ពាណិជ្ជករ​ក្នុង​វិស័យ​ចម្បងៗ​បារម្ភ​ពី​ផល​ប៉ះពាល់​បើ​ភាព​តានតឹង​នយោបាយ​បន្ត​កើន​ឡើង

ភាព​មិន​ច្បាស់លាស់​នៃ​ស្ថានភាព​នយោបាយ​កម្ពុជា កំពុង​បង្ក​ក្ដី​បារម្ភ​ដល់​ពាណិជ្ជករ​កំពុង​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច ដូចជា វិស័យ​កាត់ដេរ ការ​នាំ​ចេញ​អង្ករ និង​វិស័យ​អចលនទ្រព្យ។ ថ្វី​បើ​មាន​ការ​ព្រួយ​បារម្ភ​ក្ដី អ្នក​រក​ស៊ី​ទាំង​នោះ​អះអាង​ថា ស្ថានភាព​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​ដល់​សកម្មភាព​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅ​ឡើយ។

កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ គ្រា​ដែល​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​បញ្ចប់ ពាណិជ្ជករ​ទាំង​ក្នុង​ស្រុក ទាំង​បរទេស​បាន​សាទរ​ចំពោះ​ការ​ចាប់​ដៃ​គ្នា​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ ក៏ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​ការ​សាទរ​នោះ បរិយាកាស​រក​ស៊ី​នៅ​កម្ពុជា ត្រូវ​វិល​មក​រក​ក្ដី​ព្រួយ​បារម្ភ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ឈាន​ដល់​ភាព​ប្រេះឆា​នៅ​ពេល​ថ្មីៗ​នេះ។

​អស្ថិរភាព​នយោបាយ​នេះ កើត​ឡើង​ក្រោយ​ពី​សមាជិក​សភា​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​វាយ​ដំ​ពី​សំណាក់​បាតុករ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ការ​ចេញ​ដីកា​ចាប់​ខ្លួន និង​ដក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី និង​ការ​ដក​លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា។

​បើ​ទោះ​ជា​មាន​ភាព​ចម្រូងចម្រាស​នេះ​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ក្ដី ក៏​ពាណិជ្ជករ​ក្នុង​វិស័យ​សំខាន់ៗ​នៃ​ខឿន​សេដ្ឋកិច្ច​ជាតិ​អះអាង​ថា ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅ​ឡើយ។

បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​នៅ​ឡើយ។ ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ស្ថាប័ន​អន្តរជាតិ​ស្រាវជ្រាវ​ពី​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម ឈ្មោះ ប៊ី.អិម.អាយ (BMI) ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៥ នេះ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ៤២ លើ ១០០ ក្នុង​សន្ទស្សន៍​ស្ដីពី​ហានិភ័យ​នៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម។

​ចំពោះ​វិស័យ​អចលនទ្រព្យ​ដែល​ជា​ធម្មតា​ងាយ​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​អស្ថិរភាព​នយោបាយ នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី ហ្គ្រុប (Bunna Realty Group) លោក ហិន សុជាតិ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ​មាន​ហានិភ័យ​ណា​មួយ​ដែល​អាច​រាំង​ស្ទះ​ទីផ្សារ​អចលនទ្រព្យ​នោះ​ទេ។

អ្នក​ជំនាញ​ខាង​ទីផ្សារ​អចលនទ្រព្យ​រូប​នេះ​យល់​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​គ្រា​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ នោះ​ទេ៖ «ធៀប​នឹង​ពេល​ក្រោយ​​បោះ​ឆ្នោត​ហើយ រហូត​ដល់​គណបក្ស​ទាំង​ពីរ​ហ្នឹង​ចូល​សភា វា​ដូចជា​មិន​មាន​អី​តានតឹង​រហូតដល់​ដូច​ស្ថានភាព​នៅ​ពេល​ហ្នឹង​ទេ។ ខ្ញុំ​ថា​វា​មិន​មាន​ផល​ប៉ះពាល់​អី​ខ្លាំង ធ្ងន់ធ្ងរ​ដូច​ពេល​ហ្នឹង​ទេ។ ពេល​ហ្នឹង​ដែល​យើង​មើល​ទៅ យើង​ឃើញ​ថា អ្នក​លក់​ហើយ​អ្នក​ទិញ​គាត់​អត់​ហ៊ាន​លក់​អត់​ហ៊ាន​ទិញ ហើយ​រង់ចាំ Observe (អង្កេត) មើល​ទាំង​អស់​គ្នា»

បញ្ហា​នយោបាយ​នេះ​ក៏​មិន​ទាន់​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​ឡើយ​ដែរ ដែល​វិស័យ​នេះ រួម​ចំណែក​ប្រមាណ ៧០% នៃ​ការ​នាំ​ចេញ​សរុប និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជាង ៦០​ម៉ឺន​នាក់។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) លោក ខេន លូ (Ken Loo) លើក​ឡើង​ថា សកម្មភាព​នាំ​ចេញ​សំលៀកបំពាក់ និង​ស្បែក​ជើង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី។ យ៉ាង​ណា​ក៏ដោយ លោក ខេន លូ ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន ប្រសិនបើ​បញ្ហា​នយោបាយ​កាន់​តែ​តានតឹង៖ «រឿង​ព្រួយបារម្ភ​ត្រូវ​តែ​មាន​ព្រួយ​បារម្ភ​ហើយ ខ្លាច​វា​ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង តែ​ដល់​ថ្ងៃ​ហ្នឹង យើង​អត់​ទាន់​ឃើញ​មាន​អី​ប៉ះពាល់​ទេ»

​ងាក​ទៅ​រក​វិស័យ​ស្រូវ​អង្ករ​ដែល​ផ្ដល់​ប្រាក់​ចំណូល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ប្រជាជន​ជាង ៨០% នៃ​ចំនួន​ប្រជាជន​សរុប​វិញ អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ ខេមបូឌា (Amru Rice Cambodia) លោក សុង សារ៉ន ឲ្យ​ដឹង​ថា បរិមាណ​នាំចេញ​អង្ករ​សរុប​នៅ​ឆ្នាំ​២០១៥​នេះ អាច​នឹង​កើន​ឡើង​ដល់​ប្រមាណ ៥០​ម៉ឺន​តោន ច្រើន​ជាង​ឆ្នាំ​២០១៤ ដែល​នាំ​ចេញ​បាន​ប្រមាណ​ជាង ៤០​ម៉ឺន​តោន។ លោក​ថា វិស័យ​នាំចេញ​អង្ករ​កម្ពុជា លូតលាស់​ដោយ​ទទួល​បាន​ទីផ្សារ​ថ្មី​ដូចជា​ប្រទេស​ចិន ជាដើម ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចាស់​ដូចជា​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក មិន​មាន​ការ​កើន​ឡើង​ទេ។

​ទោះបីជា​មិន​ឃើញ​មាន​ផល​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​នេះ​ក្ដី អ្នក​រក​ស៊ី​នាំ​ចេញ​អង្ករ​រូប​នេះ មាន​ប្រសាសន៍​ថា រូប​លោក​កំពុង​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ស្រុក​ដោយ​ក្ដី​ព្រួយ​បារម្ភ៖ «ផល​ប៉ះពាល់​វិស័យ​កសិកម្ម​មក​ដល់​ពេល​ហ្នឹង​ខាង​ខ្ញុំ​អត់​ទាន់​មាន​អី​គួរ​ឲ្យ​កត់សម្គាល់​ទេ។ ការ​វិនិយោគ ឬ​ក៏​ទីផ្សារ​ជា​ធម្មតា​នៅ​តែ​ដំណើរការ​ធម្មតា ប៉ុន្តែ​យើង​មាន​ការ​ព្រួយបារម្ភ​នូវ​ស្ថានភាព​នយោបាយ​ក្នុង​ករណី​មាន​ការ​ផ្លាស់ប្ដូរ​ដោយសារ​តែ​ទីផ្សារ​កសិកម្ម​យើង​ភាគ​ច្រើន យើង​កែច្នៃ​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ក៏​ដូចជា​សហរដ្ឋអាមេរិក។ ខ្ញុំ​រក​ស៊ី​ហ្នឹង​តែងតែ​ធ្វើការ​តាមដាន និង​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​យើង​ផង​ដែរ»

​ភ្លាមៗ​បន្ទាប់ពី​សេរីភាព​នយោបាយ​នៅ​កម្ពុជា រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​មាន​អំណាច​សេដ្ឋកិច្ច​លើ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​គំរាមកំហែង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

​ពាក់ព័ន្ធ​នឹង​ក្ដី​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​នេះ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​លោក ស្រី ចន្ធី យល់​ឃើញ​ថា ក្នុង​រយៈពេល​ខ្លី ភាព​តានតឹង​នេះ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ទេ តែ​ប្រសិនបើ​កម្ដៅ​នយោបាយ​នេះ​នៅតែ​បន្ត​អូស​បន្លាយ​ក្នុង​រយៈពេល​យូរ ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ជាតិ​នឹង​កើត​មាន៖ «បើ​សិន​ជា​ស្ថានភាព​នៅ​តែ​អូស​បន្លាយ​អ៊ីចឹង អាច​ក្រែង​សហគមន៍​អឺរ៉ុប អាម៉េរិកាំង​អី​គាត់​រឹត​បន្តឹង។ អ៊ីចឹង​ទៅ​វា​ពិបាក អាច​ថា ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច អ៊ីចឹង​ហើយ​ក៏​អាច​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ ប្រជាកសិករ​យើង​ដែរ ឆ្នាំ​ក្រោយ​ហ្នឹង»

​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ពី​អស្ថិរភាព​នយោបាយ​នេះ  លោក ស្រី ចន្ធី អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​បញ្ចប់​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់៖ «ទាំង​រដ្ឋាភិបាល ទាំង​គណបក្ស​ជំទាស់​ហ្នឹង​គួរ​តែ ឬ​ក៏​ត្រូវ​តែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្ដារ​ស្ថានភាព​ឡើង​វិញ ប្រសិន​បើ​ជា​រដ្ឋាភិបាល និង​គណបក្ស​ជំទាស់​ហ្នឹង​ប្រាកដ​ជា​យក​ចិត្ត​ទុក​ដាក់​ផល​ប្រយោជន៍​របស់​ជាតិ យក​ចិត្ត​ទុក​ដាក់​អនាគត​របស់​យុវជន​យើង​សម្រាប់​បច្ចុប្បន្ន ក៏​ដូច​ទៅ​អនាគត។ បើ​មិន​អ៊ីចឹង​ទេ គឺ​ថា​យើង​មាន​ការ​លំបាក ពិសេស​ពិបាក​នឹង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​ដែល​ងើប​ឡើង​មក និង​សេដ្ឋកិច្ច​ថ្មីៗ​ទៀត ហើយ​មួយ​ទៀត បើកាលណា​ស្ថានភាព​អ៊ីចឹង យើង​ក៏​ពិបាក​ទាក់ទាញ​វិនិយោគិន​ដែរ។ អ្នក​វិនិយោគ​គាត់​នឹង​បារម្ភ គាត់​នឹង​មិន​ហ៊ាន​មក​រក​ស៊ី​ទេ»

​ថ្វីបើ​ភាព​តានតឹង​នៃ​បញ្ហា​នយោបាយ​បង្ក​ក្ដី​បារម្ភ​ដល់​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ក៏ដោយ ក៏​ពាណិជ្ជករ​ក្នុង​វិស័យ​ចម្បងៗ​ទាំង​នោះ​ហាក់​ដូចជា​មាន​សង្ឃឹម​ថា ស្ថានការណ៍​នយោបាយ​នឹង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ ដោយ​ផ្អែក​លើ​ទម្លាប់​នយោបាយ​របស់​បក្ស​ទាំង​ពីរ​ដែល​តែងតែ​កើត​មាន​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។