​ចាប់​ជនសង្ស័យ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង បញ្ជូនទៅ​ឲ្យ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​

​ស្ទឹងត្រែង: ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​១​គ្រឿង ពី​ខេត្ត​ត្បូងឃ្មុំ ចូលមក​ខេត្តស្ទឹងត្រែង ត្រូវបាន​កម្លាំង​នគរបាល ស្រុក​សៀម​បូក ក្រោម​ការបញ្ជា​របស់លោក​ស្នងការ​នគរបាល​ខេត្ត និង​មានការ​សហការ​ជាមួយ នគរបាល​ខេត្ត​ត្បូងឃ្មុំ ស្ទាក់​ចាប់បាន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កោះ​​សំពាយ ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង និង​បាន​បញ្ជូន​ទៅកាន់​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​បន្ត​។​

​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​ឈ្មោះ ទិ​ត្យ ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​អូរឫស្សី​កណ្តាល ស្រុក សៀម​បូក ខេត្តស្ទឹងត្រែង ។​

​ប្រភព​បាន​បន្តថា ចំណែកឯ​ម៉ូតូ ដែល​ជនសង្ស័យ​លួច​នោះ ជា​ប្រភេទ ម៉ាក ហុងដា វ៉េវ អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ លួច​ពី​ភូមិ​គោក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ករណី​លួច​នេះ គឺ​ជនសង្ស័យ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​ត្រូវ​កម្លាំង​នគរបាល ចាប់ខ្លួនបាន កាលពី​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ក្រោយ​ការសាកសួរជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់ សមត្ថកិច្ច​ខាងលើ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​ម៉ូតូ ត្រូវបាន​កម្លាំង​នគរបាល ខេត្តស្ទឹងត្រែង បញ្ជូនទៅ​ឲ្យ​កម្លាំង​នគរបាល ខេត្ត​ត្បូងឃ្មុំ ចាត់​បន្តទៅ តាម​នីតិវិធី​ច្បាប់​៕V​/S

​ចាប់​ជនសង្ស័យ​ម្នាក់ នៅ​ខេត្តស្ទឹងត្រែង បញ្ជូនទៅ​ឲ្យ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​