ស្ថានទូតអាមេរិក នៅម៉ាលី ស្នើឲ្យបុគ្គលិក មួយចំនួន ភៀសខ្លួនចេញ ដើម្បីសុវត្ថិភាព

វ៉ាស៊ីនតោន ៖ ក្រសួងការ បរទេសអាមេរិក បានប្រកាស កាលពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ ២០១៥ ថា ខ្លួនបាន អនុញ្ញាតឲ្យបុគ្គលិក ដែលបម្រើការងារមិនសូវចំបាច់ ព្រមទាំងសមាជិកគ្រួសារ របស់មន្ត្រីទូតអាមេរិក ប្រចាំនៅ ប្រទេសម៉ាលី ភៀសខ្លួនចេញពីប្រទេសអាហ្វ្រិកមួយនេះ ជា បណ្តោះអាសន្ន ដើម្បីការពារខ្លួនពីការវាយ ប្រហារដោយអំពើភេរវកម្មណាមួយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ នេះទៀតថា ស្ថានទូតអាមេរិក ប្រចាំ ទីក្រុង បាម៉ាកូ នឹងផ្តល់នូវសេវាថ្នាក់ស្ថានកុងស៊ុល ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ទាំងអស់ ដើម្បីប្រឹក្សា និង ធ្វើលិខិតស្នាម ផ្សេងៗ ហើយក្រសួងការបរទេស ទុកសិទ្ធិឲ្យគ្រប់គ្នាសម្រេច ថា តើត្រូវចាកចេញ ឬ ក៏ស្នាក់នៅបន្តក្នុងប្រទេស ម៉ាលី ដើម្បីសុវត្ថិភាពរបស់ខ្លួនពួកគេនោះ។

គួរបញ្ជាក់ផងដែរថា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីព្រមានមួយជាសាធារណ អំពីបញ្ហាអសន្តិសុខ ដែលកាន់តែរីករាលដាលយ៉ាងអាក្រក់ នៅប្រទេសម៉ាលី ហើយក្នុងនោះ ក៏ធ្លាប់មានការវាយប្រហារដោយ អំពើភេរវកម្មកើតឡើង ក្នុងប្រទេស ជាពិសេសក៏រួមបញ្ចូល ទាំងរដ្ឋធានី បាម៉ាកូ ផងដែរ។

កាលពីខែមុននេះ ខ្មាន់កាំភ្លើង បានវាយប្រហារសណ្ឋាគារដ៏ប្រណិតមួយក្នុងទីក្រុង បាម៉ាកូ ដែលបាន បណ្តាលឲ្យមនុស្សចំរុះជាតិសាសន៍ ២០នាក់ស្លាប់ ក្នុងនោះ មានជនជាតិ អាមេរិក ម្នាក់។ ក្រសួងការបរទេស បានអំពាវនាវឲ្យជនជាតិអាមេរិកទាំងអស់នៅម៉ាលី ត្រូវចៀស ចេញឲ្យឆ្ងាយពីតំបន់ណា ដែលមានមនុស្សម្នា កកកុញ៕

ស្ថានទូតអាមេរិក នៅម៉ាលី ស្នើឲ្យបុគ្គលិក មួយចំនួន ភៀសខ្លួនចេញ ដើម្បីសុវត្ថិភាព