ចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​បង្ហាញថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ នៅក្រោម​ឥទ្ធិពល​នយោបាយ​

​ថ្មីៗ​នេះ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ កោ វណ្ឌី បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ជា​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឬ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់លោក សម រង្ស៊ី និង​ឈ្មោះ អ៊ុង ជុង​លាង ជំនួយការ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា ព្រោះ​ករណី​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ មិនឃើញ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​វែកមុខ​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​សំណុំរឿង​លោក សម រង្ស៊ី និង​លោក ហុង សុខ​ហួរ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​យ៉ាង​តក់ក្រហល់ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា ប្រព័ន្ធតុលាការ​បច្ចុប្បន្ន​មិន​ឯករាជ្យ​ឡើយ​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការចេញ​ដីកាចាប់ខ្លួន​មន្ត្រី​គណបក្ស​២​រូប​បន្ថែមទៀតថា ជា​រឿង​នយោបាយ​និង​ជាការ​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥​ថា ការចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ ជាការ​សរ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន​មិន​ឯករាជ្យ ធ្វើការ​ក្រោម​ឥទ្ធិពល​នយោបាយ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​បញ្ជាក់ថា​«​ការចាប់ខ្លួន​និង​ចេញ​ដីកាចាប់ខ្លួន​សកម្មជន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ស្របពេល​ដែល​រឿង​អយុត្តិធម៌​ជាច្រើន​បានកើត​មានមក​លើ​គណ​បក្សប្រឆាំង​ដូចជា​រឿង អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងអស់​ជារួម​មិនមែនជា​ករណី​ដាច់ដោយឡែក​នោះទេ​»​។

លោក យឹម សុវណ្ណ បាន​រំលឹក​ទៀតថា​«​យើង​មើលឃើញ​ចាប់តាំងពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​មក​នោះ ដំណើរការ​នៃ​ការចាប់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​ដាក់​ក្នុង​ពន្ធនាគារ រហូតដល់​ព្រឹត្តិការណ៍​ចុងក្រោយ​តាំងពី​រឿង វាយ​អ្នកតំណាងរាស្ត្រ រឿង​អី​គឺ​វា​នៅក្នុង​កញ្ចប់​នៃ​ការគាបសង្កត់​ទ្រង់ទ្រាយ​ធំ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ​យើង​រំពឹងថា ដោះ​គឺ​ត្រូវតែ​ដោះស្រាយ​រួម​ទាំងមូល​តែម្តង បើសិន​ជាមាន​ការគោរព​ច្បាប់​មិនមែន​បួនដប់​ម្ភៃ​នាក់ វាយ​អ្នកតំណាងរាស្ត្រ ហើយ​ចេញ​សារភាព​៣​នាក់ បួនដប់​នាក់​ទៀត​ជាប់​ក្នុង​កាមេរ៉ា​ហើយ​មិនដឹង​ជា​នៅ​កន្លែង​ណា​? រឿង​ទាំងអស់នេះ​គឺ​រឿង​នៅលើ​តុលា​ការដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​»​។

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​គាំទ្រ​ទស្សនៈ​របស់លោក យឹម សុវណ្ណ ដែលថា​ប្រព័ន្ធតុលាការ​កម្ពុជា​បច្ចុប្បន្ន​មិន​ឯករាជ្យ ហើយ​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ​។ ជាក់ស្តែង​សំណុំរឿង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានតែ​ជនដៃដល់​៣​នាក់​ប៉ុ ណ្ណោះ​ចេញមុខ​សារភាព ក្រៅពីនេះ​សមត្ថកិច្ច​និង​តុលា​ការមិន​វែកមុខ​ពួកគេ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​ជា​បន្តបន្ទាប់​ក្នុងការ​ចាប់ខ្លួន​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក៏ដោយ​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​លើ​ប្រព័ន្ធតុលាការ​កម្ពុជា​បច្ចុប្បន្ន ដែល​ស្ថិតក្រោម​ឥទ្ធិពល​គណបក្សកាន់អំណាច​៕

OLYMPUS DIGITAL CAMERA

12189171_1034486626584665_5482711350624249331_n-300x225 27102015190939sgg