មិន​ដល់​២​សប្តាហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី JESSIE J​ នឹង​ចាប់ផ្តើម​នៅក្នុង​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ​: ​នៅសល់​រយៈពេល​មិន​ដល់​២​សប្តាហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ Jessie J​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart​នៅ​ថ្ងៃទី​១២ ខែធ្នូ ក្នុង​រាជធានី​ភ្នំពេញ​នេះ​នឹងធ្វើ​ឲ្យ​កក្រើក​ទស្សនិកជន​ដែល​និយម​ចូលចិត្ត​តន្ត្រី​។​នេះ​បើ​យោងតាម​ទូរទស្សន៍​PNN​ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា​។​

​ក្នុង​បទ​សម្ភាស​កាលពីពេល​ថ្មីៗ​របស់​ទូរទស្សន៍​PNN​នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​អន្តរជាតិ Jessie J បានបង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​របស់ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដែល​នឹង​មកដល់​ក្នុងពេល​ខាងមុខនេះ​។​

​ក្រុម​អ្នកគាំទ្រ​ដែល​ភាគច្រើន​ជា​យុវវ័យ​នោះ បាន​ប្រាប់​ទូរទស្សន៍​PNN ថា ពួកគេ​ចង់​ស្តាប់​បទ​ចម្រៀង​របស់ Jessie J ដោយផ្ទាល់ ជាពិសេស​បទ​Flashlight​និង​Pricetag​។​

​កញ្ញា លន់ ស្រី​នុត ដែលជា​អ្នកគាំទ្រ​ម្នាក់​របស់​តារាចម្រៀង​Jessie J បាន​ប្រាប់​ទូរទស្សន៍​PNN​ដូច្នេះ​ថា​៖ “​ខ្ញុំ​ចូលចិត្ត​បទ Pricetag របស់គាត់ ហើយ​ចាប់តាំងពី​គាត់​ចេញ​បទ​ហ្នឹង​មក ខ្ញុំ​ក្លាយជា​អ្នកគាំទ្រ​គាត់​រហូតដល់​ពេលបច្ចុប្បន្ន​។ មិត្តភក្តិ​របស់ខ្ញុំ​ធ្លាប់​ច្រៀង​ត្រាប់​តាម​បទ​នេះដែរ (Pricetag) ហើយដោយ​ឥឡូវ​យើង​ដឹងថា​គាត់​នឹង​មក​ប្រទេស​កម្ពុជា​ទៀត ដូច្នេះ​ខ្ញុំ​កាន់តែ​សប្បាយចិត្ត​ថែមទៀត​។​”

​អ្នកគាំទ្រ​ម្នាក់ទៀត​របស់​តារាចម្រៀង Jessie J គឺ កញ្ញា សំរិត សិលា​បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖ “​យើង​ដឹងថា Smart នឹងមាន​ការប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​។ ដូច្នេះ​យើង​ប្រាកដជា​ចូលរួម​នៅ​ថ្ងៃទី​១២ ធ្នូ​នេះ ពីព្រោះ​យើង​ចូលចិត្ត​តារាចម្រៀង​Jessie J​។​”

​ចំណែកឯ​អ្នកគាំទ្រ​ដទៃទៀត​ក៏បាន​ប្រាប់​ទូរទស្សន៍​PNN​ផងដែរ​អំពី​មោទនភាព​របស់​ពួកគេ​ជុំវិញ​ការ​មកកាន់​ប្រទេស​កម្ពុជា​របស់​តារាចម្រៀង​អន្តរជាតិ​ល្បី​រូបនេះ ។​

​លោក អ៊ុក សារឿន បាន​និយាយថា​៖“​ខ្ញុំ​សប្បាយរីករាយ​ណាស់ និង​មាន​មោទនភាព​ដោយ​ដឹងថា​Jessie J​នឹង​មក​សម្តែង​នៅ​កោះ​ពេជ្រ​។ ខ្ញុំ​នឹងចូលរួម​ការប្រគំ​តន្ត្រី​នៅ​ទីនោះ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​។​”

​យោងតាម​លោក ស្រ៊ុន ម៉េង​គាង អ្នកគ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​PNN ព្រឹត្តិការណ៍​នេះ​អាចជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​ប្រចាំឆ្នាំ​។​

​លោក ម៉េង​គាង បាន​មានប្រសាសន៍ថា​៖ “Jessie J គឺជា​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បី​ម្នាក់ ក្នុងចំណោម​តារាចម្រៀង​អន្តរជាតិ​ល្បីៗ​ជាច្រើនរូប​ទៀត ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​រំពឹងថា​នឹងមាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​នៅក្នុង​កម្មវិធី​នោះ​។​”

​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart​លោក Yap Kokleong​បាន​មានប្រសាសន៍ថា​៖ “​ដូច​ការរំពឹងទុក​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Smart ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ ធ្នូ​នេះ បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ យើង​រំពឹងថា ព្រឹត្តិការណ៍​នេះ នឹងមាន​អ្នកចូលរួម​ទស្សនា​ចំនួន​ជាង​៣​ម៉ឺន​នាក់​។​”

​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J នៅឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​១២ ធ្នូ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​លើក​ទី​២ ដែល​ក្រុមហ៊ុន Smart Axiata បានរៀបចំ​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ធំ​លើក​ទី​១​ត្រូវ​បានរៀបចំ​ធ្វើឡើង​កាលពីដើម​ឆ្នាំនេះ ក្រោម​ការចូលរួម​សម្តែង​ពី​តារាចម្រៀង​អន្តរជាតិ Demi Lovato ។​

​ទូរទស្សន៍ PNN ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ការថត និង​ចាក់ផ្សាយ​កម្មវិធី​ប្រគំ​តន្ត្រី​Jessie J​នា​ថ្ងៃទី​១២ ធ្នូ​នេះ​។​

​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Jessie J​ថ្ងៃទី​១២ ធ្នូ នេះ គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចំនួន​ជាង​២០​លើក ដែល​ក្រុមហ៊ុន​បានរៀបចំ​ធ្វើឡើង និង​បន្ត​ប្រព្រឹត្តទៅ​ទូទាំងប្រទេស​។ ព្រឹត្តិការណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Smart I am the Fastest​ដែល​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ PNN វេលា​ម៉ោង​៦​ល្ងាច រៀងរាល់ថ្ងៃ​សៅរ៍​។ 

​កម្មវិធី Smart I am the Fastest​បានរៀបចំ​ធ្វើឡើង នៅក្នុង​ខេត្តបន្ទាយមានជ័យ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ កំពត សៀមរាប ព្រះវិហារ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ស្ទឹងត្រែង កំពង់ចាម ក្រចេះ និង​រតនគិរី​។ កម្មវិធី​បន្ទាប់​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្តមណ្ឌលគិរី កំពង់ឆ្នាំង និង​កណ្តាល​។​

Smart I am the Fastest​ក៏​ជា​កម្មវិធី​ប្រកួត​រត់ប្រណាំង​ស្វែងរក​បុរស និង​នារី​ដែល​រត់​បាន​លឿន​បំផុត​ក្នុងប្រទេស​ផងដែរ​។​កម្មវិធី​នេះ ត្រូវបាន​រៀបចំ​នៅតាម​ទីកន្លែង​ផ្សេងៗ​ទូទាំងប្រទេស ដើម្បី​ផ្សព្វផ្សាយ​ពី​សេវា 4G LTE​របស់​ក្រុមហ៊ុនទូរស័ព្ទ Smart​ដែល​សេវា​នេះ​បាន​គ្របដណ្ដប់ ២៥ ខេត្ត​ក្រុង​ទូទាំងប្រទេស​ហើយ​។​

​អ្នកចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​Smart I am the Fastest ត្រូវ​រត់ប្រណាំង​ក្នុង​ចម្ងាយ​១០០​ម៉ែត្រ ហើយ​បន្ទាប់មក​គឺ​ត្រូវ​រត់តាម​ផ្លូវ​ដែលមាន​ឧបសគ្គ​ជាច្រើន​។​

​ជាមួយនឹង​ការប្រកួត​រត់ប្រណាំង​ដែល​ទើបតែ​បានបញ្ចប់​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​នោះ អ្នក​ដែលមាន​លទ្ធផល​នាំមុខគេ​នៃ​ការប្រកួត​ផ្នែក​បុរស​បាន​ទៅ​លោក ម៉ៅ សារ៉ូ ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​ថេរៈវេលា​៣៤​វិនាទី​។​រីឯ​នារី​បាន​ទៅលើ​កញ្ញា ស៊ី ចាន់​ផល ក្នុង​ខេត្តបាត់ដំបង​ក្នុង​ថេរៈវេលា ៤៣ វិនាទី​។​

​កម្មវិធី Smart I am the Fastest បន្ទាប់​នឹង​ចាក់ផ្សាយ​នៅវេលា​ម៉ោង​៦​ល្ងាច ថៃ្ង​សៅរ៍ ទី​៥ ខែធ្នូ ដែល​នឹង​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការប្រកួត​រត់ប្រណាំង និង​ការប្រគំ​តន្ត្រី​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និង​រតនគិរី​។​

មិន​ដល់​២​សប្តាហ៍​ទៀត​ទេ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី JESSIE J​ នឹង​ចាប់ផ្តើម​នៅក្នុង​ទីក្រុង​ភ្នំពេញ​