អាជ្ញាធរជាតិអប្សរា នឹងធ្វើការប្ដូរទិស ចរាចរណ៍ផ្លូវ នៅខាងមុខ ប្រាសាទអង្គរវត្ត នៅថ្ងៃទី០៤ ខែធ្នូ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគម និង ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃ ស្រុកទី០៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ ក្រមប្រតិបត្តិអង្គរ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ពិធីនេះរៀបចំឡើងនៅបរិវេណទីធ្លាខាងមុខប្រាសាទអង្គរវត្ត។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរអប្សារា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលនៅថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួល ដល់ការរៀបចំកម្មវិធី អាជ្ញាធរជាតិអប្សរា នឹងធ្វើការប្ដូរទិសចរាចរណ៍ផ្លូវ នៅខាងមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៦:០០នាទីព្រឹក រហូតដល់ចប់កម្មវិធី ដូចខាងក្រោម៖

១. ផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្ន សម្រាប់យានជំនិះគ្រប់ប្រភេទ ចូលទីលានខាងមុខប្រាសាទអង្គរវត្ត តាមច្រកចូលទាំង៣ គឺ ចំណុចកែងផ្លូវប៉មយាមនគរបាល បេតិកភណ្ឌ ចំណុចកែង ផ្លូវមកពីព្រលានយន្តហោះ និងចំណុចកែងផ្លូវខាងជើងត្រពាំងសេះ។ ទីលានមុខ ប្រាសាទអង្គរវត្ត អនុញ្ញាតតែចំពោះដំណើរថ្មើរជើង ប៉ុណ្ណោះ។

២. ផ្លូវចាប់ពីចំណុច កែងចំបក់កំណប់ បត់កែងកសិណខាងលិចអង្គរវត្ តទៅជើងទល់នឹង ប៉មយាមនគរបាល បេតិកភណ្ឌ បត់ទៅលិចទល់នឹងផ្លូវថ្មី ត្រូវបង្វែរជាផ្លូវឯកទិស (ពីកើតទៅលិច)។

៣. យានជំនិះគ្រប់ប្រភេទ ដែលត្រឡប់មកពីអង្គរធំ ឬភ្នំបាខែង ត្រូវបើកបរតាមផ្លូវរវាងត្រពាំងសេះ មកទិសខាងលិច បត់ទៅផ្លូវព្រលានយន្តហោះ ឬទៅខាងត្បូវតាមផ្លូវថ្មីឆ្ពោះទៅផ្លូវកូម៉ៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគម និង ក្រុមហ៊ុន ដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាដំណឹង៕