វិភាគ៖ ចាន់ វឌ្ឍនាកា ​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​អឺរ៉ុប ដូច​ខ្សែ​ប្រយុទ្ធ Hulk ​របស់​ប្រេស៊ីល?


វិភាគ៖ ចាន់ វឌ្ឍនាកា ​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​អឺរ៉ុប ដូច​ខ្សែ​ប្រយុទ្ធ Hulk ​របស់​ប្រេស៊ីល?

លោក បែ មករា អ្នក​ចាត់ការ​របស់​ក្លិប​បឹង​កេត​អង្គរ​បាន​បញ្ជាក់ប្រាប់​ទូរទស្សន៍ PNN ថា ​នៅ​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ​​ លោក​និង​កីឡាករ ចាន់ វឌ្ឍនាកា ​នឹង​អាច​ទៅ​ចរចា​ជាមួយ​ក្លិប​នៅ​លីក​លំដាប់​ទី​២​របស់​ជប៉ុន រឿង​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា បន្ទាប់​ពី​ភាគី​ខាង​ជប៉ុន បាន​មក​ចរចា​នៅ​កម្ពុជា​ច្រើន​លើក​មក។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ​ភ្លើង​ខៀវ​របស់ ចាន់ វឌ្ឍនាកា ​ឆ្ពោះ​ទៅ​លេង​នៅ​ក្រៅ​ស្រុក​ជិត​សម្រេច​ចេញ​ជា​ផ្លូវការ​មែន​ទែន​ហើយ។

 

វិភាគ៖ ចាន់ វឌ្ឍនាកា ​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​អឺរ៉ុប ដូច​ខ្សែ​ប្រយុទ្ធ Hulk ​របស់​ប្រេស៊ីល?

ចាន់ វឌ្ឍនាកា (ឆ្វេង ) និង Hulk (ស្តាំ)

 

ចុះ​បើ ចាន់ វឌ្ឍនាកា ​បាន​ទៅ​លេង​នៅ​ជប៉ុន​មែន តើ​រូបគេ​អាច​មាន​សំណាង​ដូច​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Hulk ​ដែរ​ឬ​អត់ ព្រោះ​ថា​កីឡាករ​រូប​នេះ​ផ្លាស់​ចេញ​ពី​ប្រេស៊ីល​ទៅ​លេង​នៅ​លីក​លំដាប់​ទី​២​របស់​ជប៉ុន​ដូច​គ្នា ហើយ​ក្រោយ​មក​ទើប Porto ​របស់​ព័រទុយហ្គាល់​ទិញ​នៅ​ឆ្នាំ​២០០៨?

 

ឱ្យ​ច្បាស់​ការ​ទៅ Hulk ​ខ្សែ​ប្រយុទ្ធ​ដែល​លេង​ឱ្យ​​ក្រុម Zenit របស់​រុស្សី​នា​បច្ចុប្បន្ន​នេះ ជា​អតីត​កីឡាករ​ដែល​បាន​ដក​ស្រង់​បទ​ពិសោធន៍​ច្រើន​នៅ​លីក​ក្នុង​ប្រទេស​ជប៉ុន ទាំង​លំដាប់​ទី​មួយ​និង​ទី​ពីរ។ កីឡាករ​រូប​នេះ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លិប​ក្នុង​ស្រុក Vitória ​នៅ​ឆ្នាំ​២០០៤ ​ហើយ​ដល់​ឆ្នាំ​២០០៥ រូប​គេ​ក៏​ត្រូវ​ក្រុមជប៉ុន Kawasaki Frontale ​(លេង​នៅ​លីក​លំដាប់​ទី​១) ​ទិញ​យក។ ឆ្នាំ​២០០៦ ​ក្លិប Consadole Sapporo ​របស់​ជប៉ុន​ដដែល បាន​ខ្ចី​ជើង​គេ​មួយ​រដូវ​កាល បន្ទាប់​មក​​ក៏​ត្រូវ​ក្លិប Tokyo Verdy (លេង​នៅ​លីក​លំដាប់​ទី​២) ​ខ្ចី​ជើង​បន្ត​ទៀត​នៅ​ឆ្នាំ​២០០៧ មុន​ពេល​ក្លិប​នេះ​ទិញ​ដាច់​នៅ​ឆ្នាំ​២០០៨។

 

ឆ្នាំ​២០០៨​ដដែល​នេះ​ហើយ ដែល​ Hulk ​ត្រូវ​បាន​ក្លិប​នៅ​អឺរ៉ុប​មើល​ឃើញ គឺ Porto ​ជា​អ្នក​ទិញ​យក ខណៈ​ដែល​ឆ្នាំ​នោះ​ទៀត​សោត​ក៏​ជា​ឆ្នាំ​ដែល​រូប​គេ​ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មើល​ឃើញ​ផង​ដែរ។

 

ចំណែក​ឯ ចាន់ វឌ្ឍនាកា ​របស់​កម្ពុជា​វិញ ក៏​អាច​នឹង​កំពុង​តែ​ដើរ​តាម​កន្លង​នេះ​ដូច​គ្នា បន្ទាប់​ពី​មាន​ដំណឹង​ថា​ក្លិប​នៅ​ជប៉ុន​ចង់​បាន​នោះ។ ដូច្នេះ​ប្រសិន​បើ​រូបគេ​អាច​ធ្វើ​បាន​ល្អ​នៅ​ជប៉ុន​ដូច Hulk ​ដែរ ​នោះ​ឱកាស​ដែល​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប​មើល​ឃើញ ពិត​ជា​មាន​ច្រើន​​ដែរ​ បើ​ទោះ​ជា​បាន​ទៅ​លេង​នៅ​លីក​លំដាប់​ទី​២​ឬ​លេង​​នៅ​លីក​លំដាប់​ទី​១​ក៏​ដោយ៕

 

អត្ថបទ៖ មុន្នី រម្យ