អាឡឺម៉ង់ ប្រកាសខ្លួន ចូលរួមវាយប្រហារ ពួកIS ហើយ

គណៈរដ្ឋមន្រ្តីនៃ ប្រទេសអាឡឺម៉ង់ បានសម្រេចអនុម័ត ផែនការចូលរួមយុទ្ធនាការ យោធា ប្រឆាំងពួកIS នៅក្នុងប្រទេសស៊ីរីហើយ។ នេះបើតាមSkynews ចេញផ្សាយនៅមុននេះបន្តិច។

រដ្ឋាភិបាល នឹងបញ្ជូនទាហានប្រមាណ១.២០០នាក់ ដើម្បីគាំទ្រការប្រយុទ្ធជាលក្ខណៈអន្តរជាតិ ប្រឆាំងនឹងក្រុមIS ក្រោមគម្រោង មួយដែលចាំបាច់ត្រូវ មានការអនុម័តពីសភាផងដែរ។

មិនតែប៉ុណ្ណោះ អាឡឺម៉ង់ ក៏មានបំណងបញ្ជូនយន្តហោះឈ្លបយកការណ៍ Tornado យន្តហោះដឹករថពាសដែក និងនាវាពិឃាត ក្នុងឋានៈជាកម្លាំងគាំទ្រ ប៉ុន្តែថា នឹងមិនចូលរួមឲ្យសកម្មខ្លាំងក្លានោះទេ។

រដ្ឋាភិបាលចម្រុះរបស់លោកស្រី អធិការបតី អែនជីឡា មែគែល បានអនុម័តដោយសំឡេងគាំទ្រដាច់ខាត ខណៈរដ្ឋសភា នឹងបោះឆ្នោត គាំទ្រនៅថ្ងៃពុធខាងមុខនេះ។

ប្រទេសបារំាង បានស្នើប្រទេសអាឡឺម៉ង់ឲ្យជួយ ក្នុងការប្រយុទ្ធប្រឆាំង បន្ទាប់ពីការវាយប្រហារទីក្រុងប៉ារីស១៣វិច្ឆិកា ដែលបណ្តាលឲ្យ មនុស្ស១៣០នាក់ស្លាប់៕

អាឡឺម៉ង់ ប្រកាសខ្លួន ចូលរួមវាយប្រហារ ពួកIS ហើយ