អ្នកប្រយុទ្ធរបស់ថៃ៤នាក់ មកល្បងវិជ្ជាគុនជាមួយអ្នកលេងក្បាច់គុនខ្មែរ នៅថ្ងៃពុធនេះ

អ្នក​ប្រដាល់ជើង​ចាស់ និង​ជើង​ថ្មី​របស់​កម្ពុជា​៤​នាក់​រួម​មាន មាស ច័ន្ទ​មាន,សេក ចាន់រាជ, សោម វិឆ័យ និង ម៉ន រដ្ឋា នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​​កីឡាករ​ថៃ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀន​ស៊ីធីអិន​អង្គរ ​ខេត្ត​សៀម​រាប នា​រសៀល​ថ្ងៃ​ពុធ​នេះ។

នៅ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​នេះ មាស ច័ន្ទ​មាន របស់​សមាគម​កីឡា​ប្រដាល់​ក្រសួង​​ការពារ​ជាតិ មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ជាង​គេ និង​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ច្រើន​ដង​មក​ហើយ​ដែរ ប៉ុន្តែ ម៉ន រដ្ឋា និង សោម វិឆ័យ និង សេក ចាន់រាជ គឺ​ជា​កីឡាករ​ស្រករ​ក្រោយ ដែល​កំពុង​ព្យាយាមពង្រឹង​សមត្ថ​ភាព​រក​ភាព​ល្បីល្បាញ​ដូច​រៀមច្បង​មុនៗ។
mm1
mm2
សម្រាប់​ការ​ប្រកួត ដែលមាន​លក់​សំបុត្រ សម្រាប់​អ្នក​ចូល​រួម​ទសនស្សនា​ផ្ទាល់​នេះ នឹង​​ចាប់​ផ្តើម​ពី​​រសៀល​ម៉ោង ៣:១៥ ទៅ​នោះ ហើយ​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ទាំង​៤​គូ​នេះ កីឡាករ សេក ចាន់រាជ របស់​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប នឹង​ត្រូវ​ធ្វើ​ការ​ប្រកួតវ​ជាមួយ​ថៃមុន​គេ។

សេក ចាន់រាជ ដែល​​ធ្លាប់​ប្រកួត​បាន​២២​ដង ឈ្នះ​១៦ ចាញ់​៤ ស្មើ​២ និង​បាន​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​៣​ដង​នោះ ត្រូវ​ប្រកួតជាមួយ​កីឡាករ​ថៃ Sai Youkchiv ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម ដោយ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត៤០​ដង ឈ្នះ​២៨ និង​ចាញ់​១២​ដង។

នេះ​ជា​លើក​ទី​ហើយ​ដែល ចាន់រាជ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​អន្តរជាតិ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​របស់​ខេត្ត​សៀម​រាប​រូប​នេះ បាន​បញ្ជាក់​ថា៖​«ខ្ញុំ​អត់​មាន​ការ​បារម្ភ​នោះ​ទេ។ ខ្ញុំ​នឹង​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថ​ភាព ព្រោះ​នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​បរទេស ហេតុ​នេះ​ខ្ញុំ​ចង់​ឲ្យ​ការ​ប្រកួត​នេះ បាន​បញ្ចប់​ជាមួយ​លទ្ធ​ផល​ដ៏​ល្អ​មួយ»។
mm3
mm4
ចំណែក​កីឡាករ សោម វិឆ័យ របស់​ក្លិប​សាល​វ័ន្ត​កីឡា នឹង​ត្រូវ​​​ប្រកួត​នៅ​គូ​បន្ទាប់​ជាមួយ​កីឡាករ​ថៃ Toun Pe ក្នុង​ទម្ងន់​៦១​គីឡូ​ក្រាម ដោយ​ថៃ​ម្នាក់​នេះ​ធ្លាប់​ប្រកួត​បាន​​៧៩​ដង ឈ្នះ​៦១ ចាញ់​១៥ និង​ស្មើ​២​ដង ឯ សោម វិឆ័យ ទើប​តែ​ប្រកួត​​បាន៤២​ដងទេ គឺ​ឈ្នះ​២០ ចាញ់​១៧​ដង និង​ស្មើ​៥​ដង។

យ៉ាងណា​មិញ ជើង​ខ្លាំង មាស ច័ន្ទ​មាន បែរ​ជា​ជួបកីឡាករ​ថៃ Banchhasik Hanravy ដែល​មាន​បទ​ពិសោធ​ប្រកួត​តិច​ជាង​ខ្លួនទៅ​វិញ គឺ​​ថៃម្នាក់​នេះ​ ​មាន​ប្រវត្តិ​ប្រកួត​​ត្រឹម​៦១​ដង ឈ្នះ​៤៩ ចាញ់​១០ ស្មើ​២ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​បាន​៣​ដង ប៉ុន្តែ ច័ន្ទ​មាន ធ្លាប់​ប្រកួត​រហូត​ដល់​១០៦​ដង ឈ្នះ​៧៩ ចាញ់​២០ ស្មើ​៧ និង​ធ្លាប់​វាយ​គេ​ឲ្យ​សន្លប់​១៩​ដង។       ចំពោះ ម៉ន រដ្ឋា របស់​ក្លិប​ព្រែក​ឯង ដែល​ទើប​​ត្រូវ​បានជើង​ខ្លាំង សុខ ធី វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ កាល​ពី​ថ្ងៃ​អាទិត្យ ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូ​ក្រាម​ជាមួយ​កីឡាករ Louk Yorth ដោយ​ថៃ​ម្នាក់​នេះធ្លាប់​ប្រកួត​​បាន​៨៤​ដង ឈ្នះ​៦៦ ចាញ់​១៤ និង​ស្មើ​៤​ដង រីឯ ម៉ន រដ្ឋា ធ្លាប់​ប្រកួត​ចំនួន​៣០​ដង ឈ្នះ​២២ ចាញ់​៨ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​បាន​៣​ដង៕