មេខ្យល់ សាង​គ្រោះ​ដល់​ជាតិ​

ភ្នំពេញ: ​ក្រោយ​ពេលដែល​តុលាការ​បានចេញ​ដីកា​តាម​ចាប់ខ្លួន​មក លោក សម រង្ស៊ី បាន​ក្លាយខ្លួនជា​អ្នកនយោបាយ​ដ៏​កំសាក​ម្នាក់ មិន​ហ៊ាន​ប្រឈមមុខ​ទទួលទោស​កំហុស​ឡើយ ដោយបាន​បន្ត​គេចខ្លួន​នៅ​បរទេស​យ៉ាង​អាម៉ាស់ បើ​ប្រៀបធៀប​ជាមួយនឹង​លោកស្រី អ៊ុង​សា​ស៊ូ​ជី មេដឹកនាំ​បក្សប្រឆាំង​នៅ​ភូមា​។​

​តាមពិត នេះ​ជា​ទម្លាប់​មិន​ទទួលខុសត្រូវ​របស់​មេ​បក្សប្រឆាំង​នៅ​កម្ពុជា​ទៅហើយ​។ នៅ​រៀងរាល់​ពេលដែល​បាន​ប្រព្រឹត្តិ​ខុសច្បាប់ លោក សម រង្ស៊ី មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​ជួប​នូវ​បញ្ហា​និ​ទណ្ឌ​ភាព​ទេ តែ​ថែមទាំង​បញ្ចេញ​ចរិត​ដើរ​ញុះញង់​ឲ្យ​បរទេស​ដាក់​សម្ពាធ និង​ផ្តាច់ជំនួយ​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្លួន​ថែមទៀត​។

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅនេះ ទណ្ឌិត​រូបនេះ បាន​ទៅ​បំភ្លៃ​ហេតុការណ៍​ពិត​នៃ​ទោសកំហុស​របស់ខ្លួន ដល់​សមាជិកសភា​សហ​ភាព​អឺ​រុ​ប រហូតដល់​ក្រុម​សមាជិកសភា​ត្រចៀកស​ទាំងនោះ​ជឿ​ស្លុង ហើយ​បែរជា​មក​ដាក់ទណ្ឌកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ តាមរយៈ​ការស្នើ​ឲ្យ​មានការ​ពិចារណា​ក្នុងការ​លុបចោល​ជំនួយ ៤៥០ លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​ប្រទេស ដោយសារតែ​ទណ្ឌិត សម រង្ស៊ី ម្នាក់​ទៅវិញ​។

​ដូច្នេះ វា​គឺជា​រឿង​ដ៏​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ខ្លាំងណាស់​។ ម្យ៉ាងទៀត ការជំរុញ​ឲ្យ​រដ្ឋាភិបាល និង​សភា​កម្ពុជា​ផ្តល់​អភ័យឯកសិទ្ធិ និង​លើកលែង​ការចោទប្រកាន់​លោក សម រង្ស៊ី ពី​សំណាក់​សភា​សហភាព​អឺរ៉ុប  និង​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី នាពេល​កន្លងមក​នោះ គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​ដល់​អធិបតេយ្យ​របស់​ក​ម្ពុ​ជា ដែល​នាំទៅដល់​ការធ្វើ​ឲ្យ​បាត់បង់​នូវ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ យ៉ាងពិត​ប្រាកដ តាមរយៈ​ការបង្គាប់បញ្ជា​ដល់​រដ្ឋ​អធិបតេយ្យ​មួយ ដែល​មិនអាច​រំលោភបំពាន​បានឡើយ​។​

​រាល់​ការលើកលែងទោស ឬ​ការចោទប្រកាន់​ដល់​ជនជាប់ចោទ​ណា​ម្នាក់ នៅក្នុង​សង្គម​ស៊ី​វិ​ល័យ វា​គឺជា​ឆន្ទានុសិទ្ធិ​ផ្តាច់មុខ​រប​ស់​ស្ថាប័ន​តុលាការ​តែប៉ុណ្ណោះ​។ ស្ថាប័ន​រដ្ឋសភា និង​រាជរដ្ឋាភិបាល នៅ​កម្ពុជា​គឺ​ពុំមាន​សិទ្ធិ​លូកដៃ​បង្គាប់បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​របស់​រដ្ឋ​ឡើយ​។​

​ការសម្ដែង​នូវ​ក្តី​ព្រួយបារម្ភ​ចំពោះ​ការវិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​លើកឡើង​ដោយ​ក្រុម​សភា​ប្រទេស​មួយចំនួន​ទាំងនោះ គឺជា​រឿង​ធ្វើឡើង​ដោយ​បុរេវិនិច្ឆ័យ ពុំមាន​មូលដ្ឋាន​អព្យាក្រឹត និង​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​មេដឹកនាំ​បក្សប្រឆាំង​លោក​សម រង្ស៊ី វា​គឺជា​រឿង​ជម្លោះ​ឯកជន​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ ដែលមាន​សាលដីកា​ស្ថាពរ​រួចទៅហើយ​។ ដូច្នេះ​គេ​មិនអាច​មិន​ចាត់​វិធានការណ៍​ច្បាប់​ចំពោះ​ទណ្ឌិត​ណា​ម្នាក់ ដែលជា​អ្នកនយោបាយ​ឲ្យ​រួច​ផុតពី​សំណាញ់​ច្បាប់​បានឡើយ​។​

​កន្លងមក មាន​ប្រទេស​នៅក្នុង​តំបន់​ក្បែរ​កម្ពុជា​បាន​ប្រព្រឹត្តិ និង​រំលោភ​ធ្ងន់ធ្ងរ​បំផុត លើ​បញ្ហា​ប្រជាធិបតេយ្យ​នេះ បើទោះបីជា​ទង្វើ​ហាក់បីដូចជា​សាហាវ ឈានទៅដល់​ការធ្វើ​រដ្ឋប្រហារ​យោធា ដើម្បី​ដណ្តើម​អំណាច​ក្តី ក៏​គេ​មិនដែល​ឃើញ​សភា​សហភាព​អឺរ៉ុប ឬ​សភា​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ឬ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះឡើយ​។

​ចុះ​ហេតុអ្វី​បានជា​នៅ​កម្ពុជា បែរជា​សភា​សហភាព​អឺរ៉ុប និង​សភា​អាស៊ាន ថ្កោលទោស​ទៅវិញ បើ​គ្រាន់តែ​កម្ពុជា ពង្រឹង​គោលការណ៍​នីតិរដ្ឋ របស់​ខ្លួប​នោះ​?
​តើ​វា​ជា​ប្រព័ន្ធ​ថ្កោលទោស​តាមបែប​ស្តង់ដារ​ពីរ (double standard) ឬ​យ៉ាងណា នៅលើ​ពិភពលោក​នេះ​?

​ជារួម ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ គេ​មិនអាច​ធ្វើតាម​ការបង្គាប់​បញ្ជា​របស់​បរទេស​ណា​មួយ​បានឡើយ នៅពេលដែល​ប្រទេស​នោះ បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ ទៅតាម​បទដ្ឋាន​ច្បាប់ ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​របស់ខ្លួន​។

​ម្យ៉ាងទៀត​គ្មាន​ជនណាម្នាក់ អាច​យក​កិច្ចព្រមព្រៀង ឬ​ទ្រឹស្តី​នៃ​វប្បធម៌​សន្ទនា ដើម្បី​ធ្វើជា​ខែល​ទៅ​ជ្រៀតជ្រែក​ស្ថាប័ន​តុលាការ​បានឡើយ​។ ប្រទេស​ត្រូវមាន​ច្បាប់ គ្រួសារ​ត្រូវមាន​វិន័យ បើ​គ្មាន​នីតិរដ្ឋ​ទេ ប្រទេស​នឹង​ក្លាយជា​អនាធិបតេយ្យ​។​

​ប្រជាពលរដ្ឋ​មិនត្រូវ​ការ​មេដឹកនាំ​ដូច​លោក សម រង្ស៊ី ដែល​ញុះញង់​អន្តរជាតិ​ដាក់​ការគាបសង្កត់ និង​ផ្តាច់ជំនួយ​ដល់​ប្រជាពលរដ្ឋ​ឯង​បែបនេះ​ទេ​។ លោក សម រង្ស៊ី ហ៊ាន​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​តែ​អំណាច​របស់ខ្លួន និង​បក្ខពួក ទោះបីជា​ប្រទេស​ត្រូវ​ផ្តាច់ជំនួយ​រាប់រយ​លាន​ដុល្លារ​ក៏ដោយ បែបនេះ គេ​ហៅថា "​បក្ស​សាង​គ្រោះ​ដល់​ជាតិ​"៕​