ការ​ញ៉ាំ​​ភេសជ្ជៈ​​​​មាន​ជាតិ​ហ្គាស​ ជួយ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​មែន​ឬ?


ការ​ញ៉ាំ​​ភេសជ្ជៈ​​​​មាន​ជាតិ​ហ្គាស​ ជួយ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​មែន​ឬ?

 

ចំពោះ​ការ​មក​រដូវ​ នារី​ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​ការ​ឈឺ​ចុក​ចាប់​ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ពោះ។ ដើម្បី​បំបាត់​ការ​ឈឺ​ចុក​ចាប់​នេះ​ នារី​មួយ​ចំនួន​ច្រើន​ទទួល​ទាន​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ហ្គាស ព្រោះ​ជឿ​ថា​វា​ជួយ​បំបាត់​ការ​ឈឺ​ចុក​ចាប់។
 

 
«ចាសបង! អោយ​តែ​ពេល​ម៉ោ​ហើយ​ធ្វើ​ទុក្ខ​​ខ្ញុំ​ តែង​តែ​ញ៉ាំ​ទឹកក្រូច​ហ្គាស ព្រោះ​វា​ជួយ​បំបាត់​ការ​ឈឺ​ចាប់» នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ហេង កណ្ណរី សិស្ស​នៃ​វិទ្យាល័យ​បាក់​ទូក។ កណ្ណរី​បាន​ប្រាប់​ថា​ នាង​​ឮ​តាម​រយៈ​បងស្រី​របស់​នាង​ថា​ការ​ទទួល​ទាន​បែប​នេះ ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន​ខ្លះ​ដូច្នេះ​នាង​ក៏​សាក​ល្បង​តាម។
 

 

ចំណែក​កញ្ញា វៃ សុធា​កញ្ញា​ បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​បាន​អះអាង​ថា នាង​ក៏​ធ្លាប់​សាកល្បង​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​​ដែរ ប៉ុន្តែ​វា​​មិន​បាន​ជួយ​កាត់​បន្ថយ​អ្វី​ទេ។

 

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​ស្រី​សូ សុផានី ប្រធាន​ផ្នែក​ឆ្មប​ នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​ប្រាប់​ថា​ គ្មាន​ឯក​សារ​ស្រាវជ្រាវ​ណា​ដែល​បាន​បញ្ជាក់​ថា​ការ​ទទួល​ទាន ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ណា​ដែល​មាន​​សារធាតុ​ពិសេស​អាច​​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​នោះ​ទេ ព្រោះ​វា​អាស្រ័យ​លើ​ទម្លាប់​របស់​នារី​ម្នាក់ៗ​ប៉ុណ្ណោះ។

 

 

ការ​ញ៉ាំ​​ភេសជ្ជៈ​​​​មាន​ជាតិ​ហ្គាស​ ជួយ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​មែន​ឬ?
 

(អ្នកស្រី សូ សុផានី ប្រធានផ្នែកឆ្មបនៃ​​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ)

 

 

អ្នក​ស្រី​បាន​បន្ត​ទៀត​ថា នារី​ឈឺ​ចាប់​ពេល​មក​រដូវ​ខ្លាំង​បំផុត​គឺ​នៅ​ពេល​បន្ទោបង់​​​​ ដែល​ធ្វើ​អោយ​ស្បូន​ខំ​ប្រឹង​កន្ត្រាក់​នឹង​បង្ក​ការ​ឈឺ​ចាប់។ ដូច្នេះ​នារី​អាច​ យក​ទឹក​ក្ដៅ​ឧណ្ហៗ ត្រាំ​បាត​ជើង ធ្វើ​លំហាត់​ប្រាណ​ស្រាលៗ ឬ គេង​អោយ​បាន​ច្រើន​ ប៉ុន្តែ​ចំពោះ​ការ​ទទួល​ទាន​អាហារ​អ្នក​ស្រី​បញ្ជាក់​ថា​ពុំ​មាន​តម្រូវ​អោយ​នារី​តម​នោះ​ទេ៕

 
អត្ថបទ៖ ណេង ណេង ​​​