អ៊ុំ សំអាន៖ រដ្ឋាភិបាល​ប្រើ​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សម័យ​យួន​ត្រួត​ត្រា​ខ្មែរ

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ បានបង្ហាញជំហររបស់ខ្លួន ថារដ្ឋាភិបាល ត្រូវតែប្រ់ប្រាស់ផែនទី សម័យ​បារាំង​គ្រប់គ្រង ដែលតម្កល់នៅអង្គការសហប្រជាជាតិ។ ធ្វើការផ្ទៀងផ្ទាត់ផែនទី ជាមួយនិងផែនដី តាមរយៈ​ផែនទី UTM មិន​អាច​យក​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ សម្រាប់បោះបង្គោល​ព្រំដែន​នោះ​ទេ។
អ៊ុំ សំអាន៖ រដ្ឋាភិបាល​ប្រើ​ផែនទី​អម​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ សម័យ​យួន​ត្រួត​ត្រា​ខ្មែរ
កន្ទុយផែនទីព្រំដែនកម្ពុជាវៀតណាម ដែលមានចុះហត្ថលេខា រវាងប្រទេសវៀតណាមនិងកម្ពុជា នាឆ្នាំ១៩៨៥។ (រូបថត CWCI)

រឿងផែនទីព្រំដែនប្រទេសកម្ពុជា តំណាងឲ្យបូរណភាពទឹកដី នៅមិនទាន់ស្ងាត់នៅឡើយ។ បើរដ្ឋាភិបាល របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិតបញ្ចប់ការផ្ទៀងផ្ទាត់ផែនទី ដែលបានធ្វើជាច្រើនដង កាល​ពី​ពេលកន្លងមកនោះ សម្រាប់មន្ត្រីគណបក្សប្រឆាំងវិញ នៅតែអះអាងថា រដ្ឋាភិបាលគួរបោះបង្គោលព្រំដែន ដោយយកតាមផែនទី ដែលកម្ពុជាបានយកទៅតម្កល់ទុក នៅអង្គការសហប្រជាជាតិ ជៀសជាងការប្រើប្រាស់ ផែនទីមួយ ដែលយកសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ មកធ្វើជាមូលដ្ឋាន។

លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានសរសេរ​ក្នុងបណ្តាញ​សង្គម​ថា រដ្ឋាភិបាលប្រើផែនទីបោនខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំង ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីបោន​ខ្នាត ១/១០០.០០០ របស់រដ្ឋាភិបាលបារាំង និងផែនទី UTM ខ្នាត ១/១០០.០០០ របស់អង្គការសហ​ប្រជា​ជាតិ។ លោកបានបន្តថា៖ «ប៉ុន្តែពេលបោះបង្គោលព្រំដែន រដ្ឋាភិបាលប្រើផែនទីផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន៤០ផ្ទាំង (ចែងក្នុងទំព័រទី១២ នៃសន្ធិសញ្ញាឆ្នាំ១៩៨៥ និងប្រការ៣ចំណុច២ នៃសន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥)។ ការបោះបង្គោលនេះក៏ប្រើផែនទី UTM ខ្នាត ១/៥០.០០០ ចំនួន២៦ផ្ទាំង ដែលចម្លង​ពីផែនទី​បោន​ខ្នាត ១/១០០.០០០ ចំនួន២៦ផ្ទាំងផងដែរ "ប្រការ៣ចំណុច១ នៃសន្ធិសញ្ញាបំពេញ​បន្ថែម ឆ្នាំ២០០៥" (ចម្លងនិងបោះពុម្ភ នៅប្រទេសវៀតណាម) ឯផែនទីបោនខ្នាត ១/១០០.០០០ គ្រាន់តែ​ប្រើអម​ប៉ុណ្ណោះ។»

តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានបន្តអះអាងថា៖ «ផែនទីបោនប្រើមុំ ឯផែនទី UTM ប្រើម៉ែត្រ។ ដូច្នេះ​មានតែផែនទី UTM ទេ ដែលស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើប។ ឯផែនទីបោន មិនស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើបនោះទេ។»

ចំពោះការអះអាងនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក វ៉ា គឹមហុង ប្រធានគណៈ​កម្មាធិការ​ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជាបានទេ។ តែលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា ធ្លាប់បានលើកឡើងថា ករណីការបង្ហាញ ឬផ្ទៀងផ្ទាត់ផែនទីនេះ ត្រូវបានលោកនាយក​រដ្ឋមន្រ្តី​​កម្ពុជា លោក ហ៊ុន សែន ឲ្យបញ្ចប់ជាស្ថាពរហើយ ដោយរង់ចាំតែពេលវេលា ក្នុងការបោះបង្គោល​ព្រំ​ដែន លើតំបន់ដែលមិនទាន់បានបោះប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក អ៊ុំ សំអាន បាននាំពាក្យ លោក វ៉ា គឹមហុង ដែលធ្លាប់និយាយថា៖ «ផែនទីបោនខ្នាត ១/១០០.០០០ មិនស៊ីគ្នា ជាមួយបច្ចេកវិទ្យាទំនើបនោះទេ។ ហេតុនេះហើយ បានជារដ្ឋាភិបាលប្រើផែនទី UTM ខ្នាត ១/៥០.០០០ ដើម្បីបោះបង្គោលព្រំដែន។»

លោកបានបន្តពន្យល់ទៀតថា ផែនទី UTM ខ្នាត ១/៥០.០០០ នេះ ផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែល​តម្រូវឲ្យប្រើផែនទីខ្នាត ១/១០០.០០០។ លោកថា នេះជាមូលហេតុ ដែលលោក ហ៊ុន សែន និងលោក​បណ្ឌិត សុខ ទូច ចង់ឲ្យធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដើម្បីតម្រូវអ្វីដែលរដ្ឋាភិបាល ប្រើផែនទីផ្ទុយ​ពីរដ្ឋធម្មនុញ្ញ​កន្លងមក។

តំណាងរាស្រ្ត អ៊ុំ សំអាន ដែលល្បីល្បាញខាងតាមដាន និងអង្កេតលើសំនុំរឿងព្រំដែនកម្ពុជា បានបញ្ជាក់ថា បើរដ្ឋាភិបាលនៅតែប្រើផែនទី UTM ខ្នាត ១/៥០.០០០ នោះ វានឹងចំណេញដល់វៀតណាម។ ហេតុដូច្នេះ​ហើយ ទើបវៀតណាមជ្រើសរើសយកផែនទីនេះ សម្រាប់ធ្វើការបោះបង្គោលព្រំដែន។ គេអាចធ្វើការបម្លែង (Convert) ពីផែនទីបោនខ្នាត ១/១០០.០០០ ទៅផែនទី UTM ខ្នាត ១/១០០.០០០ ដើម្បីឲ្យស៊ីគ្នាជាមួយ GPS និងបច្ចេកវិទ្យាទំនើប។ ប៉ុន្តែរដ្ឋាភិបាលបែរជាប្រើផែនទី UTM ខ្នាត ១/៥០.០០០ ទៅវិញ។

លោក អ៊ុំ សំអាន បានសរសេរអះអាងបន្ថែមថា៖ «ផែនទីបោនខ្នាត ១/១០០.០០០ ជាផែនទីក្រុមភូមិសាស្រ្ត​ឥណ្ឌូចិន (ផែនទីបារាំង) ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ឯផែនទី UTM ខ្នាត ១/៥០.០០០ ជាផែនទី​យោធា​អាមេរិកាំង។ តាមមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ស្តីពីម្ចាស់កម្មសិទ្ធិកាន់កាប់​ទឹកដី ក្រោយសង្គ្រាម តម្រូវឲ្យយកមរតកអាណានិគម ហើយអាណានិគមនិយម លើសកលលោកមាន២ គឺបារាំង​និង​អង់គ្លេស។ ដូច្នេះកម្ពុជាស្ថិតក្រោមអាណានិគមនិយមបារាំង ត្រូវយកមរតកបារាំង បន្សល់ទុកឲ្យ​ដើម្បី​បោះ​បង្គោលព្រំដែន គឺផែនទីបោនខ្នាត ១/១០០.០០០។ ប៉ុន្តែរដ្ឋាភិបាលបែរជាយកមរតកយួន និងអាមេរិកាំង​ទៅវិញ គឺផែនទីមានត្រាយួន និងផែនទី UTM ខ្នាត ១/៥០.០០០។»

លោកបានធ្វើការសរុបសេចក្ដីថា៖ «រដ្ឋាភិបាលប្រើផែនទី អមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យយួនត្រួតត្រាខ្មែរ​សម្រាប់បោះបង្គោលព្រំដែន ហើយមិនបានប្រើផែនទីបោនខ្នាត ១/១០០.០០០ ដែលតម្កល់ នៅអង្គការ​សហ​ប្រជាជាតិនោះទេ។»៕