តុលាការ កោះហៅ តំណាងប្រជាពលរដ្ឋ ៥នាក់ ចូលរួមសវនាការ ប៉ុន្តែប្រជាពលរដ្ឋ លើកគ្នាជាច្រើននាក់ មកទាមទារ រកយុត្តិធម៌

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែ ធ្នូ ប្រជាពលរដ្ឋជាច្រើនរយនាក់ មកពីភូមិបរឡយ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី មកជួបជុំគ្នា នៅមុខ សាលាដំបូងខេត្តរតនគិរី ដើម្បីទាមទារយុត្តិធម៌ ករណីវិវាទដីធ្លីជាមួយលោក ហ៊ាង សុជាតិ ដែលបានកើតឡើងជាច្រើនឆ្នាំកន្លងទៅ។

បើតាមលោក សុន សាក់ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ប្រាប់ឲ្យដឹងថា ពួកគាត់មកជួបជុំគ្នា មុខតុលាការនៅព្រឹកនេះ គឺបន្ទាប់ពីតំណាងពួកគាត់ចំនួន ៥នាក់ ត្រូវបានតុលាការកោះអញ្ជើញចូលរួមបើកសវនាការ។
លោកថា គោលបំណងរបស់ពួកគាត់ សូមឲ្យស្ថាប័នតុលាការផ្ដល់ភាពយុត្តិធម៌ ព្រោះពួកគាត់រស់នៅលើដីនេះ តាំងពីឆ្នាំ២០០៦-២០០៧មកម្ល៉េះ។ ស្រាប់តែលិចមុខលោក ហ៊ាង សុជាតិ តាមរយៈមេធាវីបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត ដើម្បីទាមទារយកដីមានវិវាទខាងលើ។

ដោយឡែកលោក ឆាយ ធី អ្នកសម្របសម្រួល សមាគមអាដហុក ប្រចាំខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ករណីទំនាស់ដីធ្លីខាងលើនេះ កន្លងមក ប្រជាពលរដ្ឋនៅតំបន់ខាងលើ សុំអន្តរាគមន៍ផ្នែកច្បាប់មកខាងលោក។

លោកបញ្ជាក់ឲ្យដឹងថា សមាគមអាដហុក បានចុះស៊ើបអង្កេតលើទំនាស់ដីធ្លីនៅតំបន់ខាងលើ ព្រមទាំងបានដាក់មេធាវី ការពារក្ដីជូនពួកគាត់ ហើយប្រជាពលរដ្ឋមកធ្វើការតវ៉ានេះ ចំនួន២លើករួចមកហើយ។

តំណាងប្រជាពលរដ្ឋ ចូលរួមសវនាការព្រឹកនេះ (ថ្ងៃទី ០២ ខែ ធ្នួ ឆ្នាំ ២០១៥) មានតែចំនួន៣នាក់ ដោយម្នាក់បានស្លាប់បាត់ទៅហើយ និងម្នាក់ទៀត បានចាកចេញពីភូមិ មិនដឹងទៅរស់នៅកន្លែងណា។ ទោះបីកន្លែងណាក៏ដោយ ការបើកសវនាការក្នុងព្រឹកនេះ មិនទាន់ដឹង លទ្ធផលនៅឡើយទេ ព្រោះមិនអាចទំនាក់ទំនង សុំការបំភ្លឺពីមន្រ្តីតុលាការណាម្នាក់បាន នៅព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥នេះ៕