សម្តេច​ហេង​សំរិន ប្តឹង​លោក​សមរង្ស៊ី ពីបទ​បរិហាកេរ្តិ៍​តាម​ហ្វេ​ស​ប៊ុ​ក តុលាការ កោះហៅ​លោក​សមរង្ស៊ី ចូលខ្លួន ថ្ងៃទី​៤​មករា

ភ្នំពេញ: តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​។ លោក​សមរង្ស៊ី ត្រូវបាន​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ប្តឹង​ពីបទ បរិហាកេរ្តិ៍ តាមរយៈ​បណ្តេញ​សង្គម facebook កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ដីកា​កោះហៅ​លោក​សមរង្ស៊ី ត្រូវបាន​តំណាង​អយ្យការ លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជ​អាជ្ញារង តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​។ ដីកា​នោះ ត្រូវបាន​គេ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​។​

គេនៅមិនទាន់ដឹងថា លោកសមរង្ស៊ី បានលើកឡើងអ្វីបានជាសម្តេចហេងសំរិន ប្តឹង​យ៉ាង​ដូច្នេះ​ឡើយ។ នៅក្នុង​ហ្វេសប៊ុក​របស់​លោក​សមរង្ស៊ី នាថ្ងៃទី១៦ ថ្ងៃទី១៧ និង​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ២០១៥ គឺ​បាន​លុប​ចោល​នូវ​អ្វី​ដែល​បាន​បង្ហោះ​​នោះ​អស់​រលីង។​

​លោក​សមរង្ស៊ី ក៏​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា កោះហៅ ឲ្យ​ចូល​តុលាការ នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ឆ្លើយបំភ្លឺ​ករណី​បណ្តឹង​សមគំនិត​ជាមួយ​លោក​ហុង​សុខ​ហួរ ក្នុងការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​ក្លែងក្លាយ​ផងដែរ​។

លោក​សមរង្ស៊ី ដែលពេលនេះ កំពុងស្ថិត​នៅក្រៅ​ប្រទេស​ ក៏ត្រូវបានតុលាការ ចេញ​ដីកាចាប់ខ្លួន​ ក្នុងសំណុំរឿង​បរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ក្នុងសំនុំរឿង​ជាមួយ​នឹងលោកហោណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ២០០៨ ផងដែរ៕​

សម្តេច​ហេង​សំរិន ប្តឹង​លោក​សមរង្ស៊ី ពីបទ​បរិហាកេរ្តិ៍​តាម​ហ្វេ​ស​ប៊ុ​ក តុលាការ កោះហៅ​លោក​សមរង្ស៊ី ចូលខ្លួន ថ្ងៃទី​៤​មករា