ម្ចាស់គម្រោង អគារ Gold Tower ៤២ជាន់ បញ្ជាក់ថា នឹងបន្ត សាងសង់ឡើងវិញ ហើយបញ្ចប់ នៅឆ្នាំ២០១៨

ភ្នំពេញ៖ ម្ចាស់គម្រោង អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពស់៤២ជាន់ បានបញ្ជាក់អះអាងថា នឹងចាប់ផ្ដើមបន្តដំណើរការសាងសង់ អគារ Gold Tower 42 ឡើងវិញ ហើយគម្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ២០១៨ មុនការបោះឆ្នោតសកលនៅកម្ពុជា។  នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រព័ន្ឋសង្គមហ្វេកបុក របស់អចលនទ្រព្យ Target Estate & Asset Managment  ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។

អគារ Gold Tower 42 ដែលជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD បានបញ្ជាក់ថា គម្រោងសាងសង់ថ្មីនេះ នឹងចាប់ផ្ដើមបន្តសាងសង់ក្នុងឆ្នាំ ២០១៥តទៅ ខណៈដែលអគារ Gold Tower 42 ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ស្ទើរតែក្លាយទៅជា អគារខ្មោច និងជានិមិត្តរូបមិនល្អមួយ នៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីមូលហេតុ ដែលគម្រោងអគារ Gold Tower 42 ត្រូវបានផ្អាកការសាងសង់ មិនមែនដោយសារតែសេដ្ឋកិច្ចកម្ពុជានោះទេ គឺផ្អាកដោយសាររឿងផ្ទាល់ខ្លួន របស់ក្រុមហ៊ុនវិនិយោគប៉ុណ្ណោះ។
 លោកពោលដូច្នេះ ដោយសំអាងថា គម្រោងផ្សេងទៀត ដែលកើតក្រោយ Gold Tower 42 នៅតែអាចបញ្ចប់ការសាងសង់ ដោយជោគជ័យ តួយ៉ាងដូចជា De Castle, Vattanak Tower, Toyoko Inn ជាដើម។

សូមបញ្ជាក់ថា  អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ បានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ ២០១០ ហើយបានផ្អាកការសាងសង់លើកទី ២ នៅឆ្នាំ ២០១១។ គម្រោងអគារនេះដែរ បានវិនិយោគនូវទំហំប្រាក់ប្រមាណ ២៤០លានដុល្លារអាមេរិក។

គូសបញ្ជាក់ថា សម្រាប់ការផ្អាកសាងសង់នៃគម្រោងអគារ Gold Tower 42 នៅកណ្ដាលក្រុងបែបនេះ ដូចជាមិនសមទំនងនោះទេ ដោយវាបង្ហាញពីរូបភាពអវិជ្ជមាន សម្រាប់វិស័យ សំណង់ និងសម្រស់រាជធានីភ្នំពេញផងដែរ។ ដូច្នេះដំណឹងនៃការចាប់ផ្ដើមសាងសង់វិញ វាពិតល្អប្រសើរ និងស្របពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន៕

ម្ចាស់គម្រោង អគារ Gold Tower ៤២ជាន់ បញ្ជាក់ថា នឹងបន្ត សាងសង់ឡើងវិញ ហើយបញ្ចប់ នៅឆ្នាំ២០១៨