កម្លាំងប្រដាប់អាវុធរ​បស់​ជាតិ​ត្រូវគេ​ប្រើប្រាស់ ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ខេត្តកោះកុង​

សំណុំរឿង​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន​របស់​ចិន ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ និង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មិនទាន់មាន​ដំណោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា បាន​រកឃើញថា​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង គឺ​កងកម្លាំងប្រដាប់អាវុធ​ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​នៃ​ជម្លោះដីធ្លី​ក្នុង​ខេត្តកោះកុង និង​នាំ​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស​ផងដែរ​។ ជាមួយគ្នានេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់ថា លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិនបាន​ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​ស្របទៅនឹង​បទបញ្ជា​របស់លោក ហ៊ុន សែន នោះទេ​។

កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់ថា​ភាពយឺតយ៉ាវ​នៃ​ការដោះស្រាយ​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង គឺ​ដោយសារតែ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន និង​ក្រសួងបរិស្ថាន មិន​អនុវត្តន៍​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដូច​សេចក្តីប្រកាស​តាម​បទបញ្ជា​លេខ​០១​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រកឃើញថា កងកម្លាំងប្រដាប់អាវុធ​ដែល​ត្រូវ​ក្រុមហ៊ុន​ឯកជន​ជួល ជាពិសេស​ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា ទទួលបាន​តម្លៃ​ពលកម្ម​ក្នុង​មួយខែៗ​ពី​៣០០​ទៅ​៥០០​ដុល្លារ​អាមេរិក​។ ហេតុនេះហើយ​ទើប​កម្លាំងប្រដាប់អាវុធ​ទាំងនោះ ភ្លេច​តួនាទី​របស់ខ្លួន​ជា​អ្នក​ការពារជាតិ ការពារ​ប្រជាពលរដ្ឋ ហើយ​បែរជា​ចេញមុខ​ការពារ​ក្រុមហ៊ុន​ចិន ដែល​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅវិញ​។

​តាម​របាយការណ៍​រប​ស់​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ហើយ​ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ បាន​បង្ហាញថា​ប្រជាពលរដ្ឋ​ខ្មែរ​៣១៨​គ្រួសារ​ក្នុងស្រុក​គិរីសាគរ និង​ស្រុក​បុ​ទុម​សាគរ បាន​ក្លាយជា​អ្នក​គ្មាន​ផ្ទះសម្បែង បាត់បង់​ដីធ្លី​យ៉ាង​អយុត្តិធម៌​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន​របស់​ចិន បាន​ប្រើ​អំណាច​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​មាត់​ស​មុ​ទ្យ​ឲ្យ​រស់​នៅលើ​កំពូលភ្នំ ហើយ​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​យ៉ាង​គឃ្លើន​។ របាយការណ៍​បានបញ្ជាក់​ទៀតថា​ក្រុមហ៊ុន​យូ​ញៀន​ឌី​វី​ឡុ​ប​មិន​របស់​ចិន មិន​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​តាម​រូបមន្ត​ស្បែក​ខ្លា​ដូច​សេចក្តីប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​រងគ្រោះ​នាំគ្នា​តវ៉ា​តែងតែ​ទទួលរង​នូវ​ការបង្ក្រាប​ពី​កម្លាំងប្រដាប់អាវុធ ដែល​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​៕

82លោក ប៊ុន លើត អភិបាលខេត្តកោះកុង image