មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រង់ចាំ​តាមដាន​មហា​សន្និបាតសភា​តំបន់​អាស៊ី​លើក​ទី​៨ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

​តាម​គម្រោង​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA)​លើក​ទី​៨​ដែលមាន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹងត្រូវ​រៀបចំឡើង​ពីថ្ងៃ​ទី​០៧​ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​រហូតមក​ដល់ពេលនេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បង្ហាញ​ជំហរ​ថា​ចូលរួម​ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយសារតែ​បញ្ហានយោបាយ​មាន​ភាព​តានតឹង​មិនទាន់​ដោះស្រាយ​នៅឡើយ​។ ទន្ទឹមនឹងនេះ​ក្រុមអ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​វាយតម្លៃថា ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​មហាសន្និបាត​ទេនោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​និង​មុខមាត់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​សភា​កម្ពុជា​ជាមិនខាន​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ឲ្យ​ដឹងថា​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​គិតគូរ​ឬ​សម្រេច​ថា​នឹងចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅឡើយ​ទេ​។ ដោយហេតុថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ពី​ភា​ក្សា​មួយ​ឲ្យ​បានច្បាស់លាស់ ដើម្បី​សម្រេច​ថា​តើ​គួរតែ​ចូលរួម​ឬ​មិន​ចូលរួម​ក្នុង​មហាសន្និបាត​សភា​តំបន់​អាស៊ី​នេះ​។ ចំណែក​លោក យឹម សុវណ្ណ កាលពីពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា បញ្ហានយោបាយ​ដែល​មិនទាន់មាន​ដំណោះស្រាយ គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពិបាក​សម្រេចចិត្ត​ចូលរួម​មហាសន្និបាត​នេះ​។ លោក យឹម សុវណ្ណ ដែលជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរនោះ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​រង់​ចាំមើល​ដំណោះស្រាយ​នយោបាយ​លើ​បញ្ហា​អភ័យឯកសិទ្ធិ​លោក សម រង្ស៊ី ការដកហូត​តួនាទី​លោក កឹម សុខា និង​អំពើហិង្សា​លើ​តំណាងរាស្ត្រ​ជាមុនសិន ទើប​សម្រេចចិត្ត​ចូលរួម​។

មន្ត្រី​សង្គម​ស៊ីវិល​ក៏ដូចជា​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​វាយតម្លៃថា ប្រសិនបើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​ទេនោះ គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ កិត្តិយស និង​តម្លៃ​ស្ថាប័ន​សភា​កម្ពុជា ព្រោះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដើរ​ថយក្រោយ ហើយ​អំពើ​រំលោភសិទ្ធិ​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​លើកឡើងថា បញ្ហា​ក្នុងប្រទេស​កម្ពុជា​មួយរ​យៈ​ពេល​ចុង​ក្រោយនេះ ត្រូវបាន​សភា​អឺរ៉ុប​និង​សភា​តំបន់​អាស៊ី​ដឹងឮ​អស់​ទៅហើយ ដូច្នេះ​គណបក្សកាន់អំណាច​និង​រដ្ឋាភិបាល​កម្ពុជា មិនអាច​បិទបាំង​ការពិត​បានទេ​។ ជុំវិញ​បញ្ហា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ព្រោះ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នកបង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​គំរាមកំហែង​លើ​គណបក្សជំទាស់​៕

Cambo_Parliament_AlexKhun_20070712__645x430