ក្រសួង​អប់រំ ប្រកាស​ស្រាវជ្រាវ​ករណី​មន្ត្រី​អប់រំ​ខេត្តបាត់ដំបង លួច​ធ្វើលិខិត​បញ្ជាក់​ពី​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប

ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីប្រកាស ពី​ការស្រាវជ្រាវ​ករណី​មន្ត្រី​អប់រំ​ខេត្តបាត់ដំបង លួច​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប​។ សេចក្តីប្រកាស​ដូច្នេះ បន្ទាប់ពី​ការផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១​ធ្នូ អំពី​ដំណឹង ដែល​មន្ត្រី​មន្ទីរអប់រំ ខេត្តបាត់ដំបង លួច​ធ្វើលិខិត​បញ្ជាក់​ការសិក្សា​ឲ្យ​សិស្ស​ធ្លាក់​បាក់​ឌុប ជា​ថ្នូរ​នឹង​លុយ ៦៥០ ដុល្លារ​។​

​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា "​ករណីនេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាបជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្រសួង​បង្កើត​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ភាពមិនប្រក្រតី​នេះ​។ ក្នុងករណី​រកឃើញ​បុគ្គលិក​អប់រំ​ណា​ម្នា​ក់ថា ពិតជា​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង ដូច​បាន​ចុះផ្សាយ​ខាងលើ​ប្រាកដ​មែន​នោះ ក្រុមប្រឹក្សាវិន័យ ក្រសួង​នឹងដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​រដ្ឋបាល​ស្របតាម​ច្បាប់​ស្តីពី​ការអប់រំ ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ស្របតាម​ច្បាប់​ជា​ធរមាន​"​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា "​ក្រសួង​នឹង​ពិនិត្យ​កែសម្រួល​នីតិវិធី និង​ពង្រឹង​បែបបទ​នៃ​ការចេញ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ឡើងវិញ ដើម្បី​ចៀស​វាង​​ករណី​ក្លែងបន្លំ​ខាងលើនេះ កើតឡើង​ជាថ្មីទៀត​"៕