ឃាត់​ករ​កាប់សម្លាប់​ឪពុក​ម្តាយក្មេក ប្រពន្ធ និង​កូនៗ​នៅ​ស្រុក​ចំការលើ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​

​ខេត្តកំពង់ចាម​៖​ឃាតករ​ដែល​កាប់​ក្រុមគ្រួសារ​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់ នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​នោះ ត្រូវ​រថយន្ត​បើក​បុក និង​កិន​បែកក្បាល​ខ្ទេច​ស្លាប់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១៥​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា គ្រា​ដែល​កម្លាំង​នគរបាល​បាន​ប្រទាក់ក្រឡា​តាម​ប្រមាញ់​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​ក៏ដូចជា​តាម​មាត់ច្រក​ព្រំដែន​ផង​នោះ ក៏បាន​ប្រទះឃើញ​សាកសព ដែល​ឡាន​កិន​ខ្ទេច​ក្បាល​ម្នាក់ ដែល​យើង​សង្ស័យថា​ជា​ឃាតករ ឈ្មោះ អេង ធី សម្លាប់​ឪពុក​ម្តាយក្មេក ប្រពន្ធ​កូន នៅវេលា​ម៉ោង​ប្រមាណ​៩ និង​១៥​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ២០១៥​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ​ក្នុងភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​» ។​

​គួរ​បញ្ជាក់ថា ឃាតករ​ឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ បាន​កាប់សម្លាប់​ក្រុមគ្រួសារ​របស់ខ្លួន ដោយ​គ្មាន​ញញើត​ដៃ បណ្តាល​ឲ្យ​ម្តាយក្មេក ប្រពន្ធ និង​កូនប្រុស​ស្រី​តូចៗ​២​នាក់ ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ខណ​:​ឪពុកក្មេក​បាន​រងរ​បួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​ក្រុមគ្រួសារ​ជនរងគ្រោះ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ពឺ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា សាកសព​បែកខ្ទេច​ក្បាល​មើល​មិន​យល់ ហើយ​រថយន្ត​បាន​គេចខ្លួនបាត់​។ ដើម្បី​ដោះស្រាយ​ភាព​សង្ស័យ យើង​បាន​ទៅ​ដឹក​សាក្សី​ចំនួន​៨​នាក់ រួមមាន​កូនដើម​ប្រពន្ធ ប្អូនថ្លៃ​ប្រពន្ធ និង​អ្នកជិតខាង ពិសេស​ឈ្មោះ លន់ ភឿន ដែល​បាន​ផឹកស៊ី​ជាមួយ បាន​ទៅ​ជួយ​ពន្លត់ភ្លើង​ជាមួយ​ឪ​ក្មេក​ឃាតក និង​ត្រូវបាន​ឃាតក ដេញ​កាប់​ពេលនោះ​ដែរ បាន​អះអាង ថា​ពិតជា​ខ្មោច អេង ធី ដោយ​ចំណាំ​ខោអាវ សម្លាក​លើ​ខ្លួន ជាដើម​។ ដើម្បី​ឲ្យ​កាន់តែ​សុក្រឹត ស្របតាម​និតិ​វិធី​ដែល​ច្បាប់​បានកំណត់ ផ្នែក​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ខេត្ត បាន​ផ្តិត​យក​ក្រ​យ៉ៅ​ដៃ របស់​សាកសព​ដើម្បី​ផ្ទៀងផ្ទាត់ និង​ក្រ​យ៉ៅ​ដៃ​ក្នុង​ម៉ាស៊ីន Computer ដែល​ឃាតករ បានមក​ធ្វើ​អត្តសញ្ញាណ​៕

ឃាត់​ករ​កាប់សម្លាប់​ឪពុក​ម្តាយក្មេក ប្រពន្ធ និង​កូនៗ​នៅ​ស្រុក​ចំការលើ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​