម​ការ​ណែ​នាំ​ពី​មេខ្យល់ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការគ្រោងទុក​ឡើយ ពោលគឺ​មេខ្យល់​ដែលជា​អ្នក​បំផុសបំផុល​កាលពី​នៅ​ស្រុកកំណើត​នោះ បាន​ជូន​លោក និង អ្នក​ចំណាក ស្រុក​ផ្សេងទៀត​ដល់​ត្រឹមតែ​ស្រុក​ស្វាយ​ស៊ីសូផុន ខេត្តបន្ទាយមានជ័យ ក្បែរ​ជាយដែន​ថៃ​ប៉ុណ្ណោះ ។

ក្រោយពី​ធ្វើដំណើរ​ពី​ខេត្តកំពត​ទៅដល់​ជាយដែន​ថៃ​ហើយ​នោះ ក៏មាន​មេខ្យល់​ម្នាក់ទៀត​ឈ្មោះ អ៊ឹម សំណាង ជា​អ្នក​នាំ​ផ្លូវ​បន្តទៅ​ទឹកដី​ថៃ ដោយ​គេ​ប្រាប់ថា នាំយកទៅ​ខ្ចប់​ផ្សិត និង ដក​ផ្សិត​ដដែល មេខ្យល់​នោះ​ក៏បាន​លាក់បាំង​មិន​ឱ្យដឹងពី​ការ​ឆបោក​នោះឡើយ ។ ដោយ​ចេះតែ​មិន​ទុក​ចិត្តនឹង​ខ្លាច​ផុងខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នោះ លោក​ក៏បាន​ឆ្លៀត​សួរ​មេខ្យល់​នោះ​ជាច្រើន​ដង ព្រោះ​ខ្លាចក្រែង​គេ​នាំ​លោក និង កម្មករ​ផ្សេងទៀត​ទៅធ្វើ​ការ​លើ​ទូក ព្រោះ​ថាបើ​ទៅធ្វើ​ការ​លើ​ទូក​គឺ​លោក​មិន​ទៅធ្វើជា​ដាច់ខាត ។

មុននឹង​ចូលដល់​ក្នុង​ទូក លោក​ក៏បាន​ឆ្លៀត​ទូរស័ព្ទ​មក​មេខ្យល់​ឈ្មោះ អ៊ឹម ប្រុស ដើម្បី​សួរ​បញ្ជាក់ថា តើ​គេ​នឹង​បញ្ជូន​លោក​ទៅណា ព្រោះ​ឃើញ​ស្ថានការណ៍​ដូចជា​មិន​ស្រួល​? ប៉ុន្តែ​មេខ្យល់​ដដែល​នៅតែ​អះអាងថា គេ​នាំ យកទៅ​ខ្ចប់​ផ្សិត ដក​ផ្សិត​ដដែល រហូតដល់​គេ​បញ្ជូន​ពួកគាត់​ឡើង​ទៅលើ​ទូក​កាន់តែ​ឆ្ងាយ​ទៅៗ គ្មាន​កោះ​គ្មាន​ត្រើយ ហើយ​សេវា​ទូរស័ព្ទ​ក៏​គ្មាន​មិនអាច​ទំនាក់ទំនង​ទៅ​គ្រួ​សារបាន ទើប​លោក​ដឹង​យ៉ាងច្បាស់​ថា លោក​ត្រូវបាន​ចាញ់ បោក​មេខ្យល់​ហើយ ។

ជីវិត​ជា​ទាសករ​លើ​ទូក​នេសាទ​ថៃ លោក សយ រឹម បាន​រៀប​រាប់ទាំង​អារម្មណ៍​ក្តុកក្តួល​ថា គេ​បាន​កុហក​លោក​ថា លោក​ត្រូវ​ទៅធ្វើ​ការ​នៅ​កំពង់ផែ ដោយ​ត្រូវ​ជិះទូក​ចំនួន ២​យប់ ២​ថ្ងៃ ទើប​ដល់​កំពង់ផែ​នោះ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ គឺ​លោក និង ពលករ​ដទៃទៀត​ត្រូវ​ជិះទូក​រហូតដល់​មួយខែ ទើប​ទៅ ដល់​គោលដៅ ហើយ​ពេលទៅដល់​ទីនោះ​ក៏​គេ​តម្រូវឱ្យ​ចុះ​ចាប់​ត្រី​តែម្តង ។ ពេលនោះ​លោក​គ្មាន​សង្ឃឹមថានឹង​មានជីវិត​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ​នោះឡើយ ព្រោះ​នៅលើ​ទូក​នោះ​មិនដែល​បាន​ស្គាល់​ជាន់ដី​លើគោក​ម្តងណា​ឡើយ គឺ​នៅលើ​ទូក​កណ្តាល​សមុទ្រ​គ្មាន​កោះ​គ្មាន​ត្រើយ រហូតដល់​ទៅ ២ ឆ្នាំ ៤ ខែ ទើប​មាន​វាសនា​បាន​ត្រឡប់មកផ្ទះ​វិញ ។

និយាយ​មកដល់​ចំណុច​នេះ លោក សយ រឹម បាន​ថ្លែង​ពី​ទុក្ខវេទនា​យ៉ាង​ឈឺចាប់​ថា លោក​ត្រូវបាន​ថៅកែ​ដែលជា​ជនជាតិ​ថៃ​ធ្វើបាប​ដោយ​ការ​ជេរប្រទេច​ដាក់​បណ្តាសា ហើយក៏​មានប្រើ​អំពើហិង្សា​មកលើ​លោក​ផងដែរ ដូចជា​ទះកំផ្លៀង ឈូស​នឹង​ជើង ជាដើម ។ លោក​មិនដែល​បាន​ដេក​ឆ្អែត​ម្តងណា​ឡើយ ព្រោះ​ត្រូវ​ឡើង​ចាប់​ត្រី និង ជញ្ជូន​ត្រី​គ្មាន​ពេល​សម្រាក​ឡើយ គឺ​មួយថ្ងៃ​បាន​សម្រាក​ពី ៣ ទៅ ៤ ម៉ោង​ប៉ុណ្ណោះ ។ ចំពោះ​ការហូបចុក​នោះ​វិញ លោក​បញ្ជាក់ថា នៅលើ​ទូក​នោះ​គឺមាន​ចុងភៅ​ម្នាក់​ជា​អ្នក​ចម្អិន​ម្ហូបអាហារ​ឱ្យ​ពួកកម្មករ ដោយ​កំណត់ថា បើ​ធ្វើការ​មិនទាន់​ហើយ គឺ​មិន​អនុញ្ញាតឱ្យ​ហូបបាយ​ឡើយ ហើយ​ចំពោះ​បាយ​ទៀត សោត​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ចម្អែត​ក្រពះ​ក្នុង​មួយពេលៗ​ដែរ គឺ​ហូប​ឱ្យតែ​រស់​ប៉ុណ្ណោះ ។

លោក​បាន​និយាយ​ទាំង​សម្តី​អួលដើមក​ថា ជីវិត​ជា​ទាសករ​លើ​ទូក​នេសាទ​ប្រៀបបាន​ទៅនឹង​ការរស់នៅ​ក្នុង​ជំនាន់ ប៉ុល ពត យ៉ាង​ដូច្នេះ​ដែរ ព្រោះថា​ត្រូវ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ពេល​សម្រាក ត្រូវគេ​ជេរប្រទេច​ដាក់​បណ្តាសា វាយដំច្រំធាក់​ដូចជា​សត្វ​ធាតុ ហើយ​អ្វីដែល​កាន់តែ​កម្សត់ និង ជូរចត់​ក្នុង​ជីវិត​ទៀត​នោះ គឺ​ការបែកបាក់​គ្រួសារ​ជាទី​ស្រឡាញ់ ដែល​ស្ទើរតែ​គ្មាន​សង្ឃឹម ថា​នឹង​បាន​ជួប​មុខ​គ្នា​វិញ ។

ការ​សង្ឃឹមថា ការធ្វើ​ចំណាកស្រុក​របស់ខ្លួន​នឹង​អាច​ស្រោចស្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង តែ​បំណងប្រាថ្នា​ទាំងអស់ នោះ​បែរជា​រលាយ​រលត់​អស់ ដោយ​ការចាញ់បោក​មេខ្យល់​មក​រសាត់អណ្តែត​កណ្តា​លម​ហា​សាគរ​គ្មាន​កោះ​គ្មាន​ត្រើយ ណាមួយ​បារម្ភ​ពី​កូន​ប្រពន្ធ​ដែល​កំពុង​រង់ចាំ​មើលផ្លូវ​នៅឯ​ស្រុកកំណើត ណាមួយ​សង្វេគ​ខ្លួន​ដែល​មិនដឹងថា​នឹង​ស្លាប់ចោល​ឆ្អឹង​នៅលើ​ទូក​កណ្តាល​សមុទ្រ​នេះ ឬ យ៉ាងណា​នោះទេ​? លោក សយ រឹម បាន​បញ្ជាក់ថា លោក​ដូចជា​បាន​រស់​ឡើងវិញ​ម្តងទៀត នៅពេលដែល​ម្ចាស់​ទូក​នេសាទ​ថៃ​បាន​សម្រេចចិត្ត​បញ្ជូន​លោក និង បងប្អូន​ខ្មែរ​ផ្សេងទៀត​ឱ្យមាន​សេរីភាព​បាន​វិល​ត្រឡប់មក​ទឹកដី​កំណើត​ជួបជុំ​ប្រពន្ធ​កូន​ឡើងវិញ ដោយ​លោក​មិនបាន​ដឹងថា តើ​មានការ​អន្តរាគមន៍​ពី​អង្គការ ឬ ក្រសួង​ដែល​ពាក់ព័ន្ធ​ណាខ្លះ​ឡើយ ក្រោយពី​រងទុក្ខវេទនា​អស់​រយៈពេល ២​ឆ្នាំ ៤ ខែ ហើយ​នោះ ។

ទោះបីជា​យ៉ាងណា ក្រោយពេល​លោក​ត្រឡប់​មកដល់​ភូមិ​ស្រុក​វិញ​នោះ លោក​ក៏បាន​ដឹងថា មេខ្យល់​ឈ្មោះ អ៊ឹម ប្រុស ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ឃុំឃាំង​បាត់ទៅហើយ ។ យោងតាម​ប្រសាសន៍​របស់​ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់ «​ប្រជាប្រិយ​» ឱ្យដឹងថា ចំនួន​ពលករ​ខ្មែរ​ដែល​បាន​រំដោះ​មកវិញ ក្រោយ ពី​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ក្នុង​រយៈកាល ៨ ខែ ក្នុង​ឆ្នាំ ២០១៥ នេះ​មាន​ចំនួន​ជាង ៤០០ នាក់ ។

ពលករ​ខ្មែរ​បាន​ចាញ់បោក​មេខ្យល់​ថា នាំទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​ថៃ តែ​ត្រូវគេ​យកទៅលក់​ធ្វើជា​ទាសករ​ឱ្យធ្វើ​ការ​នៅលើ​ទូក​នេសាទ​ថៃ ចំណែកឯ​ទូក​នេសាទ​ថៃ​នោះ​ទៅធ្វើ​ការនេសាទ​រហូតដល់​ដែនសមុទ្រ​របស់​ឥណ្ឌូណេស៊ី ។ ដោយមាន​ការសហការ​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី និង អជ្ញាធរ​ឥណ្ឌូណេស៊ី រួម​នឹង​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ (IOM) បានរៀបចំ​ធ្វើ​មាតុភូមិ​និវត្ត​ពលករ​ខ្មែរ​ជាង ៤០០ នាក់ ឱ្យមក​ប្រទេស​កំណើត​វិញ​ដោយ​សុ​វ​តិ្ថ​ភាព ៕​សយ ស៊ីណា​
​ ​ ​ ​ ​ ​

Related