សាលា​ដំបូង​សាកសួរ​​អង្គរក្ស​៤នាក់​របស់​ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​លី សុខ​លេង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ២០១៥ នេះ បាន​​បន្ត​សាកសួរ​អង្គរក្ស​៤​នាក់​របស់​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​សមគំនិត ពាក់​ព័ន្ធ​ការ​បាញ់​​សម្លាប់​លោក​ឧកញ៉ា ​អ៊ឹ​ង ម៉េ​ង​ជឺ ដោយ​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​០៥ ធ្នូ ២០១៤ ។

ហេតុការណ៍​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ កក្រើក​រាជធានី​ភ្នំពេញ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​១៨​នាទី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ខណៈ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​​ឡោ តិច​សេង ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

យោង​តាម​មាត្រា​២០០ និង​២៩ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញ​ថា ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិនបើ​តុលាការ​ឃើញ​ថា មាន​ពិរុទ្ធភាព​ដូច​ការ​ចោទប្រកាន់​មែន ។

ប្រភព​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា អង្គរក្ស​ទាំង​៤​នាក់​នេះ មានឈ្មោះ​សៀង វាសនា អាយុ​៤៤​ឆ្នាំ ជា​ជន​ដៃដល់ ជា​យោធា បម្រើ​ការ​នៅ​ង​៧០ មានស្រុក​កំណើត​សង្កាត់​លេខ​៥ ក្រុង​តា​ខ្មៅ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្លៀត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានកូន​២​នាក់ ។ ឈ្មោះ​មាស សម្បត្តិ ហៅ​ទូច អាយុ​២៧​ឆ្នាំ ជា​យោធា បម្រើ​ការ​នៅ​ង​៧០ មានស្រុក​កំណើត​ឃុំ​មេ​ញ ស្រុក​កោះអណ្តែត ខេត្តតាកែវ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា មានកូន​ម្នាក់ ។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ឃាតក​ម្ម​​គិត​ទុកជា​មុន​» ។

ឈ្មោះ​កួយ ចាន់​ថុ​ល អាយុ​២៩​ឆ្នាំ (​អ្នក​មើលផ្លូវ​) ជា​អង្គរក្ស មានស្រុក​កំណើត​នៅ​ភូមិ​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ឧកញ៉ា ​ថោ​ង សា​រ៉ាត់ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានកូន​ម្នាក់​ឈ្មោះ​លី សៅ ហៅ​រី អាយុ​២៨​ឆ្នាំ (​អ្នក​ឌុ​ប​ជន​ដៃដល់​) មានស្រុក​កំណើត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ និង​មាន​ទី​លំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៤៧ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មានកូន​ម្នាក់ ។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។