ពានវាយកូនបាល់ GLF Tep Khunnah Memorial Cup ចាប់ផ្ដើមការប្រកួត

ភ្នំពេញ៖ សប្ដាហ៍ទី២ នៃព្រឹត្តិការណ៍ ITF Men’s Futures ដែលមានឈ្មោះថា ពានរង្វាន់វាយកូនបាល់ GLF Tep Khunnah Memorial Cup 2015 បានដំណើរការប្រកួត ស្វែងរកជើងខ្លាំងជាបន្ដទៀតហើយ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ GLF Open សប្ដាហ៍ទី១ កាលពីចុងសប្ដាហ៍មុនរួចមក ។

ពានរង្វាន់វាយកូនបាល់សប្ដាហ៍ទី២នេះ បានចាប់ផ្ដើមការប្រកួត តាំងពីថ្ងៃទី២៩ ខែវិច្ឆិកាមកម្លេះ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ ខណៈការប្រកួតនេះ គឺធ្វើឡើងនៅលើទីលានវាយកូនបាល់ Cambodia Country Club (CCC) តែមួយគត់ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ ITF Men’s Futures តែងតែបែងចែកការប្រកួតជា ៣សប្ដាហ៍ និង ៣រង្វាន់ផ្សេងៗគ្នា ដើម្បីផ្ដល់ឱកាសឲ្យកីឡាករជាតិ និងអន្ដរជាតិ បានចូលរួមប្រកួតប្រជែង ទៅតាមកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាទទួលបាននូវពិសោធន៍ពីកីឡាករ ដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ៗផងដែរ ។

សម្រាប់សប្ដាហ៍ទី២នេះ ឃើញថា កីឡាករចូលរួមប្រកួត ហាក់មានសមត្ថភាពខ្ពស់ជាងកីឡាករ ចូលរួមប្រកួតសប្ដាហ៍ទី១បន្ដិច ដោយមានកីឡាករជើងខ្លាំងលើពិភពលោកចំនួន ៣២រូប មកពី ១៣ប្រទេសផ្សេងគ្នា ត្រូវធ្វើការប្រកួតលើវិញ្ញាសាវាយទោល និង ៣២រូបផ្សេងទៀត ត្រូវធ្វើការប្រកួតលើវិញ្ញាសាវាយគូ ហើយក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ២រូបចូលរួមផងដែរ ។

ជាមួយគ្នានោះលោក ទេព រិទ្ធិវិទ្ធ បានលើកឡើងពីគោលបំណង នៃការបង្កើតពានរង្វាន់វាយកូនបាល់ ដែលមានឈ្មោះថា GLF Tep Khunnah Memorial Cup នៅក្នុងព្រឹត្តិការណ៍ ITF Men’s Futtures នេះ គឺដើម្បីរំឭកខួបលើកទី២០ នៃការទទួលមរណៈភាពរបស់អតីតកីឡាករ វាយកូនបាល់ឆ្នើមរបស់កម្ពុជា គឺលោក ទេព ឃុនណា ត្រូវជាឪពុកបង្កើតរបស់លោកផ្ទាល់តែម្ដង ៕

ពានវាយកូនបាល់ GLF Tep Khunnah Memorial Cup ចាប់ផ្ដើមការប្រកួត

ពានវាយកូនបាល់ GLF Tep Khunnah Memorial Cup ចាប់ផ្ដើមការប្រកួត