រដ្ឋាភិបាលដាក់​​​​ចេញ​​​​បទបញ្ជាថ្មី​​សម្រាប់​​​​​​ការ​​​ថត​​​រូប​​​នៅតំបន់​​​ឧទ្យានបុរាណ​​​​អង្គរ​

ភ្ញៀវ​​​ទេសចរ​​​ដែល​​​មាន​​​កាមេរ៉ា​​​ចូល​​​ទស្សនា​​​ប្រាសាទ​​ដ៏ល្បាញល្បី​​​​នៅ​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាបត្រូវមាន​​​ការ​​​ពិចារណា​​​ឲ្យ​​​បាន​​​វែង​​​ឆ្ងាយ​​​មុន​​​ពេល​​​ថត​​​រូប​​​​​​ដោយសារ​​​ឥឡូវនេះរដ្ឋាភិបាល​​​ ​​​បាន​​​ដាក់​​​បទ​​​បញ្ជា​​​ថ្មី​​​ មាន​​​ប្រសិទ្ធភាព​​​ភ្លាម​​​សម្រាប់​​​អ្នក​​​ដែល​​​ មាន​​​បំណង​​​រក​​​ប្រាក់​​​​​ពី​​​រូប​​​ថត​​​របស់​​​ខ្លួន​​​​។

គិត​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ធ្នូទៅ​​​ តំណាង​​​ក្រុម​​​ហ៊ុន​​​ ទាំង​​​​​​អស់ និង​​​អ្នក​​​សារព័ត៌មាន​​​ដែលចង់​​​ថត​​​រូប​​​នៅ​​​ក្នុង​ឧទ្យានអង្គរ​​ ព្រម​​​ទាំង​​​ភ្ញៀវ​​​ទេស​​​ចរ​​​ដែល​​​មាន​​​ផែន​​​ការ​​​រក​​​ប្រាក់​​​ចំណេញ​​​ពី​​​រូប​​​ថត ឬ​​​រូប​​​វីដេអូ​​​របស់​​​ខ្លួន​​​ ត្រូវ​​​សុំ​​​ការ​​​អនុញ្ញាត​​​ជាមុន​​​តាមរយៈការ​​​បំពេញ​​​ពាក្យសុំ​​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​អាជ្ញា​ធរ​​​អប្សរាជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ដែល​​​គ្រប់​​​គ្រង​​​តំបន់​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​។

លោក ឡុង កុសល ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​​​​របស់​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​មាន​​​ប្រសាសន៍​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា បទបញ្ជាថ្មី​​​​​នេះ​​​ត្រូវ​​​បាន​​​ពន្យល់​​​ដល់​​​អ្នក​​​កាសែត​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ។

លោក​​​បាន​​​ថ្លែង​​​ថា “អាជ្ញាធរ​​​អប្សរា​​​ហាម​​អ្នក​​​កាសែត​​​ជាតិ និង​​​អន្តរ​​​ជាតិ​​​ និង​​​ក្រុម​​​ហ៊ុន​​​ឯក​ជន​​​ទាំង​​​អស់​​​មិន​​​ឲ្យ​​​ថត​​​រូប​​​នៅ​​​ក្នុង​​​តំបន់​​​​អង្គរ​​​ទេ​​​ ពីព្រោះ​​​យើង​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​ដែល​​​ពួក​​​គេ​​​បាន​​​ ប្រើ​​​ប្រាស់​​​រូប​​​ថត​​​របស់​​​ខ្លួន​​​ទៅ​​​ធ្វើ​​​អាជីវកម្ម​​​​​​​​​”។

ដោយ​​​ពន្យល់​​​ថា សន្តិសុខ​​​របស់​​​អាជ្ញាធរ​​​អប្សរា​​​ នឹង​​​ពិនិត្យ​​​មើល​​​ដំណើរ​​មក​ទស្សនា នេះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”តាម​​បទ បញ្ជាថ្មី​​​ អ្នក​​​កាសែត​​​ និង​​​ក្រុម​​​ហ៊ុន​​​ទាំង​​​អស់​​​អាចដាក់​​​ពាក្យ​​​សុំ​​​ការ​​​អនុញ្ញាត ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​ថត​​​រូប​​​នៅ​​​ក្នុង​​​តំបន​​​់អង្គរ​​​ ហើយ​​​យើង​​​នឹង​​​ជូន​​​អ្នក​​​ទាំង​​​នោះ​​​ទៅ​​​”។

លោក កុសល បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា  បុគ្គលិកឧទ្យានអង្គរ​​​​​​ក៏​​​នឹង​​​ហាម​​​អ្នក​ដែល​​​ពួក​​​គេ​​​សង្ស័យ​​​ថា បាន​​​ថត​​​រូប​​​ ឬ​​​ថត​​​វីដេអូ​​​ក្នុង​​​គោល​​​បំណង​​​ធ្វើ​​​អាជីវកម្ម​​​ដោយ​​​គ្មាន​​​ការ​​​អនុ ញ្ញាត​​​ផង​​​ដែរ បន្ទាប់​​​មក​​​នាំ​​​ពួក​​​គេ​​​ទៅ​​​ទី​​​ស្នាក់ ការ​​​អាជ្ញាធរ​​​អប្សរា​​​ កន្លែង​​​ដែល​​​ពួក​​​គេ​​​អាច ដាក់​​​ពាក្យ​​​សុំ​​​ការ​​​អនុញ្ញាត​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ។

លោកមិន​​​បាន​​​និយាយ​​​ថា តើ​​​អាជ្ញាធរ​​​អប្សរា​​​បាន​​​ដាក់​​លក្ខណវិនិច្ឆ័យ​​​ច្បាស់​​​លាស់​​​ក្នុង​​​ការ​​​វាយ​​​តម្លៃ​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​ដែលខ្លួន​ទទួលបាន​ឬ​​​យ៉ាង​​​ណា​​​ឡើយ ប៉ុន្តែ លោក​​​បាន​​​ពន្យល់​ថា បទបញ្ជាថ្មី​​​នេះ​​​មាន​​​គោល​​​បំណង សំខាន់​ដើម្បី​​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យមាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​​​​​រូប​​​ថត​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​ឧទ្យានអង្គរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចង់​​​ការ​​​ពារ​​​តំបន់​​​​បេតិកភណ្ឌ​​​ ពីព្រោះ​​​មនុស្ស​​​មួយ​​​ចំនួន​​​បាន​​​ថត​​​រូប​​​ និងប្រើប្រាស់​​​​​​រូប​​​ថត​​​ទាំង​​​នេះ​​​សម្រាប់ផលិត​ភាពយន្ត និង​​​បោះ ពុម្ពសៀវភៅ និង​​​ខិត្តប័ណ្ណ ដែល​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​តំបន់​​​អង្គរ​​​”។

នៅ​​​ពេល​​​សុំ​​​ឲ្យ​​​លើក​​​ឧទាហរណ៍​​លោក   កុសល បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​អាច​​​ឆ្លើយ​​​សំណួរ​​​នេះ​​​បាន​​​ទេ​​​ ពីព្រោះ​​​ទូរស័ព្ទ​​​របស់​​​លោក​​​អស់​​​ថ្ម​​​។

លោក សឿង សិដ្ឋ អ្នក​​​យក​​​ព័ត៌​​​មានឲ្យ​​​​​​កាសែត​​​​​រស្មី​​​កម្ពុជា​​​បាន​​​និយាយ​​​ថា លោក​​​​​​ព្រួយ ​​​បារម្ភ ថា បទបញ្ជាថ្មី​​​នេះ​​​​​​អាច​​​ធ្វើ​​​ឲ្យ​​​លោក​​​ខាត​​​​​​ពេល​​​​​​វេលា​​ដ៏​​​មាន​តម្លៃ​។

លោក​​​បាន​​​​​​ថ្លែង​​​ថា “ខ្ញុំ​​​ត្រូវ​​​​​​ចំណាយ​​​ពេល​​​សុំ​​​ការ​​​អនុញ្ញាត​​​។ ជួន​​​កាល​​​យើង​​​ត្រូវ​ថត​​​រូប​​​នៅ​​​ថ្ងៃ​​​ដដែល​​​ ប៉ុន្តែ វា​​​មិន​​​អាច​​​ថត​​​បាន​​​ ពី​​​ព្រោះ ​​​ការិយាល័យ​​​អាជ្ញាធរ​​​អប្សរា​​​នៅ​​​ឆ្ងាយ​​​ គឺ​​​ចម្ងាយ​​​ជាង​​​១០​​​គីឡូម៉ែត្រ​​​ពី​​​ទី​​​រួម​​​ខេត្ត​​​”។

លោក​​​ ប៉ែន ប៊ុណ្ណា ប្រធាន​​​​​​ក្លឹប​​​អ្នក​​​កាសែត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោកមិន​​​ទាន់​​​ហ៊ាន​​​និយាយ​​​អ្វី​​​ទេ​​​ពាក់​​​ព័ន្ធ​​​​​​បទ​​​បញ្ជា​​​​​​ថ្មី​​​នេះ​​​លុះ​​​ណា​​​តែ​​​លោក​​​បាន​​​​​​មើល​​​ថា តើបទបញ្ជានេះ​​​នឹង​អនុ​​​​​​វត្ត​​​ដោយ​​​របៀប​​​ណា​​​សិន​​​។ រដ្ឋាភិបាល​​​​​​ប្រតិ កម្ម​​​​ចំពោះ​​​រូប​​​ថត​​​ និងការ​​​លើក​​​ឡើង​​​អំពី​​​ឧទ្យាន ​​​បុរាណ​​​ ដែល​​​​អង្គរ​​​វត្ត​ជា​​​មោទនភាព​​​ដោយ​មាន​​​នៅ​​​លើ​​​ទង់​​​ជាតិ ​​​និង​​​​​​បង្ហាញ​​​ឲ្យ​ឃើញ​ពី​​​សម័យ​​​កាល​​​ដ៏​​​រុង​​​រឿង​​​នៃ​​​អាណាចក្រ​​​ខ្មែរ​​​។

កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​​​​លោក​​​ មឿង ​​​សុន ​​​សកម្ម​​​​​​ជន​​​នយោបាយ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ពិរុទ្ធភាព​​​ពី​​​បទ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ចំពោះការ​អះ​​​អាង​​​ថា គម្រោង​​​ដាក់​​​ភ្លើង​​​បំភ្លឺ​​​នៅ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ប្រាសាទ។​​​ លោក​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ការ​​​និរទេស​​​ខ្លួន​​​ដោយ​​​ខ្លួន​​​ឯង​​​នៅ​​​ឡើយ ដើម្បី​​​គេច​​​ចេញ​​​ពីការ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​​​​ពេលមាន​​​​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ធានាការ​វិល​ត្រឡប់មកវិញដោយ​សុវត្ថិភាព”៕​​​សារុន​​​

The post រដ្ឋាភិបាលដាក់​​​​ចេញ​​​​បទបញ្ជាថ្មី​​សម្រាប់​​​​​​ការ​​​ថត​​​រូប​​​នៅតំបន់​​​ឧទ្យានបុរាណ​​​​អង្គរ​ appeared first on ខេមបូឌា ដេលី.