សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​បរមរាជវាំង

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ​ផឹកស្រា​ស្រវឹង​ហើយ​ដើរ​​​ចុះ​ទឹក​បម្រុង​​សម្លាប់​ខ្លួន ​ត្រូវ​​​ពលរដ្ឋ​ជួយ​សង្គ្រោះ​ទាន់​ពេល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១ ​ធ្នូ ​នៅ​ចំ​ណុច​​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។

ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​​​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​​ ឈ្មោះ ហួត កែវ  អាយុ​២៩​ឆ្នាំ ​​ដែល​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ស្ត្រី​ខាងលើ​អង្គុយតែ​ម្នាក់ឯង​នៅ​លើ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង មិន​ដឹង​ជា​​មាន​វិបត្តិ​រឿង​អ្វីនោះ​​ទេ ​​ផឹក​​ស្រា​​ស្រវឹង​​​រួច​​រត់​ពីលើ​សួនច្បារ​​ចុះ​មាត់ច្រាំង​ទន្លេ​ហើយ​ដើរ​ចូល​ទឹក​ដល់​ត្រឹម​ជង្គង់ ​​ក៏​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ចាប់​ជាប់​ទាញ​យក​មក​ដាក់​នៅ​លើ​សួនច្បារវិញ ប៉ុន្តែ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​ស្ថិត​ក្នុង​ស្ថានភាព​រវើរវាយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ទើប​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។

ពេល​ទៅ​ដល់​គ្លីនិក ​គ្រូពេទ្យ​​​សុំ​លេខ​ទូរស័ព្ទ​ឪពុក​ម្តាយ ​នាង​ប្រាប់​លេខ​របស់​​ឪពុក​ ពេល​​គ្រូ​ពេទ្យ​​ទូរស័ព្ទ​​ទៅ​​ជួប​​​ឪពុក​​ ​​​ឪពុក​ប្រាប់​ថា​គាត់​​នៅ​ខេត្តសៀមរាប ហើយ​ឪពុក​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ម្តាយ​នៅ​ភ្នំពេញ តែ​ពេល​ដែល​គ្រូពេទ្យ​ទូរស័ព្ទ​ទៅ​លេខ​ម្តាយ​ប្រាប់​ថាកូនស្រី​លោតទឹក បែរជា​ម្តាយ​ប្រាប់​ថា បើ​ចង់​ស្លាប់​ក៏​ស្លាប់​ចុះ ចាំ​គាត់​យក​សព​ទៅ​ធ្វើបុណ្យ​ ។

ចំណែក​ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​​មិន​និយាយ​ស្តី​​អ្វី​ទាំង​អស់​​​ក្នុង​ស្ថានភាព​ស្រវឹង​​ ធ្វើ​ឲ្យ​មានការ​សន្និដ្ឋាន​​ថា ស្ត្រី​ដែល​ប៉ុន​ប៉ង​​លោតទឹក​សម្លាប់​ខ្លួន​ខាងលើ​នេះ​ សង្ស័យ​មាន​វិបត្តិ​ក្នុងគ្រួសារ ៕