ជនជាប់ចោទពីបទទិញលទ្ធផលទូទាំងពិភពលោកត្រូវបានចាប់ខ្លួនសាជាថ្មីនៅសិង្ហបុរី

ជន​ជាន​សិង្ហ​បុរីម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​​ក្រុម​​កំណត់​​លទ្ធ​ផល​ទុក​ជាមុន​​នៃ​ការ​ប្រកួតបាល់​ទាត់​ធំ​ជាង​គេ​បំផុត​​របស់​ពិភព​​លោក ត្រូវ​បាន​ចាប់​ខ្លួន​​សា​ជា​ថ្មី​ក្នុង​​រដ្ឋ​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ​ ពោលគឺ​​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្តាហ៍​ក្រោយ​ពី​រូប​គេ​​ត្រូវ​បាន​ដោះ​លែង​ដោយ​តុលា​ការ​កំពូល​របស់ប្រទេស​នេះ​។ នេះ​បើ​យោង​ទៅ​តាម​​បណ្តាញ​សារ​ព័ត៌​​មានក្នុង​ស្រុក​។ ពា​ណិជ្ជ​ករ Dan Tan ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ប៉ុន្តែ មិន​ធ្លាប់​បាន​កាត់​ក្តីនោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​​កាល​​ពី​ថ្ងៃ​​ទី​២៥ ខែ​វិច្ឆិកា ក្រោយ​​​ពី​តុលា​ការឧទ្ធរណ៍​​បាន​ចេញ​សេច​ក្តី​សម្រេច​ថា វា​ជា​រឿង «ខុស​ច្បាប់» ក្នុង​ការ​​រក្សា​ការ​ឃុំ​ឃាំង​រូប​គេ ពីព្រោះ​រូប​គេ​មិន​បានផ្តល់​នូវ​ការ​គ្រោះ​ថ្នាក់​​ដល់​សុវត្ថិ​ភាព​សា​ធារណៈ​ក្នុង​ទីក្រុង​នេះ​ឡើយ​។
1
ប៉ុន្តែ កាលពី​ថ្ងៃ​អង្គារ​ ប៉ូ​លិស​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ឃាត់​​ខ្លួន​លោក Tan ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ឈ្មោះ Tan Seet Eng នោះ សា​ជាថ្មី ដើម្បី​​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​​ការ​សង្ស័យដែល​ទាក់​ទង​នឹង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​។ នេះ​បើ​យោង​ទៅ​តាម​​កា​ចេញផ្សាយ​របស់​​កា​សែត​ក្នុង​ស្រុក Straits Times​។ មិន​មាន​សេច​ក្តីលម្អិត​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តល់​ឲ្យឡើយ​។ ការ​ដោះលែងលោក Tan កាល​ពីពេលមុននេះ​ត្រូវ​បាន​រិះ​គន់​ដោយ​​អង្គ​ភាព​គ្រប់គ្រង​​កីឡា​បាល់​ទាត់​ពិភព​លោកហៅកាត់​ថា FIFA និងក្រុមអ្នក​វិភាគ​ផ្សេង​ទៀត ដោយ​​ចាត់​ទុក​ថា ការ​​ខក​ចិត្តមួយ​ចំពោះកិច្ច​​ខិត​ខំប្រឹង​ប្រែងក្នុង​ការ​​លុប​​បំ​បាត់​អំពើ​ពុក​រលួយ​ក្នុងកីឡា​​ទូ​ទាំង​ពិភព​លោក​។ FIFA បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ថា​ ខ្លួន​​ពិត​ជា​រឿង​​ដ៏​ខក​ចិត្ត​​ចំពោះ​ការ​ដោះ​លែង​របស់ Tan ព្រោះ​រូប​គេមាន​​ទោស​យ៉ាង​​ធ្ងន់​ធ្ងរ​​ចំពោះ​សកម្ម​ភាព​កាលពីមុន​របស់​គេ​​ទាក់​ទង​នឹង​ការ​កំណត់​លទ្ធផល​នៃ​ការ​ប្រកួត​ទុក​ជាមុន​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post