​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

ភ្នំពេញ: បុណ្យ​ឆ្លងផ្លូវ និង​ស្ពាន​របស់​អ្នកភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ចុងខែ​វិច្ឆិកា កន្លងទៅនេះ បានរៀបចំ​ឡើង តាម​ប្រពៃណី​របស់​ដូនតា​ខ្មែរ ដោយ​ជំនឿ​មុតមាំ ក្នុង​ការបញ្ចៀស​ឧបទ្រពចង្រៃ ហើយ​សុំ​សេចក្តីសុខ​ចម្រើន ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ និង​អ្នក​ឆ្លងកាត់​គ្រប់ៗ​គ្នា​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា អ្នកភូមិ​លាងដៃ ប្រារព្ធ​ពិធី​នេះ​ឡើង ក្រោយពី​ទទួលបាន ផ្លូវ​មួយ​ខ្សែ​ពី អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ប្រវែង ១.៦០០ ម៉ែត្រ បែក​ចេញពី​ផ្លូវ​វង់​ធំ ចូលទៅ​ភូមិ​លាងដៃ​។ ផ្លូវ​នេះ ជា​ខ្សែ​គមនាគមន៍ ដ៏​មាន​សារៈសំខាន់ ហើយ​បម្រើ​ឲ្យ​ភូមិ​ចំនួន​៥ ក្នុង​តំបន់​អង្គរ​គឺ ភូមិ​លាងដៃ ភូមិ​ដូន​ឪ ភូមិ​តា​ប្រុក ភូមិ​សំរោង និង​ភូមិ​ភ្លង់​។​

​មាន​ពិធី​ជាច្រើន ដែល​យើង​សម្គាល់​ឃើញថា ធ្វើ​ពិធី​នេះ ត្រូវបាន​ប្រព្រឹត្ត តាម​ទំនៀម​បុរាណ​គឺ ៖

១)​ពិធី​ប្រុង​ពលី​៖
​ពិធី​ប្រុង​ពលី ត្រូវបាន​គេ​ធ្វើឡើង នៅពេល​រសៀល នៃ​ថ្ងៃ​ចាប់ផ្តើម​ពិធីបុណ្យ​។ នៅ​កន្លែង​ផ្សេងៗ ច្រើន​ហៅថា ក្រុង​ពាលី តែ​អ្នកស្រុក​អង្គរ ហៅ​ពិធី​នេះ​ថា ប្រុង​ពលី មានន័យថា រៀបចំ​សែន​ព្រែ​ន មកពី​ពាក្យ​ថា ប្រុង គឺ​រៀបចំ ឯ ពលី គឺ ការបូជា ថ្វាយ ឬ សែន​ព្រែ​ន​។ គេ​រៀបចំ​ពិធី​ប្រុង​ពលី ដោយ​រៀបចំ​គ្រឿង សំណែន​ផ្សេងៗ មាន​បាយ ទឹក នំ ចំណី​ជាដើម ដើម្បី​សែន​ថ្វាយទៅ ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​ហៅថា ស្តេច​ក្រុង​ពាលី​។ ពិធី​នេះ គេ​ធ្វើឡើង​ក្នុងន័យ សុំ​អនុញ្ញាត​ពី​ម្ចាស់​ទឹក ម្ចាស់​ដី មុននឹង​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​។ គេ​សង្កេតឃើញថា អ្នកស្រុក​អង្គរ ទោះជា​ប្រារព្ធ​កម្មវិធី​បុណ្យ​អ្វី​ក៏ដោយ ក៏​កម្រ​នឹង​លះបង់ ពិធី​ប្រុង​ពលី​នេះ​ណាស់ ដោយសារ​គេ​យល់ថា បើ​មិន​សុំ​អនុញ្ញាត ពី​ម្ចាស់​ទឹក ម្ចាស់​ដី​ទេ កម្មវិធី​ទាំងមូល នឹង​ប្រព្រឹត្តទៅ មិនល្អ​ឡើយ​។​
 
២) លើក​ទង់​៖
​ចប់​ពិធី​ប្រុង​ពលី គេ​ប្រារព្ធ​ពិធី​មួយទៀត គឺ​ពិធី​លើក​ទង់​។ ទង់​ដែល​គេ​លើក គឺ​ទង់ក្រពើ​។ នៅពេល​សាកសួរ​អ្នកស្រុក គាត់​តែង​និយាយ ពាក្យ​សាមញ្ញ​ថា គេ​លើក​ទង់​ដើម្បី​ធ្វើបុណ្យ​។ តាម​ការ​សួរ មាន​មនុស្ស​តិច​ទេ ដែល​ដឹង​ពី​ថា គេ​លើក​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​។ បើ​នឹង​និយាយថា លើក​គ្រាន់តែ​ជា​និមិត្តសញ្ញា​ថា ធ្វើបុណ្យ ហាក់ដូច​មិន​សម ព្រោះ​មានការ​ប្រកូក​ប្រកាស ហៅ​គ្នា​មក​លើក​កន្ទុយ​ទង់ យ៉ាងច្រើន ហើយ​ថែមទាំង មាន​ដាក់​ប្រាក់កាស ក្នុង​ហោប៉ៅ​ទង់​ទៀតផង​។ នៅពេល​លើក មាន​អ្នក​ស្រែក​ហ៊ោ និង​អ្នក​ស្រែក​បន្ទរ យ៉ាង​គគ្រឹក​គ​គ្រែង ដែល​បញ្ជាក់ថា ជា​ពិធី​ពិសេស​លើសពី និមិត្តសញ្ញា​ថា ធ្វើបុណ្យ​។ តែបើ​ស្តាប់​ពាក្យ ដែល​លោក​អាចារ្យ បង្គាប់​ឲ្យ​ថា តាម​ជា​ភាសាបាលី មុននឹង​ព្រលែង​កន្ទុយ​ទង់​នោះ យើង​នឹង​យល់ថា ការលើក​ទង់ គឺ​ដើម្បី​បូជា​ដល់ ព្រះ​ចេតិយ នៅ​នា​ឋាន​តាវត្តិង្ស​។ ក្នុងន័យ​ព្រះពុទ្ធសាសនា ពុទ្ធសាសនិក ជឿជាក់ថា ព្រះ​ចូឡាមណី​ចេតិយ ដែល​តម្កល់​ព្រះ​កេស​ធាតុ របស់​ព្រះពុទ្ធ​ជា​ម្ចាស់ នា​ឋាន​តាវត្តិង្ស​នោះ មាន​ទង់​ប្រភេទ​នេះ ដែល​ពួក​ទេវតា នាំគ្នា​លើកឡើង ចង​ថ្វាយ​ព្រះ​ចេតិយ ក្នុងន័យ​គោរពបូជា​។
​ពុទ្ធបរិស័ទ​ដែលមាន​សទ្ធា​ជ្រះថ្លា កាលណា​មានកម្ម​វិធី​បុណ្យ​អ្វីមួយ ក៏​យក​ទង់​មក​លើក​ជា​តំណាង បូជា​ដល់​ព្រះ​ចូឡាមណី​ចេតិយ​នោះដែរ​។ តាម​សកម្មភាព​នេះ ពុទ្ធបរិស័ទ​យល់ថា នឹង​បានទទួល​បុណ្យ​កុសល​ច្រើន​។ ចំណែក​ការដាក់​ប្រាក់ ក្នុង​ហោប៉ៅ​ទង់​វិញ ក៏​ក្នុងន័យ​ចាប់មគ្គផល ជាមួយ​ម្ចាស់​ទង់ និង​ម្ចាស់​បុណ្យ​ផងដែរ​។ ក្នុង​ព្រះពុទ្ធសាសនា ការ​ត្រេកអរ ឬ​ការចូលរួម​នឹង​អំពើ​ល្អ របស់​អ្នកដទៃ ក៏​ឈ្មោះថា បានធ្វើ​បុណ្យ ហើយ​ទទួលផល​បុណ្យ ដូច​ម្ចាស់​បុណ្យ​ដែរ​។ បន្តិច​ម្តងៗ ពិធី​នេះ​ក៏បាន​ក្លាយទៅជា ទំនៀមទម្លាប់​របស់​ប្រជាជន​ខ្មែរ ជាពិសេស ប្រជាជន​ខ្មែរ នៅ​តំបន់​អង្គរ​សៀមរាប ដែល​តែងតែ​នាំគ្នា ធ្វើ​រាល់​កម្មវិធី​បុណ្យ​ផ្សេងៗ មិនដែល​ខកខាន​។​
 
៣) បួងសួង​៖
​ក្រោយពី​លើក​ទង់​រួចរាល់ គេ​នៅមាន​ពិធី​មួយទៀត គឺ​បួងសួង​។ បួងសួង ជាការ​ប្រកូក​ប្រកាស ហៅ​អស់​ទេពនិករ​ទាំងឡាយ មកជា​កសិណសាក្សី នៃ​ពិធីបុណ្យ​។ ពិធីបួងសួង​គេ ធ្វើ​នៅ​ពីមុខ​រាន​ពុទ្ធគុណ ដែល​គេ​រៀបចំ នៅ​ទិសឦសាន នៃ​រោងបុណ្យ​។ ស្តាប់​ពាក្យ​បួងសួង​មួយ​ម៉ា​ត់ទៅ គេ​មិនដឹងថា នេះ​ជា​ពិធី​ដែល​បែក​ចេញពី ជំនឿ​សាសនា មួយ​ពិតប្រាកដ​ទេ តែបើ​តាមដាន​ស្តាប់​ពាក្យ​សូត្រ និង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ទៅលើ​ពិធី​យើង សង្កេតឃើញថា ជា​ពិធី​លាយ​ចម្រុះ​គ្នា រវាង​ជំនឿ​ព្រលឹង ដែលជា​ជំនឿ​ដើម របស់​ខ្មែរ បូក​នឹង​ព្រហ្មញ្ញសាសនា រួម​នឹង​ព្រះពុទ្ធសាសនា​ផង​។
​មុនដំបូង អាចារ្យ​ដឹកនាំ​អ្នកចូលរួម​ទាំងអស់ សូត្រ​នមស្ការ​ព្រះ​រតនត្រ័យ តាម​លំនាំ​ព្រះពុទ្ធសាសនា​។ ក្រោយមក ទើប​ចាប់ផ្តើម​សូត្រ​ប្រកាស ហៅ​ពពួក​ទេពនិករ​ទាំងឡាយ​។ ស្តាប់​ពាក្យ​សូត្រ​នេះ គឺមាន​រៀបរាប់​តាំងពី​នាម របស់​ព្រះពុទ្ធ​ជាច្រើន​អង្គ មាន​ព្រះ​ក​ក្កុ​សន្ធោ ព្រះ​កោ​នាគ​មនោ ព្រះ​កស្ស​បោ ជាដើម និង​ឈ្មោះ​របស់​អាទិទេព ក្នុង​ព្រហ្មញ្ញសាសនា គឺ​ព្រះព្រហ្ម ព្រះ​វិស្ណុ និង​ព្រះ​ឥសូរ មិនតែប៉ុណ្ណោះ ពាក្យ​ប្រកាស​ហៅ​នេះ ក៏​ហៅ​ទាំង​ទេព​ព្រ​ក្ស អារក្ខ​អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី ដែលជា​បុព្វបុរស​ខ្មែរ មក​ចូលរួម​ជា​កសិណសាក្សី និង​ជូនពរ​ឲ្យ​កម្មវិធី​បុណ្យ ប្រព្រឹត្ត​ទៅដោយ​រលូន​។​
 
៤) សូត្រមន្ត ឬ​ចម្រើន​ព្រះ​បរិត្ត​៖
​សូត្រមន្ត ឬ ចម្រើន​ព្រះ​បរិត្ត ជា​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​។ មុននឹង​ចាប់​ពិធី​នេះ អាចារ្យ​ដឹកនាំ​ពុទ្ធបរិស័ទ នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល រួចហើយ​ទើប និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត​។ សូត្រមន្ត គឺ​សូត្រ​នូវ​ពុទ្ធមន្ត មានន័យថា ព្រះសង្ឃ សូត្រ​ស្វាធ្យាយ នូវ​មន្ត​គាថា ឬ​ធម៌ របស់​ព្រះពុទ្ធ ដើម្បី​បញ្ចៀស​នូវ ឧបទ្រពចង្រៃ​នានា​ផង ដើម្បី​នាំមក​នូវ​សិរី​សួស្តី​មង្គល សព្វប្រការ​ផង​។ ធម៌​ដែល​ព្រះសង្ឃ​ស្វាធ្យាយ​នេះ ហៅ​ម្យ៉ាង​ទៀតថា ព្រះ​បរិត្ត មានន័យថា ជា​គ្រឿង​រារាំង​ឃាត់ឃាំង នូវ​ទុក្ខ​សោករោគ​ភ័យ​ផ្សេងៗ​។ ចម្រើន​ព្រះ​បរិត្ត គឺ​សូត្រ​ស្វាធ្យាយ​នូវ ព្រះ​បរិត្ត​ហ្នឹងឯង​។​
 
៥) បញ្ចូល​រូប​៖
​ពិធី​មួយទៀត ដែល​អ្នកភូមិ​លាងដៃ ធ្វើ​ក្នុង​ពិធីបុណ្យ​ឆ្លងផ្លូវ​នេះដែរ គឺ​ពិធី​បញ្ចូល​រូប​។ បើ​ពិនិត្យមើល​ជាទូទៅ ហាក់ដូចជា​គ្មាន​ទំនាក់ទំនង អ្វី​សោះ​ជាមួយនឹង​ពិធីបុណ្យ​ឆ្លង​។ តែបើ​ចូលទៅ​ពិនិត្យ ឲ្យ​ស៊ីជម្រៅ​ទៅ ទើប​ឃើញថា បញ្ចូល​រូប​ជា​ពិធី​បន្ថែម ទៅលើ​ពិធីបុណ្យ​ឆ្លង​នេះ​។ ក្រោយពី​ភ្លេង​ប្រគំ​ឡើង អ្នក​ចូល​រូប​គ្រវីគ្រវាត់ ជើងពាន​ដែល​ដាក់​អង្ករ និង​ដោត​ទៀន​ផង បញ្ជាក់ថា រូប​ចូល​ហើយ​។ រូប​ដែល​មក​ចូល​នេះ គឺ​អ្នកតា ដែល​គេ​ជឿថា មាន​ឫទ្ធី​បារមី នៅចាំ​រក្សា​នៅតាម​ប្រាសាទ ព្រៃព្រឹក្សា ភូមិ​ស្រុក​ផ្សេងៗ​។ អ្នក​អង្គុយ​ក្បែរ​ខាង ដែល​ហៅថា កូនចាប ក៏​ចាប់ផ្តើម​សួរ​សំណួរ​ផ្សេងៗ​។ ជាពិសេស គឺ​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង ការរៀបចំ​ពិធីបុណ្យ ដូចជា​សួរថា តើ​ការរៀប​ចំនេះ ត្រឹមត្រូវ​ហើយ​ឬ​នៅ​? កូនចៅ​នឹង​បាន​សុខ​សប្បាយ​ទេ​?​។​ល​។

​លោកតា ពាង ដែលជា​អាចារ្យ ដឹកនាំ​កម្មវិធី​ពន្យល់ថា បើ​អ្នក​ចូល​រូប​បញ្ជាក់ថា មាន​ចំណុច​ខ្វះខាត យើង​នឹង​រៀបចំ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ម្ចាស់​ទឹក ម្ចាស់​ដី​ពេញចិត្ត ហើយ​ត្រឹមត្រូវ ទៅតាម​ទំនៀមទម្លាប់​ខ្មែរ​។​
 
៦) រាប់បាត្រ វេរចង្ហាន់​ដារ​ឆ្លង​៖
​កម្មវិធី​សំខាន់ៗ សម្រាប់​ថ្ងៃទី​១ ត្រូវបាន​បញ្ចប់​ត្រឹម​បញ្ចូល​រូប​។ នៅពេល​រាត្រី មានការ​កម្សាន្ត ដោយ​សម្តែង​រឿង​ម៉ាក់ថឺង និង​រាំលេង​កម្សាន្ត​ធម្មតា​។ ចំណែក​កម្មវិធី​នៅ​ថ្ងៃទី​ពីរ​វិញ បើ​ពិនិត្យ​ឲ្យ​សព្វគ្រប់​ទៅ គឺ​កម្មវិធី ព្រះពុទ្ធសាសនា សុទ្ធសាធ​។ ព្រឹក​ឡើង គេ​នាំគ្នា​ប្រគេន​យាគូ​ព្រះសង្ឃ ស្តាប់​ព្រះធម៌​ទេសនា អំពី​បុណ្យ​ឆ្លង ដាក់​បាត្រ​ព្រះសង្ឃ និង​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល ដល់​បុព្វការី​ជន​ទាំងឡាយ ដែល​បាន​បាត់បង់​ជីវិត​ទៅ​។ ចុងបញ្ចប់​នៃ​កម្មវិធី គឺ​និមន្ត​ព្រះសង្ឃ សូត្រធម៌ ព​ហូ ទេវា ហើយ​ច្រូច​ទឹក ដើម្បី​ឆ្លងផ្លូវ ស្ពាន និង​ឆ្លងបុណ្យ ដែល​គេ​បាន​បំពេញ រយៈពេល​មួយ​យប់ ពីរ​ថ្ងៃ​កន្លងមក​។​

​ប្រពៃណី​របៀបនេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នកស្រុក​អង្គរ នៅតែ​ជាឃ្លាំង​ផ្ទុក នូវ​មត៌ក​វប្បធម៌​ដូនតា​ខ្មែរ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ បើទោះជា​បាន​ឆ្លងកាត់ ដំណាក់កាល​វិវត្តន៍ ជាច្រើន​ជំនាន់​មនុស្ស មកហើយ​ក្តី​។ នេះហើយ​គឺជា​សញ្ញាណ នៃ​ព្រលឹង​ជាតិ​អង្គរ ដែលជា​កេរដំណែល របស់​ដូនតា​ខ្មែរ សម័យ​អតីតកាល​៕V/S

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​

​បុណ្យ​ឆ្លងផ្លូវ អ្នកភូមិ​លាងដៃ បង្ហាញ​អំពី​មត៌ក​រស់ របស់​អ្នកស្រុក​អង្គរ​